គម្រោងអគារខុនដូខ្ពស់ៗ កំពុងបណ្ដែតខ្លួន ជាបន្ដបន្ទាប់ក្នុងតំបន់ទួលគោក ក្នុងរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៩ — ទួលគោក កំពុងទទួលបាននូវការវិនិយោគ លើគម្រោងខ្នាតធំ និងអគារខ្ពស់ៗជាបន្តបន្ទាប់ ក្រោយទីតាំងនេះ កំពុងត្រូវបានវិនិយោគិនក្នុង និងក្រៅស្រុក ចាប់អារម្មណ៍វិនិយោគ សម្រាប់ គោលដៅបន្ទាប់ពីតំបន់បឹងកេងកង។

លោក George Hsieh ម្ចាស់គម្រោងខុនដូ The View ក្នុងតំបន់បឹងកេងកង បាន​បញ្ជាក់ថា បន្ទាប់ពីទទួលបានជោគជ័យលើការអភិវឌ្ឍគម្រោងខុនដូ នៅបឹងកេងកងរួចមក បច្ចុប្បន្នក្រុមហ៊ុន បាននិងកំពុងងាកមកសាងសងគម្រោងអគារខុនដូទី២ក្នុងតំបន់ទួលគោក ក្រោយមើលឃើញពីសក្ដានុពលក្នុងទីតាំងនេះ។ លោក George Hsieh ជាប្រធានក្រុមហ៊ុន HoHsin Gevelopment Co.,Ltd និងជាម្ចាស់គម្រោង The View 2 កម្ពស់៣០ជាន់ បានលើក​ឡើងថា តំបន់ទួលគោក នឹងក្លាយជាតំបន់ដ៏មានសក្តានុពលខ្លាំង ដូចទៅនឹងតំបន់បឹងកេង​កងដែរក្នុងពេលអនាគតដ៏ខ្លី ខណៈទីផ្សារខុនដូ អាផាតមិន និងឧស្សាហកម្មអចលនទ្រព្យ​កំពុងមានកំណើនយ៉ាងលឿនបំផុតនៅទីតាំងមួយនេះ។ លោកបន្តថា ការបោះទុនរាប់លាន ដុល្លារវិនិយោគលើគម្រោងខុនដូ The View2 ក្នុងតំបន់ទួលគោកនេះគឺដោយសារតែក្រុមហ៊ុន​ បានសិក្សាឃើញថា តំបន់នេះ នឹងក្លាយជាទីតាំងសក្ដានុពលថ្មីមួយទៀតក្នុងរាជធានី ភ្នំពេញ ខណៈគម្រោងវិនិយោគធំៗមួយចំនួន បាននិងកំពុងពង្រីកខ្លួនមកក្នុងតំបន់នេះ។

កាល​ ពីដើម ខែឧសភានេះ ក្រុមហ៊ុនខ្នាតធំក្នុងស្រុក Royal Group ក៏បានបង្ហាញពីគម្រោង​អភិវឌ្ឍន៍ចម្រុះ ដ៏សំខាន់នៅក្នុងតំបន់ទួលគោក ជាមួយនឹងដៃគូសហការអភិវឌ្ឍន៍អចលនទ្រព្យ Hong Lai Huat ដែលមានទីតាំងនៅប្រទេសសិង្ហបុរី។ គម្រោងខ្នាតធំរបស់ក្រុមហ៊ុន Royal Group នេះ មានឈ្មោះថា រ៉ូយ៉ាល់ផ្លាទីនីម (Royal Platinum) ជាមួយនឹងទំហំនៃការអភិវឌ្ឍចំនួន ១០០.០០០ ម៉ែត្រការ៉េ។ គម្រោងអភិវឌ្ឍន៍នេះ មានប្រភេទផ្ទះ អាផាតមិន ចំនួន ៨៥១ខ្នង និង​ផ្ទះ​ដែលអាចធ្វើពាណិជ្ជកម្មបានចំនួន៥០ខ្នង។ លោក Mark Hanna នាយកផ្នែកហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Royal Group បាននិយាយថា ការអភិវឌ្ឍនេះមានសារៈសំខាន់ ប្រកបដោយ ភាពរីកចម្រើនក្នុងតំបន់ទួលគោក ដែលជាតំបន់ដ៏សម្បូរបែបមួយ នៅចំណុចកណ្តាល ទីក្រុង។ លោកបានបន្ថែមថា “ពួកយើងជឿជាក់ថា ការអភិវឌ្ឍនេះនឹងផ្តល់នូវភាពទំនើប ទាក់ទាញ ក្នុងការរស់នៅដល់ក្រុមគ្រួសារ និងបរិយាកាសធ្វើការងារ សម្រាប់អាជីវកម្មធុន តូច និងមធ្យម ដ៏មានសក្តានុពល ជាមួយនឹងការិយាល័យការងារដ៏ទំនើប”។

គួរបញ្ជាក់ថា ក្រៅពីគម្រោងខាងលើ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន ជីប ម៉ុង គ្រុប ក៏​បានបើកការដ្ឋានសាងសង់អគារពាណិជ្ជកម្មចម្រុះលំដាប់អន្តរជាតិ កម្ពស់៤៥ជាន់ នៅក្នុង​តំបន់​ទួលគោក ជាប់ទៅនឹងស្ពានអាកាសតិចណូផងដែរ៕

ដោយ ម៉ៅ ចរិយា