រដ្ឋាភិបាលជប៉ុន ប្រកាសប្រគល់គ្រឿងឥស្សរិយយសសម្រាប់និទាឃៈរដូវឆ្នាំ២០១៩ ថ្វាយ សម្តេច នរោត្តម សិរិវុឌ្ឍ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ — គណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលជប៉ុនបានប្រកាសអំពីជនបរទេស ដែលបានទទួលគ្រឿង ឥស្សរិយយសសម្រាប់និទាឃៈរដូវ ឆ្នាំ២០១៩នេះ (Grand Cordon of the Order of the Rising Sun) ក្នុងនោះក៏នឹងថ្វាយសម្តេច នរោត្តម សិរិវុឌ្ឍអតីតឧបនាយករដ្ឋមន្ត្រី និងជាឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើ​យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា សម្តេច នរោត្តម សិរិវុឌ្ឍ អតីតឧបនាយករដ្ឋមន្ត្រី និង ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សិ្ថតក្នុងចំណោមជន បរទេស ដែលត្រូវទទួលគ្រឿងឥស្សរិយយស ចំនួន១៤២រូប ហើយគ្រឿងឥស្សរិយយស Grand Cordon of the Order of the Rising Sun ត្រូវបានថ្វាយសមេ្តច ដើម្បីទទួលស្គាល់​ការរួម​ចំណែករបស់សម្តេច ក្នុងការពង្រឹងទំនាក់ទំនង និងមិត្តភាពរវាងជប៉ុន និងកម្ពុជា។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩៣ នាពេលដែលសម្តេច នរោត្តម សិរិវុឌ្ឍ ត្រូវបាន តែងតាំងជាឧបនាយករដ្ឋមន្ត្រីសម្តេចបានរួមចំណែកក្នុងការជំរុញទំនាក់ទំនងទ្វេភាគីមិនត្រឹមតែក្នុងឋានៈជាឧបនាយករដ្ឋមន្ត្រីប៉ុណ្ណោះទេ តែក្នុងឋានៈជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក៏ដូចជាស្ថាបនិកនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាពផងដែរ។

ជាមួយគ្នានេះដែរ ប្រទេសជប៉ុន និងកម្ពុជាបានឈានដល់ភាពជាដៃគូយុទ្ធសាស្ត្រ នាពេលបច្ចុប្បន្ន គឺអាស្រ័យដោយការលះបង់ឥតឈប់ឈររបស់សម្តេច ចំពោះទំនាក់ទំនង​របស់ប្រទេសយើងទាំងពីរ៕

ដោយ អ៊ុន រិទ្ធី