ក្រសួងបរិស្ថាន ប្រារព្ធទិវាជីវចម្រុះលើកទី៦ ក្រោមប្រធានបទ ជីវចម្រុះរបស់យើង អាហាររបស់យើង សុខភាពរបស់យើង នៅខេត្ដមណ្ឌលគិរី

AKP មណ្ឌលគិរី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ — អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៃក្រសួងបរិស្ថាន ដោយសហការ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋបានប្រារព្ធ ទិវាជីវ​ចម្រុះលើកទី៦ ក្រោមប្រធានបទ ជីវចម្រុះរបស់យើង អាហាររបស់យើង សុខភាបរបស់យើង នៅក្នុងខេត្ដមណ្ឌលគិរី នាថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០១៩។ នេះបើយោងតាមការចេញផ្សាយ របស់​ក្រសួងបរិស្ថាន។

លោកស្រី ចាន់ សុម៉ាលី អគ្គលេខាធិការរងនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្នុងនាមជាតំណាងជនបង្គោលនៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវចម្រុះបានបញ្ជាក់ថា កម្ពុជាបានចូលជាសមាជិកនៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ(UN-CBD) នៅឆ្នាំ ១៩៩៥។ លោកស្រីបានបន្ដថា ក្នុងនាមជាប្រទេសហត្ថលេខី និងស្ថាប័ន បង្គោល ក្នុងការ​អនុវត្ត​អនុសញ្ញាសហប្រជាជាតិ ស្តីពីជីវចម្រុះ ក្រសួងបរិស្ថានមានកាតព្វកិច្ចរៀបចំពិធីអបអរ​សាទរទិវាជីវចម្រុះអន្តរជាតិប្រចាំឆ្នាំ២០១៩នេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តា ស្ថាប័ន ប្រជាសហគមន៍ អង្គការ ដៃគូជាតិ-អន្តរជាតិ និង បណ្តាអ្នកពាក់ព័ន្ធសំដៅលើក​កម្ពស់ការគ្រប់គ្រងនិងការអភិរក្សធនធានជីវចម្រុះនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និង ជា​ឱកាសសម្រាប់ផ្សព្វផ្សាយ ដល់សាធារណជនឱ្យកាន់តែយល់ដឹងពីតម្លៃនៃជីវចម្រុះ និង ប្រព័ន្ធអេកូឡូស៊ី ដែលមិនអាចខ្វះបាន។ឯកឧត្តម ជា សំអាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា គោល​បំណងនៃប្រធានបទទិវាឆ្នាំនេះ គឺដើម្បីបង្កើន និងពង្រីកការយល់ដឹងអំពីការពឹងអាស្រ័យលើ ប្រព័ន្ធម្ហូបអាហារ អាហារូបត្ថម្ភ និងសុខភាពរបស់យើងអាស្រ័យលើជីវចម្រុះ និងប្រព័ន្ធ អេកូឡូ​ស៊ីដែលមានសុខភាពល្អ។ ឯកឧត្តមបន្ដថា​ ប្រធានបទទិវា ឆ្នាំនេះក៏អបអរសាទរ​ពីភាពសម្បូរបែបដែលផ្តល់ដោយប្រព័ន្ធធម្មជាតិរបស់យើង សម្រាប់ជីវិតមនុស្ស និងសុខុ មាលភាពនៅលើផែនដីហើយក៏ចូលរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ ដោយចីរភាព ផ្សេងៗ ទៀត រួមទាំងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការបន្សាំ ការស្តារ ប្រព័ន្ធអេកូឡូស៊ី ទឹកស្អាត និងការ បំបាត់សេចក្តីស្រេកឃ្លានជាដើម។

យោងតាមការសិក្សា​ស្រាវជ្រាវបានបង្ហាញថា​ ពិភពលោកនេះ​បាន និងកំពុងពឹង​ផ្អែកលើ​ជីវៈចម្រុះ​ និង​សេវាកម្មអេកូឡូស៊ីធម្មជាតិ​ សម្រាប់ការផលិត​ស្បៀង និងចំណីអាហារ​​ជាច្រើន ដោយសារតែប្រភេទដំណាំ និង​សត្វចិញ្ចឹម​រាប់ពាន់ប្រភេទ​ ​បាន​និងកំពុងបង្កាត់ពូជ​​​ចេញពី ធនាគារ​ពូជ ដែលបានអភិរក្សពូជដើម។ ជាមួយគ្នានេះ ជីវចម្រុះក៏ត្រូវ​បាន​ទទួល​ស្គាល់ថា​ជា​ផ្នែកមួយដ៏សំខាន់នៅ​ក្នុង​ការ​ផលិត​ស្បៀង​អាហារពិភពលោក។ ម្យ៉ាងវិញទៀត ការ​ផ្គត់ផ្គង់នានា និង​សុវត្ថិភាព​ទឹក​ស្អាត ក៏​បាន​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ជីវចម្រុះ​តាម​រយៈ​​មុខងារ​របស់ប្រព័ន្ធអេកូ ឡូស៊ី​​ដែល​បានជួយ​ដល់ការ​កាត់បន្ថយការបំពុលទឹក  ​ធ្វើ​និយ័តកម្ម​ទឹក​ជំនន់ ការរក្សា​​គុណភាព ដី ការបន្សុទ្ធ​​ខ្យល់ ការទប់ស្កាត់​ជំងឺ​ឆ្លង និងការ​ជួយ​បន្ស៊ាំ​ទៅនឹងការ​ប្រែ​ប្រួល​អាកាសធាតុ​​។ល។​ ហើយដែល​ការប្រើប្រាស់សេវាកម្មទាំងនោះ ​វាមាន​តម្លៃ​ទាប​ជាង​ការ​​ប្រើ​នូវបច្ចេកវិទ្យា​ទំនើបទៅ​ទៀត។ លើសពីនេះ ជីវចម្រុះ​ បាន​ផ្តល់នូវ​សម្ភារ និង​សេវាកម្ម​ចាំ​បាច់ សម្រាប់ទ្រ ទ្រង់ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់ប្រជាជន និង​ជា​ប្រភព​នៃ​ឱសថបុរាណ​សម្រាប់​ព្យាបាល​ជំងឺ​ផ្សេងៗ។

ឯកឧត្តមអនុរដ្ឋលេខាធិការបានបន្ថែមថា “យើងត្រូវរួមគ្នាថែរក្សាសម្បត្តិធម្មជាតិដ៏មាន​តម្លៃ​ទាំងនេះ សម្រាប់សេដ្ឋកិច្ចជាតិ-សង្គម​ និង​លើក​ស្ទួយ​​ជីវភាព របស់ប្រជាពលរដ្ឋយើង ទាំង​ពេលបច្ចុប្បន្ន និងទៅអនាគត និងសម្រាប់កូនចៅរបស់​យើង​ជំនាន់​ក្រោយៗទៀត”។​ ឯកឧត្តម បានចាត់ទុកថា ការចូលរួមថែរក្សាជីវចម្រុះគឺថែរក្សាប្រភពចំណីអាហាររបស់​យើង នឹងបង្កើន​ចំណូល គ្រួសារ​ថែរក្សាជីវចម្រុះនៅកម្ពុជាគឺមិនត្រឹមតែរក្សាបាននូវលំនឹងធម្មជាតិ ប្រព័ន្ធអេកូឡូ​ស៊ីនៅ​កម្ពុជាទេ គឺចូលរួម​ចំណែក​ដល់ការ​អភិរក្សជីវចម្រុះនៅលើសកលលោកទាំងមូល៕

ដោយ ឡុង ស៊ីវ៉ាន់