អគ្គនាយក​គយ ​​​និងរដ្ឋាករកម្ពុជា អញ្ជើញចូលរួមសន្និសីទអគ្គនាយកគយតំបន់​អាស៊ី-ប៉ាស៊ី​ហ្វិក​របស់អង្គការគយ ពិភពលោកលើកទី២០

AKP ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ — ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយក​​​នៃ​​​អគ្គនាយកដ្ឋានគយ​​​និង​​​រដ្ឋាករកម្ពុជា បានអញ្ជើញ​ទៅចូលរួមសន្និសីទអគ្គនាយកគយតំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់អង្គការគយ ពិភព លោកលើក​ទី២០ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នៅក្រុង Cochin រដ្ឋ Kerala ប្រទេសឥណ្ឌា។ កិច្ចប្រជុំនេះដឹកនាំដោយ​លោក​ Pranab Kumar Das អនុ​ប្រធាន​ប្រចាំតំបន់​អាស៊ីប៉ាស៊ីហ្វិក និងជាអគ្គនាយកគយនៃរដ្ឋបាលគយឥណ្ឌាដោយមានការ​ចូលរួម​ពី​សំណាក់​អគ្គនាយកគយ និង​គណៈប្រតិភូ​គយ​នៃ​បណ្តា​ប្រទេស​ជា​សមាជិកនៃតំបន់អាស៊ី​ប៉ា​ស៊ីហ្វិក និង​​​លោក Kunio Mikuriya  អគ្គលេខាធិការដ្ឋាននៃអង្គការគយពិភពលោក ផងដែរ ។លោក Pranab Kuma Das  បានលើកឡើងថា ដើម្បីឆ្លើយតបនឹងការវិវត្តន៍​ និងភាពរីក​ចម្រើនយ៉ាងលឿននៃពាណិជ្ជកម្មអន្តរជាតិបដិវត្តឧស្សាហកម្មទី៤ និងពាណិជ្ជកម្ម​អេឡិច​ត្រូនិក ក្នុងបរិបទ សេដ្ឋកិច្ចឌីជីថល ប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកត្រូវរៀបចំយុទ្ធ​សាស្ត្រ​កំណែទម្រង់របស់ខ្លួនដែលផ្តោតសំខាន់លើផ្នែកសន្តិសុខ និងកិច្ចសម្រួលពាណិជ្ជកម្ម, អនុ​លោម​ភាពនិងការអនុវត្តច្បាប់ និងការកសាងសមត្ថភាព។ លោកបានគូសបញ្ជាក់ពីតួនាទី​សំខាន់របស់បច្ចេកវិទ្យាក្នុងការសម្រួលនីតិវិធីគយនិងបានគូសបញ្ជាក់នូវផ្នែកសំខាន់ៗនៃការងារដែលបានគ្របដណ្តប់ក្រោមប្រធានបទរបស់ WCO សម្រាប់ឆ្នាំ ២០១៩ “ព្រំដែនវៃឆ្លាត​សម្រាប់​​កិច្ចសម្រួលពាណិជ្ជកម្ម ការធ្វើដំណើរ និងការដឹកជញ្ជូន”។
លោកអគ្គលេខាធិការ Kunio Mikuriya ក៏បានគូសបញ្ជាក់ពីយុទ្ធសាស្រ្តនិងគំនិតផ្តួច​ផ្តើមថ្មីៗ​របស់អង្គការគយពិភពលោក ដោយរួមមានដូចជា សន្តិសុខនិងកិច្ចសម្រួលពាណិជ្ជ​កម្ម, ការវាស់វែងលទ្ធផល, ស្វ័យប្រវត្តិកម្មនីតិវិធីគយនិងសហប្រតិបត្តិការគយ, ប្រព័ន្ធគ្រប់​គ្រងហានិភ័យ, និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងនីតិវិធីគយ និងប្រតិបត្តិការគយ ជាពិសេស​ការ​ប្រើប្រាស់ ទិន្នន័យធំ ​(Big Data) ប្រមូលទិន្នន័យ វិភាគទិន្នន័យ ការចែករំលែកផ្លាស់​ប្តូរទិន្នន័យ។

