មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា សាទរការចុះបញ្ជីលក់មូលបត្របំណុ​លជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិល អូ អិល ​ស៊ី(ខេមបូឌា)

AKP ភ្នំពេញ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ — មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានអបអរសាទរការចុះបញ្ជីលក់មូលបត្រ​បំណុ​លជាផ្លូវ​ការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិល​ស៊ី(ខេមបូឌា) ភីអិលស៊ី។ថ្លែងក្នុងពិធីអបអរសារទរការចុះបញ្ជីលក់មូលបត្របំណុ​លជាផ្លូវការ របស់គ្រឹះ​ស្ថានមី​ក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី(ខេមបូឌា)ភីអិលស៊ី កាលពីព្រលប់ល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នៅសណ្ឋាគារ Great Doke លោកជំទាវ នាវ ច័ន្ទថាណា អគ្គទេសាភិបាលរង​ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា ការបោះផ្សាយ និងលក់មូលបត្របំណុ​ល​របស់គ្រឹះស្ថាន​​មីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី(ខេមបូឌា)ភីអិលស៊ី គឺជាជំហានរីកចម្រើនថ្មីមួយទៀត បន្ថែ​ម​ពីលើមូលនិធិបញ្ញើ និងកម្ចីមូលនិធិរបស់អតិថិជនទាំងក្នុងស្រុក និងក្រៅស្រុក​។ លោកជំទាវ​បានបន្ដថា បច្ចុប្បន្ននេះ មានគ្រឹះស្ថានហិរញ្ញវត្ថុចំនួនពីរហើយ ដែលបានបោះផ្សាយ​លក់​មូលបត្របំណុលរបស់ខ្លួន គឺគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី(ខេមបូឌា)ភីអិលស៊ី និង​គ្រឹស្ថានមីក្រូហិរញ្ញវត្ថុហត្ថកសិករ លីមីធិក ដែលនឹងជួយជំរុញទីផ្សារមូលបត្រ ក៏ដូចជា​ការជួយជំរុញដល់ប្រតិបត្តិការទីផ្សារមូលបត្រអាស៊ាន (ផ្លាស់ស្រ៊ី) និងជួយរួមចំណែក​ដល់​ស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងពន្លឿនសមាហរណកម្មហិរញ្ញវត្ថុក្នុងតំបន់ផងដែរ។ លោកជំទាវបន្ថែមថា ការបោះផ្សាយមូលបត្រជាប្រាក់រៀល គឺបានជួយជំរុញការប្រើប្រាស់​ប្រាក់​រៀលក្នុងសេដ្ឋកិច្ច និងជួយអភិវឌ្ឍន៍ទីផ្សារមូលបត្រឱ្យកាន់តែសកម្មថែមទៀត ដោយ​ស្របតាមយុទ្ធសាស្ត្រវិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយ​គ្នានេះ សមិទ្ធ​ផលថ្មីរបស់គ្រឹះស្ថានហិរញ្ញវត្ថុអិលអូអិលស៊ី ដែលយើងទាំងអស់គ្នាបានចូល​រួមអបអរសាទរនាពេលនេះ គឺកើតឡើងដោយមិនអាចខ្វះបានពីកិច្ចសហការល្អរវា​ង​អាជ្ញាធរ​ពាក់ព័ន្ធទាំងអស់ផងដែរ។ លោកជំទាវអគ្គទេសាភិបាលរងបានលើកឡើងថា សេដ្ឋកិច្ចកម្ពុជា​មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលមួយទស្សវត្សរ៍កន្លងមកនេះ ដោយរក្សាបាន​នូវកំណើនផលិតផលក្នុងស្រុកសរុបជាមធ្យមប្រចាំឆ្នាំប្រមាណក្នុងរង្វង់៧ភាគរយ និងត្រូវ​បានព្យាករណ៍ដោយស្ថាប័នអន្តរជាតិធំៗថានឹងរក្សាបានកំណើនក្នុងរង្វង់៧ភាគរយ នេះបន្ត​ទៀតនាពេលអនាគត។ លោកជំទាវបានបន្ដទៀតថា សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុវិញ ក៏បន្ត​រីកចម្រើនជាលំដាប់ដោយឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃចំនួនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងការពង្រឹងកិច្ចប្រតិបត្តិការរបស់ខ្លួន យ៉ាងទូលំទូលាយរហូតដល់ថ្នាក់ភូមិនៅជនបទ។ ក្រៅពីនេះ ការ​រីកចម្រើននេះបានធ្វើឱ្យកំណើនឥណទានបានកើនឡើងរង្វង់ ៥.៤ប៊ីលាន​ដុល្លារ នៅដំណាច់ឆ្នាំ២០១៨ ដោយទទួលបានចំនួនអតិថិជន ១.៨លាននាក់ និងទំហំទឹក​ប្រាក់​បញ្ញើបានកើនឡើងចំនួនប្រមាណ ២.៥ប៊ីលានដល្លារពីអតិថិជនផ្ញើប្រាក់ចំនួនប្រមាណ ២.១លាននាក់ និងការផ្តល់នូវផលិតផលហិរញ្ញវត្ថុកាន់តែសំបូរបែបជាងមុន​គួបផ្សំនិងការរីក​ចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុផងដែរ។ ទន្ទឹមនេះ ការរីកចម្រើននេះទាមទារឱ្យមានប្រភព​ទុនកាន់តែច្រើន និងមានតម្លៃសមរម្យសម្រាប់ពង្រឹងបន្ថែមនូវអន្តរការីយកម្មហិរញ្ញវត្ថុ​ឱ្យបាន​កាន់តែទូលំទូលាយបន្ថែមទៀត និងស្របតាមតម្រូវការពិតប្រាកដរបស់អ្នកប្រើប្រាស់។ លោកជំទាវបានចាត់ទុក ការបោះផ្សាយមូលបត្របំណុលរបស់អិលអូអិលស៊ីនាពេលនេះ គឺជា​សមិទ្ធផលហិរញ្ញវត្ថុថ្មីមួយទៀត ដែលនឹងរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍ​វិស័យ​ធនាគារ និងហិរញ្ញវត្ថុជាបន្តទៅទៀត និងជាពិសេសជួយគាំទ្រកំណើនសេដ្ឋកិច្ចជាតិ​ប្រកបដោយចីរភាព និងបរិយាប័ន្នផងដែរ។

