ក្រសួងអប់រំយុវជន និងកីឡាបើកកិច្ចប្រជុំបច្ចេកទេសត្រៀមប្រកួតកីឡាសិស្សថ្នាក់ជាតិ លើកទី១ ឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ — ក្រសួងអប់រំ យុវជន និងកីឡាបានបើកកិច្ចប្រជុំផ្សព្វផ្សាយ ព័ត៌មានទូទៅ និងបទបញ្ជាបច្ចេក ទេស កាលពីល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ នៅសាលប្រជុំនាយកដ្ឋាន អប់រំកាយ និងកីឡាសិស្ស-និស្សិត នៃពហុកីឡដ្ឋានជាតិ ដើម្បីត្រៀមការប្រកួតកីឡាសិស្សថ្នាក់ជាតិ លើកទី១ (The 1st National School Games) នឹងធ្វើឡើង នាថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។

កិច្ចប្រជុំលើកទី១នៃការប្រកួតនេះក្រោមអធិបតីភាពឯកឧត្តម ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួង អប់រំ យុវជន និងកីឡា និងតំណាងសហព័ន្ធកីឡាជាតិ១១ប្រភេទ ព្រមទំាងអ្នកតំណាងរាជ ធានី-ខេត្តទំាង២៥។ សហព័ន្ធកីឡាជាតិ១១ប្រភេទបានធ្វើបទបង្ហាញដល់អ្នកតំណាងរាជ​ធានី-ខេត្តទំាង២៥ក្នុងការចុះឈ្មោះកីឡាករ-កីឡាការិនី និងប្រភេទវិញ្ញាសានីមួយៗ។ ការ​ប្រកួតកីឡាសិស្សថ្នាក់ជាតិ (National School Games) លើកទី១ឆ្នាំនេះ ក្រសួងអប់រំបាន​សម្រេច​ដាក់១១ប្រភេទកីឡា រួមមាន៖កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ វាយកូនឃ្លីលើតុ ហែលទឹក វាយសី ការ៉ាត់តេ កីឡាតេក្វាន់ដូ WT និងតេក្វាន់ដូ ITF។សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាសិស្សថ្នាក់ជាតិ លើកទី១នេះត្រូវបានធ្វើឱ្យជា លក្ខណៈ​ហ្គេម ដើម្បីបង្កើនគុណភាពកីឡាករ កីឡាការិនី ក្នុងកម្រិតសិស្សនេះឱ្យ​នកាន់តែ​ល្អប្រសើរ ក្នុងគោលដៅឈានឆ្ពោះរៀបចំទទួលធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើក​ទី៣២ នាឆ្នាំ២០២៣ ខាងមុខ៕

ដោយ ហេង​ ណាលីន