ប្រមុខរាជរដ្ឋាភិបាលអំពាវនាវឱ្យប្រជាពលរដ្ឋថែរក្សាសន្តិភាព ទប់ស្កាត់សង្គ្រាម និងកុំឱ្យរបបប្រល័យពូជាសាន៍វិលមកកម្ពុជាសារជាថ្មីនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ — ក្នុងថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច​អគ្គ​ម​ហា​សេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សា​ការពារ​ស​ន្តិ​​ភាព ឱ្យបានគង់វង្សជារៀងរហូត ហើ​យ​នាំ​គ្នាទប់ស្កាត់កុំឱ្យសង្រ្គាម និងរបបប្រល័យពូជ​    សា​ស​ន៍​វិលមកកម្ពុជាសារជាថ្មីនៅកម្ពុជា។នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៩ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រីបានសរសេរថា ថ្ងៃទី២០ ឧសភានេះ គឺជា «ទិវាជាតិនៃការចងចាំ» ដែល​រម្លឹ​ក​​ដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលបានកើតឡើងក្នុងរបបប្រល័យពូជសា​សន៍​​ប៉ុលពត (១៧ មេសា ១៩៧៥ -៧ មករា ១៩៧៩)។ សម្ដេចតេជោបានគូសបញ្ជាក់ថា គោលបំណងនៃទិវាជាតិនៃការចងចាំ គឺ​បង្កើត​ឡើងដើម្បីរម្លឹក និងគោរពវិញ្ញាណក្ខន្ធ និងធ្វើ បុណ្យឧទ្ទិសកុសលដល់ជនរងគ្រោះ​ដែ​ល​បាន​ស្លាប់ជាង៣លាននាក់ នៅក្នុងរបបប៉ុលពត ដ៏ឃោរឃៅនេះ។

សម្ដេចតេជោបន្តថា ប្រជា​ព​លរដ្ឋកម្ពុជាភាគច្រើនលើសលុប បានដឹង និង​យល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្ម ដ៏ជូរ​ច​ត់​ដែល​ប្រជាជាពលរដ្ឋខ្មែរមួយប្រទេសបាន​ឆ្លង​កាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និង​ទឹក​ភ្នែក ការកាប់សម្លាប់ បំផ្លិចបំផ្លាញ ការ​ជម្លៀស​ចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការ​បង្ខំ​ឱ្យធ្វើការដូចសត្វ គ្មានពេលសម្រាក ពេលឈឺគ្មានថ្នាំព្យាបាល គ្មានអាហារបរិភោគ​គ្រប់​គ្រា​ន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិ​ប្រជា​ធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិត ដែល​ជា​សិទ្ធិមូលដ្ឋាន មានតាំងពីកំណើត​របស់​មនុស្សក៏គ្មានដែរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី​បា​​ន​​គូសបញ្ជាក់ទៀតថា សព្វថ្ងៃនេះ ក្រោយពីកម្ពុជាមានសន្តិភាពផុតពីសង្គ្រាម គឺពលរដ្ឋរស់​នៅ​សុខ​ស្រួ​លជាមួយក្រុមគ្រួសារ ហើយមានការងារ និងមុខរបបរធ្វើទៅតាមសមត្ថភាព និង​ចំណង់​ចំណូ​លចិត្តរៀងៗខ្លួន ជាមួយនឹងជីវភាពរស់នៅធូរធារសមរម្យ។ សន្តិភាពបានផ្តល់​ឱកាស​គ្រប់​​យ៉ាង ដល់ពលរដ្ឋ   ក្នុង​​ការកសាងសង្គមគ្រួសារ, សហគមន៍ និងប្រទេសជាតិឱ្យកាន់តែ​រីក​ចម្រើន​ឆាប់រហ័ស។ សម្ដេចតេជោក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាការពារសន្តិភាព ឱ្យបាន​គង់វង្ស​ជា​រៀងរហូត ហើយនាំគ្នាទប់ស្កាត់កុំឱ្យសង្រ្គាម និងរបបប្រល័យពូជសាសន៍វិល​មក​កម្ពុជា​សារ​ជា​ថ្មី​។