លោកជំទាវបានលើកឡើងទៀតថា ធនាគារជាតិនៃកម្ពុជា ក្នុងនាមជាអាជ្ញាធរត្រួត​ពិនិត្យ​នៅតែបន្តពង្រឹងក្របខ័ណ្ឌបទបញ្ញត្តិ និងពង្រឹងប្រសិទ្ធភាពនៃការត្រួតពិនិត្យលើ​គ្រឹះ​ស្ថានធនាគារ និងហិរញ្ញវត្ថុដោយការអនុវត្តគោលនយោបាយទន់ភ្លន់ និងប្រុងប្រយ័ត្ន ព្រមទាំង​បើកទូលាយដល់ការផ្តល់សេវាហិរញ្ញវត្ថុរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឱ្យកាន់​តែសម្បូរបែប ដើម្បីបំពេញតម្រូវការរបស់អតិថិជន និងវិនិយោគិន។

តាមរបាយការណ៍របស់លោក សុខ វឿន ប្រធាននាយកប្រតិបត្តិរបស់គ្រឹះស្ថានមី​ក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី(ខេមបូឌា)ភីអិលស៊ី បានឱ្យដឹងថា អិលអូអិលស៊ី(ខេមបូឌា​)​ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្របច្បាប់ ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស​ដោយផ្តោតសំខាន់ទៅលើការបម្រើសេវាដល់សហគ្រិន និងក្រុមគ្រួសារ ដើម្បីផ្លាស់ប្តូរជីវភាព​រស់នៅ។ លោកបន្តថា អិលអូអិលស៊ី ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៤ ហើយបច្ចុប្បន្ន អិលអូអិលស៊ី បានក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេលំដាប់ទី៤ នៅក្នុងប្រទេស​កម្ពុជា។ គិត​ត្រឹមខែមីនា ឆ្នាំ២០១៩ អិលអូអិលស៊ី បាននិងកំពុងបម្រើសេវាដល់អតិថិជន ហើយប្រាក់កម្ចីជាង២៥៣.០០០នាក់ និងអតិថិជនប្រាក់បញ្ញើជាង២៤០.០០០នាក់ តាមរយៈ​បណ្តាញការិ​យាល័យសាខាចំនួន៧៧សាខានៅទូទាំង២៥ ខេត្ត-រាជធានី ជាមួយនឹងផលប័ត្រ​ឥណទានជាង ៥៨៤លានដុល្លារអាមេរិក និងសមតុល្យប្រាក់បញ្ញើជាង ៣០៥លានដុល្លារ​អាម៉េរិក។ លោកបានបន្ដទៀតថា ការរីកចម្រើននេះ បានបង្ហាញថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ត្រូវបានគ្រប់គ្រងប្រកប​ដោយការទទួលខុសត្រូវ ព្រមទាំអធានាផលប័ត្រឥណ​ទានដែលមានគុណភាពខ្ពស់ ជាមួយនឹងហានិភ័យផលប័ត្រឥណទាន០.៩៦ភាគរយ។ លោក​នាយកបានបញ្ជាក់បន្ថែមទៀតថា ការប្រកាសពីការចាប់ផ្តើមលក់មូលបត្រលើផ្សារហ៊ុនកម្ពុជា នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជារបស់មីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី គឺបានទទួលការអនុញ្ញាត​ជាផ្លូវការលើការបោះផ្សាយលក់មូលបត្របំណុលពី​​អាជ្ញាធរពាក់ព័ន្ធ ដូចជា ធនាគារជាតិនៃ​កម្ពុជា គណៈកម្មការមូលបត្រកម្ពុជា និងពីក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា លើការចុះបញ្ជីលក់​មូលបត្រ​បំណុលក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា៕

ដោយ ប៉ាល់ សុង