ព្រះសង្ឃ ពុទ្ធបរិស័ទ និងយុវជនប្រមាណជា៥០០អង្គ និងនាក់ រួមគ្នាឈ្វេងយល់ពីពិធី បុណ្យវិសាខបូជា

AKP សៀមរាប ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ — ព្រះសង្ឃ ពុទ្ធបរិស័ទ និងយុវជនប្រមាណជា៥០០អង្គ/នាក់ បានមកជួបជុំគ្នានៅក្នុង សន្និសីទ មួយ ដែលធ្វើឡើងនៅវត្តរាជបូព៌ ក្នុងក្រុងសៀមរាប ខេត្ដសៀមរាប កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ដើម្បីឈ្វេងយល់អំពីបុណ្យវិសាខបូជា។ ព្រះមហាវិមលធម្ម ពិន សែម សមាជិកថេរសភាសង្ឃព្រះពុទ្ធសាសនាកម្ពុជា  បាន​មាន​សង្ឃដីកាថា វេទិកានេះ ធ្វើឡើងដើម្បីរម្លឹកនឹកដល់ថ្ងៃខួបកំណើតគម្រប់២៦៤២ឆ្នាំ ខួប​នៃការត្រាស់ដឹងគម្រប់២៦០៧ឆ្នាំ និងខួបថ្ងៃចូលព្រះនិព្វានគម្រប់២៥៦២ ឆ្នាំរបស់ព្រះ​សម្មា​សម្ពុទ្ធបរមគ្រូម្ចាស់នៃយើង និងដើម្បីឱ្យប្រជាពុទ្ធបរិស័ទជាពិសេសយុវវ័យខ្មែរបានស្តាប់ និងឈ្វេងយល់ ឱ្យកាន់តែបានច្បាស់ថែមទៀតអំពីសារៈសំខាន់នៃថ្ងៃ​ដ៏នក្ខត្តិឬក្សទាំងបីរបស់​ព្រះសម្មាសម្ពុទ្ឋបរមគ្រូនៃយើងគឺថ្ងៃទ្រង់ប្រសូត្រ ថ្ងៃត្រាស់ដឹង និងថ្ងៃបរិនិព្វាន ដើម្បីជាប្រ​យោជន៍​សម្រាប់យកមកប្រតិបត្តិនិងអនុវត្តក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួន។

លោក អៀង សុធារ៉ា អគ្គនាយកក្រុមហ៊ុនផ្កាឈូក មានប្រសាសន៍ថា​តាំងពីលោក​បានសិក្សាគោលធម៌ដ៏ពិសិដ្ឋរបស់ព្រះពុទ្ធបរមគ្រូមក បានឃើញ និងយល់ពីតួនាទីដ៏សំខាន់ នៃវិស័យឯកជន ក្នុងការទ្រទ្រង់និងផ្សព្វផ្សាយសីលធម៌ពុទ្ធសាសនា បានដើរតួជាគម្រូ​នៅក្នុង​ការទ្រទ្រង់ លើកស្ទួយ និងផ្សព្វផ្សាយ ពុទ្ធសាសនាឱ្យមានការរីកចម្រើនជាខ្លាំង។​ដូច្នេះហើយ​បានជាថ្ងៃនេះ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សហការជាមួយភូមិគ្រឹះ​អប់រំចិត្តផ្កា​ឈូក សាលាខេត្តសៀមរាប ពុទ្ធិកវិទ្យាល័យរាជបូណ៌ និងសមាគមជីវិតនិងក្តីសង្ឃឹម បាន រៀបចំសន្និសីទឈ្វេងយល់អំពីបុណ្យវិសាខបូជា ដើម្បី​ផ្តល់ឱកាសឱ្យពុទ្ធបរិស័ទ ជាពិសេស​យុវជនបាន​ឈ្វេងយល់ឱ្យបានកាន់តែច្បាស់ពីបុណ្យវិសាខបូជា។​

ជាមួយគ្នានេះ ដោយមានព្រះវាគ្មិជាច្រើនបានបង្ហាញពីអភិលក្ខិតសម័យទាំង៣ ថ្ងៃ​ខួបព្រះពុទ្ធទ្រង់ប្រសូត្រ ត្រាស់ដឹង និងថ្ងៃខួបចូលបរិនិព្វាន របស់ព្រះសមណគោត្តម ដែល​ជាព្រះអរហន្តសម្មាសម្ពុទ្ធ បរមគ្រូនៃយើង។

សូមបញ្ជាក់ថា ពិធីបុណ្យវិសាខបូជា គឺជាបុណ្យដ៏ធំមួយ ក្នុងព្រះពុទ្ធសាសនា រាប់​ថាជាពុទ្ធានុស្សរណកិច្ច ដ៏សំខាន់សំរាប់រម្លឹកដល់ព្រះពុទ្ធ សមណគោត្ដមព្រះបរមគ្រូ នាថ្ងៃ​ពេញបូណ៌មី គឺថ្ងៃ១៥កើត ខែពិសាខ ដែលពុទ្ធសាសនិកទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើ​សក្ការបូជាប្រកបដោយជំនឿថា ជាមហាកុសលដ៏ប្រសើរ ។  សម្ដេចព្រះបរមសាស្ដ្រាចារ្យ ទ្រង់ប្រសូតត្រាស់ដឹង និងបរិនិព្វាន សុទ្ធតែក្នុងថ្ងៃពេញបូណ៌មី ខែពិសាខទាំងអស់ ប្លែកតែ​ឆ្នាំប៉ុណ្ណោះ។ សម្រាប់ពិធីបុណ្យនេះ គឺនៅសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះ​កម្ពុជារួមជាមួយប្រទេស​ជាច្រើនទៀតនៅលើពិភពលោកដែលគោរពព្រះពុទ្ធសាសនា នឹងរៀបចំពិធីបុណ្យ​វិសាខ​បូជានេះ៕

ដោយ ឃុត សៅ