ក្រុមហ៊ុនចូហ្គ្រេន អ៊ិនវេសម៉ិន គ្រោងស្នើសុំCDC វិនិយោគតំបន់ ទេសចរណ៍ធម្មជាតិលើផ្ទៃដីសរុប ២០៥ហិកតា នៅខេត្តកំពង់ស្ពឺ

AKP ភ្នំពេញ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ — ក្រុមហ៊ុនចូហ្គ្រេន អ៊ិនវេសម៉ិន ឯ.ក (JOE GRAND ECOINVESTMENT Co.LTD) គ្រោងដាក់សំណើសុំទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ដើម្បីវិនិយោគតំបន់ទេសចរណ៍ ធម្មជាតិលើផ្ទៃដីសរុប ២០៥ហិកតានៅខេត្តកំពង់ស្ពឺ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា «AKP» តាមទូរស័ព្ទនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះថា អាជ្ញាធរថ្នាក់ខេត្ត ស្រុក ឃុំ បាន គាំទ្ររួចរាល់អស់ហើយ ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុនចូហ្គ្រេន អ៊ិនវេសម៉ិន ឯ.ក។ កិច្ចការបន្តក្រុមហ៊ុននេះ ត្រូវស្នើសុំច្បាប់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមុននឹងដំណើរវិនិយោគ របស់ខ្លួន។

ឯកឧត្តមបានបញ្ជាក់ថា «អ្វីដែលយើងចាប់អារម្មណ៍នៃគម្រោងនេះគឺក្រុមហ៊ុន ទិញដីរួចហើយ អីចឹងនៅពេលគាត់បានការគាំទ្រពីអាជ្ញាធរដែនដីថ្នាក់ក្រោមទៅ គាត់នឹង ដាក់ទៅស៊ីឌីស៊ីសុំការគាំទ្រពីរាជរដ្ឋាភិបាល»។

កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម វ៉ី សំណាង បានដឹកនាំ កិច្ចប្រជុំគាំទ្រលើគម្រោងវិនិយោគតំបន់ទេសចរណ៍ធម្មជាតិ មណ្ឌលកម្សាន្ត សួនកម្សាន្ត សួនទឹក សួនកសិកម្មទេសចរណ៍ សួនកុមារ សួនសត្វ រមណីយដ្ឋាន និងសណ្ឋាគារ ដែលស្ថិតនៅឃុំមហាសាំង ស្រុកភ្នំស្រួច និងឃុំកាហែង ស្រុកសំរោងទង នៃខេត្តកំពង់ស្ពឺ ក្រោមគម្រោងវិនិយោគរបស់ក្រុមហ៊ុនចូហ្គ្រេន អ៊ិនវេសម៉ិន ឯ.ក (JOE GRAND ECOINVESTMENT Co.LTD) ដែលគម្រោងនេះចំណាយថវិកាប្រមាណ ៥០០លាន ដុល្លារអាម៉េរិក លើផ្ទៃដីសរុប ២០៥ហិកតា ។

ឯកឧត្តម វ៉ី សំណាង មិនអាចបញ្ជាក់បានថា គម្រោងវិនិយោគនេះ ចាប់ផ្តើមនៅ ថ្ងៃណា ខែណាបានទេ ដរាបណាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមិនទាន់យល់ព្រមសំណើសុំ វិនិយោគទេនោះ។ ប៉ុន្តែឯកឧត្តម មានសុទិដ្ឋិនិយមថា អាចនឹងដំណើរបានក្នុងពេលឆាប់ៗនេះ ព្រោះក្រុមហ៊ុនមានដី និងមានទីតាំងស្រាប់ ហើយក៏ទទួលបានការគាំទ្រពីមូលដ្ឋានគ្រប់ផ្នែក ផងដែរ៕

ដោយ គង់ សិរីរ័ត្ន