លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ណែនាំដល់ក្រុមការងារ​ ត្រូវបង្កើនការគ្រប់គ្រង​សមាជិក​ក្រុម​ប្រឹក្សាឃុំ-សង្កាត់ ឱ្យ​បានល្អ

AKP ស្វាយរៀង ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ — លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជា​មួយរដ្ឋ​សភា ព្រឹទ្ធ​សភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ​ខេត្ត​ស្វាយរៀង​បានថ្លែងថា សមាជិកអង្គបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​រាជ​ធានី ខេត្ដ ស្រុក ខណ្ឌ ក្រុង អាណត្ដិទី៣ ​នាពេលខាងមុខ ត្រូវបង្កើនការគ្រប់គ្រង សមាជិក​ក្រុមប្រឹក្សាឃុំ-សង្កាត់ របស់​ខ្លួនឱ្យ​បានល្អ ដោយ​ខិតខំពង្រឹងសាមគ្គីភាព ឯកភាព​​គ្នាឱ្យបានរឹងមាំ ដើម្បីរក្សាសន្ដិ​ភាព ដែលមានស្រាប់ និងជំរុញការដឹក​នាំរបស់ទទួល​បានជោគជ័យ។ ការលើកឡើងនេះ​បានធ្វើឡើង​ក្នុងពិធី​សំណេះ​សំណាលជាមួយសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ-សង្កាត់ ទូទាំងខេត្ត ស្វាយរៀង កាលពីថ្ងៃសៅរ៍ ៨កើត ខែពិសាខ ឆ្នាំកុរ ឯកស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី១១ ឧសភា ឆ្នាំ២០១៩ ជាមួយសមាជិកអង្គបោះឆ្នោត​ជ្រើសរើសក្រុម ប្រឹក្សាខេត្ត ស្រុក ខណ្ឌ ក្រុងអាណត្តិទី ៣ ចូលរួមចំនួន៥១៨នាក់ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានជំរុញដល់អង្គបោះឆ្នោតដែលជាក្រុម​ប្រឹក្សាឃុំ សង្កាត់ទាំងអស់ ត្រូវបន្ដអប់រំផ្សព្វផ្សាយ តាមគ្រប់រូបភាពឱ្យបានទូលំទូលាយ និង​ស៊ីជម្រៅក្នុងគ្រប់ស្រទាប់ប្រជាជន ពិសេសស្រទាប់យុវជន អំពីសភាពការណ៍រីកចម្រើនរបស់​ប្រទេសជាតិ អំពីគោលនយោបាយនានារបស់គណបក្ស​ និងរាជរដ្ឋាភិបាលអំពីភាពជាម្ចាស់​របស់ប្រជាជន។ ជាមួយគ្នានេះ ត្រូវចេះយកចិត្តទុកដាក់ និងរស់នៅជាមួយប្រជាជន តាមរយៈ​ប្រសិទ្ធភាពការងារប្រចាំថ្ងៃ និងតាមរយៈអំពើល្អរបស់អាជ្ញាធរនៅតាមមូលដ្ឋាន ពិសេសការ​ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អ លឿន និងទាន់ពេលវេលា ដែលនេះជា​កាតព្វ​កិច្ចរបស់មន្ត្រីនៅតាមឃុំ ​សង្កាត់។  លោកជំទាវបានបញ្ជាក់ថា ការឃោសនាបោះឆ្នោត​ជ្រើស​រើសក្រុមប្រឹក្សាអាណត្តិទី ៣ នេះ ត្រូវធ្វើ​ឡើង​ក្នុងរយៈពេល ៨ ថ្ងៃជាប់ៗគ្នា គឺចាប់ពី​ថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា​ ឆ្នាំ ២០១៩ខាងមុខ ដូច្នេះ នៅសល់តែ ១៥ ថ្ងៃទៀតប៉ុណ្ណោះ​ដល់ថ្ងៃបោះឆ្នោតហើយ ដូចនេះក្នុងរយៈពេលនេះ ទាំងក្រុមការងារថ្នាក់​ស្រុក-ក្រុង ត្រូវ​ប្រ​មូល​​ផ្ដុំធ្វើសកម្មភាពចាំបាច់មួយចំនួនក្នុងការផ្សព្វផ្សាយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ របស់​យើងឱ្យស្គាល់លំដាប់លេខរៀងគណបក្សលើសន្លឹកឆ្នោត ការគូសសន្លឹកឆ្នោត ព្រមទាំង​របៀប​​បោះឆ្នោតឱ្យបានត្រឹមត្រូវ។​ លោកជំទាវកិត្ដិសង្គហបណ្ឌិតក៏បានបញ្ជាក់ផងដែរថា ការ​បោះឆ្នោតជ្រើសរសើក្រុមប្រឹក្សា គឺជាការបោះឆ្នោតអសកលដែលសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នៅក្នុងតំណែងជាអង្គបោះឆ្នោត។ ការបោះឆ្នោតនេះ មានការខុសប្លែកពីការ​បោះឆ្នោតសកល ដោយអ្នកបោះឆ្នោតម្នាក់ៗ ត្រូវបោះឆ្នោតពីរសន្លឹក ដើម្បីជ្រើសរើស​ក្រុម​ប្រឹក្សាតាមប្រភេទនីមួយៗ និងមានហិបឆ្នោតចំនួនពីរ ដោយសន្លឹកឆ្នោតទី១ មានពណ៌​លឿង ប្រើក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាស្រុក ក្រុង សម្រាប់ដាក់ក្នុងហិបឆ្នោតមួយ ។

សន្លឹកឆ្នោតទី ២ មានពណ៌ស ប្រើក្នុងការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាខេត្ត សម្រាប់ដាក់ក្នុងហិបមួយផ្សេងទៀត។ លោកជំទាវឧបនាយករដ្ឋមន្រ្ដី ក៏បានណែនាំដល់ក្រុមការងារថ្នាក់ស្រុក-ក្រុងទាំងអស់ ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ធានាថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ឱ្យបានល្អប្រសើរ ពិសេសត្រូវការពារទាំងមណ្ឌល និងការិយាល័យបោះឆ្នោត ការពារសុវត្ថិភាពជូនបេក្ខជន​ឈរឈ្មោះ និងការពារលទ្ធផលបោះឆ្នោត  ព្រមទាំងគ្រប់គ្រងសភាពការ​ក្រោយការបោះ​ឆ្នោត ​ឱ្យបានល្អប្រសើរ ៕

ដោយ សួស សំរិត