អង្គសន្និសីទបានពិនិត្យ និងពិភាក្សាយ៉ាងផុសផុលលើការងារអាទិភាពមួយចំនួន​រួមមាន គោលនយោបាយ និងការផ្តួចផ្តើមរបស់អង្គការគយពិភពលោក; វឌ្ឍនភាពនៃការ​អនុវត្ត​ផែនការយុទ្ធសាស្ត្រថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ្វិក,​ ការពិនិត្យកែសម្រួលកិច្ចព្រមព្រៀង​អន្តរជាតិស្តីពីសាមញ្ញកម្ម និងសុខដុមនីយកម្មនីតិវិធីគយ, សន្តិសុខនិងអនុលោមភាព, ក្រប​ខ័ណ្ឌ​ស្តង់ដារនៃពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងកាត់ព្រំដែនរបស់ WCO និងការអនុវត្តកិច្ចព្រម​ព្រៀង​ស្ដីពីកិច្ចសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក(WTO TFA)ជាដើម ។​

ឯកឧត្តមបណ្ឌិត គុណ ញឹម បានអញ្ចើញធ្វើបទបង្ហាញពីលទ្ធផលពិភាក្សាស្តីពីពាណិជ្ជ​កម្មអេឡិចត្រូនិកឆ្លងកាត់ព្រំដែនផងដែរ ដែលពាក់ព័ន្ធនឹងវិស័យអាទិភាពរបស់តំបន់អាស៊ី-ប៉ាស៊ីហ្វិក អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា​ក៏បានដាក់ចេញនូវយុទ្ធសាស្ត្រកែទម្រង់ និង​ទំនើបកម្មគយឆ្នាំ២០១៩-២០២៣ ដោយបានប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាក្នុងនីតិវិធីគយ ជា​យុទ្ធសាស្រ្តស្នូលដើមជួយជ្រោមជ្រែងយុទ្ធសាស្ត្រចំនួន៤ទៀតរួមមាន៖ បង្កើនប្រសិទ្ធភាពនៃ​ការ​ប្រមូលចំណូល, ពង្រឹងអនុលោមភាពនិងការអនុវត្តច្បាប់,សហប្រតិបត្តិការគយ និងការ​អភិវឌ្ឍធនធានមនុស្សនិងស្ថាប័ន។ឆ្លៀតនៅក្នុងឱកាសក្នុងសន្និសីទនេះ គណៈប្រតិភូនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ​កម្ពុជា ក៏បានជួបប្រជុំទ្វេភាគីជាមួយរដ្ឋបាលគយនៃប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ៗ​មួយ​ចំនួនដូចជា ប្រទេសឥណ្ឌា, កូរ៉េ, ថៃជាដើម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការងារ​គយ។ ក្នុងជំនួបទ្វេភាគីជាមួយរដ្ឋបាលគយថៃ រដ្ឋបាលគយទាំងពីរបានពិភាក្សា​​​​រកដំណោះ​ស្រាយក្នុងការពន្លឿនបញ្ចប់ការចុះហត្ថលេខាលើអនុស្សរណៈ​យោគយល់​គ្នា​ស្តី​ពីទំនិញឆ្លង​កាត់​រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជណាចក្រថៃ ឱ្យបានឆាប់រហ័ស និងឯកភាពចាប់​ផ្ដើមពិភាក្សាដើម្បីរៀបចំនីតិវិធីគយក្នុងការត្រៀមអនុវត្តការត្រួតពិនិត្យទំនិញ និងអ្នកដំណើរ​ដឹក​ជញ្ជូន​តាមផ្លូវដែក និងការអនុវត្តយន្តការត្រួតពិនិត្យរួមគ្នាតែមួយដង (Single stop inspection) នៅមាត់ច្រកព្រំដែនថ្មី ស្ទឹងបត់-ណងអៀន ដែលគ្រោងបើកដាក់ឱ្យដំណើរការ​នាពេលខាងមុខ៕

ដោយ អ៊ុន រិទ្ធី រូបថត៖ អ៊ុង ហុងលៀង