ដំណាំស្រូវ ពោត សណ្ដែកឆ្នាំនេះ នឹងទទួលបានផលល្អប្រសើរ  តាមរយៈការផ្សងប្រផ្នូល របស់គោឧសភរាជ ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនៅខេត្តតាកែវ

AKP តាកែវ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ — ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ ព្រាហ្មណ៍ព្រះរាជគ្រូ បានទស្សន៍ទាយ ទៅ​តា​ម​ក្បួ​ន​​ច្បាប់ប្រពៃណីពីបុរាណថា ដំណាំ ស្រូវ ពោត សណ្ដែក នឹងទទួលបានផលល្អប្រសើរ ប​ន្ទា​​ប់ ពីការផ្សងរបស់គោឧសភរាជទាំងពីរ បានបរិភោគ ស្រូវបានប្រមាណ៨៥ភាគរយ ពោតបា​ន ប្រមាណ៩០ភាគរយ និងសណ្ដែកបានប្រមាណ៨៥ភាគរយ ក្នុងចំណោមអាហារទាំងប្រាំ​ពី​រ​មុខ រួមមាន ស្រូវ, ពោត, ល្ង, សណ្តែក, ទឹក ,ស្រា និងស្មៅ ដែលដាក់ឱ្យផ្សងប្រផ្នូលនោះ។

ព្រះរាជពិធីបុណ្យទ្វារទសមាស ច្រត់ព្រះនង្គ័លឆ្នាំនេះបាន ប្រារព្ធធ្វើនៅកីឡដ្ឋានគិរីវង់​សុ​ខសែនជ័យ ខេត្តតាកែវ ស្ថិតនៅភូមិត្រពាំងអង្គ សង្កាត់រការក្រៅ ក្រុងដូនកែវ នៅថ្ងៃពុធ ៤​រោ​ច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ក្រោ​មព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះ​​បាទ​សម្តេ​ច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព​សក្ការៈ​ដ៏ខ្ពង់​ខ្ពស់ និងមានការអញ្ជើញចូលរួមពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ស​ម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចក្រឡាហោម ស ខេង ឧប​នា​យ​ក​រដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឥស្សរជនជាន់ខ្ពស់ក្នុងស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រាជ​រដ្ឋា​ភិ​បាល ព្រមទាំងមានការចូលរួមផងដែរពីសំណាក់អង្គទូតនៃបណ្ដាប្រទេសជាមិត្តប្រចាំ​នៅ​កម្ពុ​​ជា និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋ​ជាច្រើន​ពាន់​នាក់​ផងដែរ។

​ក្នុងព្រះ​រាជពិ​ធី​បុ​ណ្យ​ច្រត់​ព្រះនង្គ័លឆ្នាំនេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត​តា​កែ​វ ត្រូវបាន​ព្រះមហាក្សត្រ​កម្ពុជា សព្វ​ព្រះរាជ​ហ​ឫទ័យ​រាជានុញ្ញាតឱ្យធ្វើ​ជា​ស្តេច​មាឃ កាន់​នង្គ័​ល​ទី​២ តំណាង​របស់​ព្រះអង្គ និង​លោកជំទាវ ស្រី ប៉ុណ្ណា​ដាវី ជា​ព្រះ​មេ​ហួ ​។ ​ព្រះរាជ​ពិធី​បុ​ណ្យ​ច្រត់ព្រះនង្គ័ល ជា​ព្រះ​រាជប្បវេណី​ដ៏​សំខាន់ ចាត់ទុក​ជា​វប្បមង្គល​មួយ ដ៏​ប្រសើររបស់​ប្រ​ជា​ពលរដ្ឋ​កម្ពុជា ដែល​មហាក្សត្រ​គ្រប់​ព្រះអង្គ​តែងតែ​ដឹកនាំ​ធ្វើ​ពុំដែល​ខាន តាំងពីបុរាណកាល​រៀង​មក ដែល​ជា​ការ​ប្រកាសប្រាប់​ប្រជាពលរដ្ឋ​នៅ​តាម​ស្រុក​ស្រែ​ចម្កា​រថា ជា​ការចាប់ ផ្តើម​រដូវ​វស្សា​។

គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ជាព្រះរាជប្បវេណីដ៏សំខាន់​ចាត់ទុកជា​វប្ប​មង្គលមួយដ៏ប្រសើរ របស់ប្រជាពលរដ្ឋកម្ពុជា ដែលមហាក្សត្រគ្រប់ព្រះអង្គតែង​តែដឹកនាំ​ធ្វើ​ពុំដែលខាន តាំងពីបុរាណកាលរៀងមក។ ព្រះរាជពិធីនេះកាលពីដើមឡើយតែងតែប្រារព្ធ​ធ្វើ​ឡើង​នៅវាលព្រះមេរុនៅជិតព្រះបរមរាជវាំង តែប៉ុន្មានឆ្នាំចុងក្រោយនេះព្រះរាជពិធីត្រូវ​ព្រះ​ករុ​ណាជាអម្ចាស់ជីវិតលើត្បូង ព្រះរាជានុញ្ញាត ឱ្យធ្វើនៅតាមខេត្តវិញម្តង ដើម្បីឱ្យប្រជា​ព​លរដ្ឋ​ខ្មែរបានចូលរួមក្នុងព្រះរាជបវេណីដ៏សំខាន់មួយនេះ។ កាលពីឆ្នាំ២០១៨ ព្រះរាជពិ​ធីច្រត់​ព្រះ​​នង្គ័ល ត្រូវបានប្រារព្ធធ្វើឡើងនៅក្រុងស្វាយរៀង ខេត្ដស្វាយរៀង។ ជាមួយគ្នានេះ កាលពី​ឆ្នាំ​ទៅ តាមការផ្សង​គោឧសភ​រាជ​ទាំងពីរទៅតាមក្បួនច្បាប់ប្រពៃណីពីបុរាណបានបង្ហាញថា ដំណាំ ស្រូវ ពោត សណ្ដែក ទទួ​លបានផលល្អប្រសើរ ក្នុងនោះគោឧសភរាជទាំងពីរ​បាន​បរិភោគ ស្រូវបានប្រមាណ៩៥​ភាគ​រយ ពោត បានប្រមាណ៩៥ភាគរយ និងសណ្ដែកបាន​ប្រមាណ៨០ភាគរយ ក្នុង​ចំណោ​ម​អា​ហារទាំងប្រាំពីរមុខ រួមមាន ស្រូវ, ពោត, ល្ង, សណ្តែក, ទឹក, ស្រា និងស្មៅ ដែលដាក់​ឱ្យ​ផ្សង​ប្រផ្នូល​នោះ៕

ដោយ ជឹម ណារី