នាយករដ្ឋមន្រ្ដីនេប៉ាល់ ចង់ឃើញទំនាក់ទំនងប្រជាជន ប្រទេសទាំងពីរកម្ពុជា និង​នេប៉ាល់កាន់តែជិតស្និទ្ធថែមទៀត

AKP  ភ្នំពេញ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ — ឯកឧត្តម ខេ ភី សាម៉ា អូលី (The Rt. Hon’ble K. P. Sharma Oli) នាយករដ្ឋមន្រ្តី  នៃ​សាធារណ​រដ្ឋ សហព័ន្ធប្រជាធិបតេយ្យនេប៉ាល់បានចាត់ទុកការ​ពង្រឹងពង្រីកកិច្ចសហប្រតិ​បត្តិការខាងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និងការវិនិយោគ រវាងកម្ពុជា និងនេប៉ាល់ថាគឺជាកិច្ចការសំខាន់ ដែលត្រូវធ្វើដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជាតិ ដល់ប្រទេសទាំងពីរ។ ជាមួយគ្នានេះ នេប៉ាល់ ចង់ឃើញទំនាក់ទំនងរវាងប្រជាជន ប្រទេស ទាំងពីរកម្ពុជា និងនេប៉ាល់កាន់តែជិតស្និទ្ធ តាមរយៈការផ្លាស់ប្តូរដំណើរទេសចរណ៍គ្នា ទៅវិញ​ទៅមក។ ការលើកឡើងរបស់ឯកឧត្តម  នាយករដ្ឋមន្រ្តី នេប៉ាល់នេះ នៅក្នុងជំនួបពិភាក្សា​ជា​មួយ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា ក្នុងឱកាសដែលឯកឧត្តមនាយក​រដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា តបតាម ការអញ្ជើញរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ខេ ភីសាម៉ា អូលី បានកោតសរសើរចំពោះការរីកចម្រើនលើវិស័យសេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័សរបស់កម្ពុជា  ហើយជីវភាពប្រជាជនបានល្អប្រសើរ ។ ឯកឧត្តមបញ្ជាក់ថា នេប៉ាល់សូមរៀនសូត្រពីកម្ពុជាសម្រាប់យកទៅអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គមរបស់​ប្រទេស​នេប៉ាល់។  ឯកឧត្តមនាយករដ្ឋមន្ត្រីនេប៉ាល់  ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាប្រវត្តិសាស្ត្រ នៃប្រទេសទាំងពីរកម្ពុជា-នេប៉ាល់ ព្រមទាំងបានសាទរចំពោះស្ថាប័ននីតិប្បញ្ញត្តិរបស់ ប្រទេសទាំងពីរ ដែលតែងបានសហការ និងគាំទ្រគ្នាទៅ វិញទៅមកនៅលើវេទិកាអន្តរសភា នានាទាំងក្នុងតំបន់ និងសកលលោក។​ឯកឧត្តមបានចាត់ទុកការពង្រឹងពង្រីកកិច្ចសហប្រតិ បត្តិការខាងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍វប្បធម៌ និងការវិនិយោគ រវាងកម្ពុជា និងនេប៉ាល់ គឺជាកិច្ចការសំខាន់ដែលត្រូវធ្វើដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជាតិនៃប្រ ទេសទាំងពីរ។ ទន្ទឹមនេះ ឯកឧត្តមចង់ឃើញទំនាក់ទំនងរវាង ប្រជាជន ប្រទេសទាំងពីរ​កម្ពុជា និងនេប៉ាល់កាន់តែជិតស្និទ្ធ តាមរយៈដំណើរផ្លាស់ប្តូរទេសចរណ៍ទៅវិញទៅមក។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន  ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការរីករាយចំពោះឯកឧត្តម នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ខណៈដែលឯកឧត្តមដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ ក្នុងនាម រដ្ឋសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រី ក៏បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ  ឯកឧត្តម នាយករដ្ឋមន្រ្តីនេប៉ាល់  និងលោកជំទាវដែលបានមកបំពេញទស្សនកិច្ចជាផ្លូវការ  និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចប្រធានរដ្ឋសភាបានចាត់ទុកវត្តមានរបស់ ឯកឧត្តមនាយករដ្ឋមន្រ្តីនេប៉ាល់ នាពេលនេះ  ពិតជាបានឆ្លុះបញ្ចាំងពីការបន្ត ពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-នេប៉ាល់ ដែល មាន តាំងពីយូរណាស់មកហើយ ឱ្យកាន់តែប្រសើរឡើងថែមទៀត។

សម្តេចប្រធានសភាកម្ពុជាបានលើកឡើងថា កម្ពុជា-នេប៉ាល់ បានភ្ជាប់ទំនាក់ទំនង ការទូត ជាមួយគ្នាតាំងពីដើមទសវត្សឆ្នាំ៦០ តែបានអាក់ខានទៅវិញក្នុងអំឡុងពេលដែលប្រទេសកម្ពុជាធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិល ហើយប្រទេសទាំងពីរក៏បានភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ ក្នុងឆ្នាំ១៩៩៩ បន្ទាប់ពីប្រទេសកម្ពុជាមានការបង្រួបបង្រួមជាតិ និងទទួល បានសុខសន្តិភាពពេញលេញ។   សម្តេចអគ្គមហាពញាចក្រីក៏មានជំនឿមុតមាំថា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាយករដ្ឋមន្រ្តីនេប៉ាល់នេះ  ប្រទេសទាំងពីរនឹងបង្កើននូវកិច្ចសហប្រតិបត្តិការទ្វេភាគីយ៉ាងជិតស្និទ្ធ ដើម្បីឧត្តមប្រយោជន៍រួមនៃប្រជាជាតិទាំងសងខាង។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភាកម្ពុជាបានកោតសសើរ និងគាំទ្រចំពោះរដ្ឋាភិបាលនៃប្រទេសទាំងពីរដែលបានធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីជំរុញលើកកម្ពស់វិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ និងការអភិវឌ្ឍវិស័យកសិកម្ម។ សម្តេចប្រធានបានគូសបញ្ជាក់ថា  កិច្ចសហប្រតិបត្តិការនេះ មិនត្រឹមតែនាំមកនូវផលប្រយោជន៍ដល់ប្រជាជាតិទាំង សងខាងទេ គឺបានរួមចំណែកថែរក្សា ការពារសន្តិសុខ សន្តិភាព នៅក្នុងតំបន់និងសកលលោកនៅក្នុងកាលៈទេសៈ បច្ចុប្បន្នដែលសភាពការណ៍សកលលោក មានការប្រែប្រួលមិន ទៀងទាត់ផងដែរ។

ជាមួយគ្នានេះ សម្តេចពញាចក្រីក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មភាពរបស់ នេប៉ាល់នៅក្នុងវេទិកាអន្តរជាតិនានាដូចជា សន្និសីទអន្តរជាតិស្តីពីគណបក្សនយោបាយ អាស៊ី (អាយកាប់) និងកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក ដែលប្រទេស​នេប៉ាល់ធ្វើជាម្ចាស់​ផ្ទះ កាលពីឆ្នា២០១៨កន្លងទៅប្រកបដោយជោគជ័យ៕

ដោយ ប៉ាល់ សុង