ឯកឧត្ដម ពេជ្រ ប៊ុនធិន អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា នៅខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ — ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន  រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន ក្រុមការងារចុះជួយខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើក ទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា កាលពីព្រឹកថ្ងៃសុក្រ ៧កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០១៩។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលខេត្ត អភិបាលរង ក្រុមប្រឹក្សាខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អ្នកជំនួញ អាជីវករក្នុងខេត្ត ព្រះសង្ឃ និងអ្នក មុខអ្នកការប្រមាណជាង៤០០នាក់។

ក្រោយពីអាននូវសេចក្ដីថ្លែងការណ៍របស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជារួចមក ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិតិ្តយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បានធ្វើសេចក្តីអំពាវនាវដល់ ឯកឧត្តមលោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា មន្ត្រីរាជការគ្រប់លំ ដាប់ថ្នាក់និងបងប្អូនជនរួមជាតិគ្រប់មជ្ឈដ្ឋានសូម មានការចូលរួមជាកម្លាំងមនុស្សធម៌ តាមវប្បធម៌ចែករំលែក បរិច្ចាគថវិកា ដោយទឹកចិត្តជ្រះថ្លាដល់សាខាកាកបាទ ក្រហមកម្ពុជា ដើម្បីទទួលបាននិងយកទៅប្រើប្រាស់ក្នុងការបន្តបេសកកម្ម មនុស្សធម៌ ដ៏ឧត្តុងឧត្តម ធ្វើប្រតិបត្តិការជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះ ក្នុងនោះមាន អ្នករងគ្រោះដោយសារមហន្តរាយផ្សេងៗ ជនពិការ ចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយ អ្នករស់នៅជាមួយនឹងជំងឺរ៉ាំរ៉ៃ និងជំងឺអេដស៍  ដែលរស់នៅតាមជន បទទូទាំងខេត្ត នៅតាមសហគមន៍ ដោយពុំរើសអើងបែងចែកពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា និន្នាការនយោបាយ នឹងឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បានលើកឡើងថា ទិវាពិភពលោកកាកបាទ ក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ជាព្រឹត្តិការណ៍ ដ៏មានសារៈសំខាន់សម្រាប់ចលនា អន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមក្នុងគោល បំណងបង្ហាញពីសេចក្ដីស្រឡាញ់ ការអាណិតអាសូរ ការយកចិត្តទុកដាក់ការព្រួយ បារម្ភចំពោះបងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងដែលត្រូវការឱ្យជួយសង្រ្គោះដោយគោរពតាមគោលការណ៍គ្រឹះទាំង៧ រួមមាន ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត  ឯកភាព សកលភាព។

ឯកឧត្ដម ក៏បានចាត់ទុកការចូល រួមពីសំណាក់ សមាជីក សមាជិកា សប្បុរសជន ក្នុងពេលនេះគឺជាសក្ខីភាព បង្ហាញអំពីការគាំទ្រយ៉ាងពេញទំហឹងដល់ កាកបាទក្រហមកម្ពុជា ក៏ដូចសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ដែលមានតួនាទីជាជំនួយការឱ្យ អាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌នាំមុខគេនៅកម្ពុជា ក្នុងបេសកកម្មកសាងពង្រឹង ប្រមូលផ្ដុំកម្លាំងមនុស្សធម៌ទាំងធនធានមនុស្ស បច្ចេក ទេស ថវិកា ដើម្បីជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះតាមរយៈការគ្រប់គ្រងគ្រោះមហន្តរាយ និងការថែទាំសុខភាព តាមសហគមន៍ លើកកម្ពស់ គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌របស់ចលនាកាកបាទក្រហម និងការអភិវឌ្ឍសហគមន៍។

នៅក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៥៦ ទិវាកាកបាទក្រហម និងអឌ្ឍចន្ទ ក្រហម ៨ ឧសភានៅខេត្តក្រចេះនាពេលនោះ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះបានទទួលនូវថវិកាសប្បុរសធម៌ពីសប្បុរសជនជុំវិញខេត្ត សរុបប្រាក់រៀលចំនួន  ២៣២.១៤៤.៥០០រៀល និងប្រាក់ដុល្លារចំនួន ៤៥.២៩១ដុល្លារអាម៉េរិក៕

ដោយ ជួន សុជាតិ