គួររម្លឹកដែរថា របប​កម្ពុជា​ប្រជាធិបតេយ្យ​ ​ឬ​​ខ្មែរ​ក្រហម​ ​បាន​គ្រប់គ្រង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល៣ឆ្នាំ ៨ខែ និងម្ភៃថ្ងៃ ​ចា​ប់​ពី​ខែ​មេសា​ឆ្នាំ​១៩៧៥ដល់​ខែ​មករា​ឆ្នាំ​១៩៧៩ ដែល​របប​​នេះ​បាន​សម្លាប់​ពល​រដ្ឋ​ខ្មែរ​ជាង ៣លាន​នាក់​ ​ដោយ​ការ​កាប់​សម្លាប់​ ​ធ្វើ​ទារុណ​កម្ម​ ​បង្អត់​បាយ​ ​បង្ខំ​ឱ្យ​ពល​រដ្ឋ​ខ្មែរ​ធ្វើ​ការ​ហួស​កម្លាំង​ជា​ដើម។ ក្រោយថ្ងៃរំដោះ ៧មករាឆ្នាំ១៩៧៩ ពោលគឺចា​ប់​​តាំងពីឆ្នាំ ១៩៨៣មក កម្ពុជាបានប្រារព្ធទិវានៃការចងចាំ ដែលកន្លងទៅត្រូវបាន​គេហៅថា «ទិ​វា​​ចងកំហឹង និងរបបប្រល័យពូជសាសន៍»។ មូលហេតុដែលកំណត់យកថ្ងៃទី ២០ ឧសភានេះ ​ព្រោះ​កាលពីឆ្នាំ១៩៧៣ របបខ្មែរក្រហមបានកំណត់យកថ្ងៃទី២០ ខែឧសភា គឺជាថ្ងៃ​កំណើត​ស​ហករណ៍របស់ខ្លួន នៅតាមតំបន់រំដោះ និងបន្តអនុវត្តន៍រហូតពេលខ្លួន​គ្រប់​គ្រងអំណាច​នៅ​ក​ម្ពុ​​ជា ហើយគោលនយោបាយនេះ ធ្វើឱ្យប្រទេសកម្ពុជាទទួលរងនូវសោក​នាដកម្ម រងទុក្ខ​ខ្លោ​ច​ផ្សា និរាសព្រាត់ប្រាស និងរលាយរលត់ធ្លាក់ដល់ចំណុចសូន្យ។

​ ជាមួយគ្នានេះ សាលាក្តី​ខ្មែរ​ក្រ​​ហម​មួយត្រូវ​បា​ន​​បង្កើត​ឡើង​ក្រោម​ជំនួយ​របស់​អង្គការ​សហ​ប្រជាជាតិ​ កាលពី​ឆ្នាំ​២០០៦​ ​ក្នុង​គោលបំណង​ស្វែ​ង​​​រក​ការពិត ​និង​យុត្តិធម៌ ជូន​ចំពោះ​ប្រជា​ពលរដ្ឋដែលរងគ្រោះ ដោ​យ​ឧក្រិ​ដ្ឋកម្ម​ប្រល័យ​ពូ​ជ​​​សាសន៍​ ឧក្រិដ្ឋកម្ម​សង្គ្រាម ​និង​ឧក្រិ​ដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ ​ដែល​កើត​មាន​ឡើង​ក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យនេះ។ ដោយឡែកបើ​យោងតាមអនុក្រឹត្យស្តី​ពីទិវា​ជា​តិ​​​នៃ​ការចងចាំ ដែលចុះហត្ថលេខាដោយសម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​​មន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ បានសម្រេចថា ត្រូវ​បា​ន​កំណត់យកថ្ងៃទី២០ខែឧសភា ជារៀងរាល់ឆ្នាំ ជា ទិវាជាតិនៃការចងចាំ ដែលជាថ្ងៃបុណ្យ​ជា​តិ​​ផ្លូវការមួយនៃព្រះរាជាណចក្រកម្ពុជា សម្រាប់ជា​ការរម្លឹកដល់ជនរងគ្រោះ និងការឈឺចាប់​ពី​​ឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិប​តេយ្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដ​ល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ដើម្បី  លើក​តម្កើង​​ការគោរពវិញ្ញាណក្ខន្ធ និងការធ្វើ​បុណ្យឧទ្ធិ​ស​ដល់​ជនរងគ្រោះ ដែលបានស្លាប់ក្នុង​​របប​កម្ពុជាប្រជាធិបតេយ្យ លើកតម្កើងការរម្លឹក​ដល់​ជ​ន​​រងគ្រោះ ការស្តារកិត្តិយស និងសេចក្តីថ្លៃ​ថ្នូរ របស់ជនរងគ្រោះ ទោះជានៅរស់ ឬបាន​បាត់​បង់​ជីវិតក៏ដោយ ប៉ះប៉ូវការឈឺចាប់ផ្លូវចិត្ត និង​ផ្នែកសង្គមដល់ជនរងគ្រោះ និងក្រុមគ្រួសារ ចូល​រួម​ក្នុងផ្សះផ្សាជាតិ និងជំរុញឱ្យមានសុខ​ដុមនីយកម្ម ក្នុងសង្គមកម្ពុជា និងលើកកម្ពស់​ការ​ផ្ស​ព្វផ្សាយ និងការយល់ដឹងអំពីអំពើ​ឃោរ​ឃៅ ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ​កុំ​ឲ្យ​កើតមានឡើងសាជាថ្មី។ អនុក្រឹត្យ​របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានកំ​ណត់​យក​ថ្ងៃ​ទី​២​០ ខែឧសភា ជារៀងរាល់ឆ្នាំជា ទិវា​ជាតិនៃការចងចាំនេះ ត្រូវបានកំណត់ ជាថ្ងៃឈប់​សម្រា​ក​​សាធារណៈ ហើយប្រជាពលរដ្ឋគ្រប់​រូប ត្រូវបានផ្ដល់ឱកាស ឱ្យរៀបចំពិធីតាមជំនឿ សាស​នា​ ឬទំនៀមទម្លាប់របស់ខ្លួន ក្នុងគោល​បំណងឧទ្ធិសវិញ្ញាណក្ខន្ធជូនជនរងគ្រោះ៕

ដោយ ជឹម ណារី