ឯកឧត្តម ស សុខា ក្លាយជាប្រធានសហព័ន្ធប៊ូល និងប៉េតង់កម្ពុជាជំនួសដំណែង​សម្តេចក្រឡាហោម ស ខេង

AKP ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ — ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាត្រូវបានតែងតាំងជាប្រធាន សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា កាលពីថ្ងៃអាទិត្យទី១២ ខែឧសភា ឆ្នាំ២០១៩ ជំនួស​ដំណែងសម្តេចក្រឡាហោម ស ខេង ដែលបានលាឈប់។ ការតែងតាំងនេះត្រូវបាន ធ្វើឡើង ក្រោយសហព័ន្ធរៀបចំសន្និបាតវិសាមញ្ញ សម្រាប់អាណ្ណតិទី៦ ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ការ​ប្រកួត កីឡាប៉េតង់ជើងឯកពិភពលោកផ្នែកយុវជន។ជាមួយគ្នានេះដែរ អង្គសន្និបាត​បានសម្រេចបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនឯកឧត្តម ស សុខា ជាប្រធានសហព័ន្ធ អាណត្តិ​ទី៦ អមដោយអនុប្រធាន ឯកឧត្តម ប៊ូ ជុំសេរី, ឯកឧត្តម អ៊ុក សិទ្ធិជាតិ, លោក ស៊ុម សុជាតិ, លោក ឧកញ៉ា លាង ឃុន និងលោកឧកញ៉ា សុខ ហុង ខណៈឯកឧត្តម សុខ សប្បាយណា ជាអគ្គលេខាធិការ, ឯកឧត្តម ព្រហ្ម ប៊ុណ្ណយី និងលោក សូម៉ៃ សុខគា អគ្គលេខាធិការរង,  លោ​ក​ ណុប ដារ៉ា ជាអគ្គហេរញ្ញិក និងកញ្ញា នូសុវត្ថិ ចាប់វល័ក្ខ រីឯសមាជិកចាស់៤នាក់ផ្សែង​ទៀតត្រូវបានរក្សាទុកដដែល។

ក្នុងឋានៈជាប្រធានសហព័ន្ធប៊ូល និងប៉េតង់កម្ពុជា, ឯកឧត្តម ស សុខា បានប្ដេជ្ញា ចិត្ត​​បន្តពង្រឹង កីឡាប៊ូល និងប៉េតង់កម្ពុជា ដោយបន្តពង្រីកក្លិបឱ្យបានគ្រប់ខេត្ត បណ្ដុះបណ្ដាល សមត្ថភាពគ្រូបង្វឹក ពង្រីក ការប្រកួត ស្វះស្វែងរកមូលនិធិ ដើម្បីទ្រទ្រង់សហព័ន្ធ និងពង្រឹង​វិន័យ​ក្នុងការដឹកនាំឈានទៅជោគជ័យជាបន្តទៀត ជាពិសេសគឺទទួលរៀបចំព្រឹត្តិការណ៍​កីឡា​ប៉េតង់ជើងឯកពិភពលោក ជាលើកដំបូង នាខែវិច្ឆិកា ឆ្នាំ ២០១៩ ឱ្យទទួលបាននូវលទ្ធ​ផល​ដ៏ល្អប្រសើរសម្រាប់ជាតិរបស់ខ្លួនផងដែរ៕

ដោយ ហេង​ ណាលីន