រ៉ូតារី នៃប្រទេសជប៉ុនប្រគល់អង្ករ១តោន និងភួយចំនួន២០០ ដល់សាខាកាកបាទក្រហមខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ — អង្ករចំនួន១តោន និងភួយ២០០ ត្រូវបានរ៉ូតារីនៃប្រទេសជប៉ុនប្រគល់ជូនសាខាកាកបាទ ក្រហមកម្ពុជាខេត្តសៀមរាប តាមរយៈអង្គការរ៉ូតារីក្លឹបនៅក្នុងប្រទេសកម្ពុជាទុកប្រើប្រាស់ជា អំណោយសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះនៅក្នុងខេត្តសៀមរាប កាលពីព្រឹកថ្ងៃ អង្គារ ៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ក្រោមវត្តមានរបស់លោក ចៅ ម៉ៅមុន្នី សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហម ខេត្តសៀមរាប និងជាប្រធានសាខាពន្ធដារខេត្ត។លោកតំណាងរ៉ូតារីជប៉ុនបានឱ្យដឹងថា រ៉ូតារីតែងតែបានចូលរួមជាមួយចលនាមនុស្ស ធម៌ដោយផ្ទាល់ជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នៅតាមមូលដ្ឋាន ដែលប្រជាពលរដ្ឋទទួលរងគ្រោះដោយគ្រោះធម្មជាតិ អគ្គិភ័យ ចាស់ជរា ជនពិការ កុមារកំព្រា រួមទាំងស្ត្រី និងទារក។ នៅថ្ងៃនេះក្រុមរ៉ូតារីជប៉ុន ក៏បាននាំយកអំណោយសប្បុរសធម៌ជា អង្ករចំនួន១តោន និងភួយចំនួន២០០ ដើម្បីចូលរួមជាមួយសកម្មភាពនៃចលនាកាកបាទ ក្រហមកម្ពុជា ក្នុងការចុះជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះ។

លោកតំណាងរ៉ូតារីជប៉ុនក៏បានបញ្ជាក់ផងដែរថា នៅពេលដែលប្រជាពលរដ្ឋកម្ពុជាជួប នូវទុក្ខលំបាក ក្រុមរ៉ូតារីក៏តែងតែចូលរួមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត តាមរយៈ អង្គការរ៉ូតារីក្លឹប និងនៅតែបន្តចូលរួមកិច្ចសហការជាមួយសាខាកាកបាទក្រហមខេត្ត សៀមរាបផងដែរ។

នាឱកាសនោះ លោក ចៅ ម៉ៅមុន្នី តំណាងឱ្យឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មា ធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក៏ដូចជាប្រជាពលរដ្ឋរងគ្រោះក្នុងខេត្ត សៀមរាប សូមសម្តែងនូវអំណរគុណដល់ទឹកចិត្តដ៏សប្បុរសធម៌ របស់អស់លោកជាបុគ្គលិក រ៉ូតារីជប៉ុន ដែលសបញ្ជាក់ពីទឹកចិត្តដ៏មនុស្សធម៌ចំពោះបងប្អូនប្រជាពលរដ្ឋកម្ពុជាដែលកំពុង ជួបការលំបាក និងជនងាយរងគ្រោះមានជីវភាពខ្វះខាតក្រីក្រ។ កាយវិការដ៏មនុស្សធម៌នេះ គឺជាការចូលរួមក្នុងសកម្មភាពកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។

លោក ចៅ ម៉ៅមុន្នី បានគូសបញ្ជាក់ថា  ដោយតម្រូវការក្នុងការជួយសង្រ្គោះ បងប្អូនរងគ្រោះសាខាកាកបាទក្រហមខេត្ត ក៏បានធ្វើការអំពាវនាវដល់សប្បុរសជនដែលមាន សណ្តានចិត្តសប្បុរសធម៌ ក្នុងការបរិច្ចាគនូវធនធានជាស្បៀងអាហារ សម្ភារ ចូលរួមជាមួយ សាខាកាកបាទក្រហមខេត្ត ដើមី្បមានលទ្ធភាពក្នុងការជួយដល់គ្រួសារជនរងគ្រោះនៅ តាមបណ្តាមូលដ្ឋានទូទាំងខេត្តសៀមរាប។

លោក ចៅ ម៉ៅមុន្នី បានគូសបញ្ជាក់ថា ការបរិច្ចាគនូវធនធានជាស្បៀងអាហារ សម្ភារ ក្នុងស្មារតីលើកកម្ពស់ចលនាមនុស្សធម៌ របស់អង្គររ៉ូតារីក្លឹប និងរ៉ូតារីជប៉ុន ចូលរួមជាមួយ សាខាកាកបាទក្រហមខេត្ត ដើមី្បមានលទ្ធភាពជួយដល់ក្រុមគ្រួសារជនរងគ្រោះដោយ គ្រោះមហន្តរាយនូវគ្រោះធម្មជាតិនៅតាមបណ្តាក្រុងស្រុកក្នុងខេត្តសៀមរាប។ ម៉្យាងទៀតអំ ណោយទាំងនេះ សាខាកាកបាទក្រហមកម្ពុជា និងយកទៅប្រើប្រាស់ផ្តល់ជូន ដល់ដៃបងប្អូនរងគ្រោះ នៅពេលដែលមានកើតគ្រោះមហន្តរាយណាមួយ នៅក្នុងខេត្តសៀមរាប៕

ដោយ ហង្ស សៀក