កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ បញ្ចប់គម្រោងគ្រឿងបង្គុំសំខាន់ៗ ខណៈលទ្ធផលជារួមសម្រេចបាន៥០ភាគរយ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ — ពហុកីឡដ្ឋានធំ ឬ Main Stadium នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកំពុងសាងសង់ ត្រៀមទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ បានឈាន ដល់ការបញ្ចប់​គ្រឿង​បង្គុំសំខាន់ៗហើយ ស្របពេលដែលលទ្ធផលជារួមសម្រេចបានប្រមាណ ៥០ភាគរយ។ នេះបើការអះអាងរបស់ឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន​គណៈ​កម្មាធិការជាតិអូឡាំពិកកម្ពុជា នៅក្នុងកម្មវិធីអបអរនៃការបញ្ចប់គ្រឿងបង្គុំសំខាន់ៗ នៃពហុ​កីឡ​ដ្ឋាន កាលពីព្រឹកថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០១៩។ឯកឧត្តម ថោង ខុន បានមានប្រសាសន៍ថា រហូតមកទល់ពេលនេះ​ពហុកីឡដ្ឋានធំ​បាន​ចំណាយពេលសាងសង់២០ខែហើយ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងពី​សាធា​រណ​រដ្ឋ​ប្រជាមានិតចិន ដោយលទ្ធផលសម្រេចបានរួមមាន៖ ការសាងសង់សម្រេចបានលទ្ធ​ផលប្រមាណ៥០ភាគរយ និងការដំឡើងថាសបង្គុំកៅអីបេតុងអង្គុយប្រមាណ ៧០ភាគរយ។ ប៉ុន្ដែសម្ភារ បរិក្ខាសំណង់ សម្រាប់បម្រើការងារសាងសង់គ្រឿងបង្គុំរួម គឺបាននាំចូលមកដល់​ការដ្ឋាន ១០០ភាគរយ នៅសល់តែសម្ភារបំពាក់ និងស្នើសុំបែបបទនាំចូលជាបន្ដបន្ទាប់។ ការ​សាងសង់កីឡដ្ឋានស្ដង់ដារអន្ដរជាតិមួយនេះបានប្រើកម្លាំងពលកម្មសរុបជាង៨០០នាក់ ក្នុង នោះ មានក្រុមការងារជំនាញភាគីចិនប្រមាណ៥៤០នាក់ និងកម្លាំងពលកម្មក្នុង​ស្រុក​៣០០​នាក់។

ឯកឧត្ដមបានបញ្ជាក់ថា ផ្អែកលើផែនការ ការងារក្នុងខែកក្កដាខាងមុខ ថាសកៅអីបេ​តុង​នឹងត្រូវលើកដាក់ចប់សព្វគ្រប់ ហើយនៅខែសីហា គ្រឿងបង្គុំ ធ្នឹមកោងផ្នែកប៉មរាងបាតដៃ ដែលបញ្ជាក់ពីអត្តសញ្ញាណជាតិ និងការគោរព និងរឹតចំណងមិត្តភាព សាមគ្គី ក៏នឹងត្រូវ​សាងសង់រួចរាល់ផងដែរ។ តាមគម្រោងពហុកីឡដ្ឋានធំនឹងត្រូវការពេលសាងសង់​ប្រមាណ​៤០ខែ គឺអាចបញ្ចប់នាចុងឆ្នាំ២០២០។ ឯកឧត្តមបានលើកឡើងថា កម្ពុជាបានស្នើជំរុញ ការ ងារសាងសង់ឱ្យបានលឿនទាន់ពេលវេលា ព្រោះកម្ពុជា ត្រូវការយ៉ាងតិច២ឆ្នាំ ដើម្បីត្រៀម​លក្ខណៈ សម្បត្តិធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣។

សូមបញ្ជាក់ថា ពហុកីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ គឺអាចផ្ទុយអ្នក​ទស្សនា​​ជាង៦ម៉ឺននាក់ ហើយអ្វីដែលពិសេសគឺក្រុមការងារបច្ចេកទេសបានរៀបចំ​ច្រកសុវត្ថិ​ភាព ដោយអាចជម្លៀសអ្នកគាំទ្រទាំងអស់ ក្នុងរយៈពេលត្រឹមតែ៧នាទីប៉ុណ្ណោះ៕

ដោយ ហេង ណាលីន