រដ្ឋបាលខេត្តព្រះសីហនុ ប្រារព្ធពីធីបុណ្យវិសាខបូជានៅវត្តឥន្ទញ្ញាណ

AKP ព្រះសីហនុ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ — រដ្ឋបាលខេត្តព្រះសីហនុ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ្ធ ព្រះសង្ឃជាច្រើនអង្គ និងនាក់  បានមកជួបជុំគ្នាយ៉ាងច្រើនកុះករ ដើម្បីប្រារព្ធពិធីបុណ្យវិសាខបូជា នៅបរិវេណវត្តឥន្ទញ្ញាណ (វត្តក្រោម) ដែលជាពិធីបុណ្យមួយយ៉ាងធំ ក្នុងព្រះពុទ្ធសាសនា ដើម្បីរម្លឹកដល់ព្រះពុទ្ធ​សមណគោតម នាថ្ងៃពេញបូណ៌មី (​ថ្ងៃ​១៥​​កើត) ខែពិសាខ ដែលជាជំនឿព្រះពុទ្ធសាសនា ជាមហាកុសលដ៏ប្រសើរនោះ ។ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះ សីហនុ បានមានប្រសាសន៍ថា ឆ្នាំនេះក៏មិនខុស​ឆ្នាំមុនដែរ រដ្ឋបាលខេត្តបានរៀបចំប្រារព្ធបុណ្យវិសាខបូជានេះឡើង ធ្វើទៅតាមកម្មវិធី​ប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនាថ្វាយព្រះរតនត្រ័យ សមាទានសីល ប្រកាស​វិសាខ​បូជា​ និងវេរភត្តប្រគេនព្រះសង្ឃ ភត្តានុមោទនា ឧទ្ទិសថ្វាយ​ព្រះរា​ជកុ​សល​  ដើម្បីឧ​ទ្ទិ​​ស កុ​សល​ផលបុណ្យ ដល់គុណបុណ្យព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាពិសេស​សូម​ឱ្យ​គុ​ណ​បុណ្យ​ ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ ជួយថែរក្សាប្រជាពលរដ្ឋកម្ពុជាជួបតែសេចក្តីសុខ  និងការអភិវឌ្ឍ​រីកចម្រើន ។

សូមបញ្ជាក់ថា បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនា ក្នុងចំណោមបុណ្យ​សាសនាដទៃៗទៀត ហើយពិធីបុណ្យនេះ បង្ហាញនូវការគោរព រម្លឹកដល់ព្រឹត្តិការណ៍ធំៗបី  គឺជាថ្ងៃដែល​ព្រះអង្គ​ទ្រ​ង់​បាន​ប្រសូត្រ បានត្រាស់ដឹង និងជាថ្ងៃដែល​ព្រះអង្គបានចូល​បរិនិព្វាន។ ព្រឹត្តិការណ៍នេះ កើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទ​ពេញវង់​ក្នុងខែពិសាខ ដូចគ្នាខុស​តែឆ្នាំ​ប៉ុ​ណ្ណោះ៕

ដោយ ងូ សុមុនី