រដ្ឋបាលខេត្តកែប ប្រារព្ធទិវាសត្វស្លាបទេសន្តរប្រវេសន៍ពិភពលោក២០១៩ ក្រោមប្រធានបទ “ការពារសត្វស្លាប​ ជាដំណោះស្រាយចំពោះការបំពុលដោយប្លាស្ទិក”

AKP កែប ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ — ការប្រារព្ធទិវាសត្វស្លាបទេសន្តរប្រវេសន៍ពិភពលោក២០១៩ ក្រោមប្រធានបទ “ការពារសត្វស្លាប ជាដំណោះស្រាយចំពោះការបំពុលដោយប្លាស្ទិក” ត្រូវបានរៀបចំឡើង ដោយមន្ទីរបរិស្ថានខេត្តកែប នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប និង ឯកឧត្តម  ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីលោក លោកស្រី ជាអភិបាលរងខេត្ត ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្សទាំងមូល។ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប បានគូសបញ្ជាក់ថា ខេត្តកែបជា ខេត្តមួយក្នុងចំណោមខេត្តទាំងបួននៃព្រះរាជាណាចក្រកម្ពុជាដែលមានឆ្នេរសមុទ្រ ដោយខេត្តនេះសម្បូរ ដោយធនធានធម្មជាតិនិងជីវចម្រុះ​គ្រប់ប្រភេទ ហើយខេត្តកែប ក៏ជាខេត្តមួយដែលមានឆ្នេរសមុទ្រប្រវែងសរុប ២៦,៥០គីឡូម៉ែត្រ និងមានកោះសរុប ចំនួន១៣កោះ មានព្រៃកោងកាងចំនួនបីកន្លែង ដែលមានក្រឡាផ្ទៃចំនួន១.០០៥ហិកតា ស្មៅសមុទ្រ ៣.០៩៥ហិកតា ផ្កាថ្ម ៥២,៥០ហិកតា ស្រែអំបិលទំហំ ១.០៤០ហិកតា និងតំបន់ការពារធម្មជាតិមានមួយកន្លែង គឺឧទ្យានជាតិកែបមានផ្ទៃដីទំហំ ១.០៥២ហិកតា។

ដោយភាពស្រស់ស្អាត និងសម្បូរបែបនៃធនធានធម្មជាតិដូចជាឆ្នេរសមុទ្រ ព្រៃកោង កាង ស្មៅសមុទ្រ តំបន់ផ្កាថ្ម ព្រៃឈើ និងប្រជុំកោះ ដែលធ្វើឱ្យ ខេត្តកែបក្លាយជាគោលដៅ ទេសចរណ៍មួយដ៏ទាក់ទាញសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ។

ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា ប្រព័ន្ធអេកូឡីស៊ីតំបន់ឆ្នេរ និងតំបន់ដីសើម ជាពិសេសព្រៃកោងកាង វាលឆ្នេរ និងវាលភក់បានដើរតួយ៉ាងសំខាន់ក្នុងការ រក្សាលំនឹងបរិស្ថាន ការស្រូបយកកាបូន និងផ្តល់ជាធនធាននេសាទដែលចូលរួមលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជានេសាទមូលដ្ឋាន។ ដូច្នេះតំបន់ដីសើមមានដូចជាព្រៃកោងកាង ស្មៅសមុទ្រ វាលភក់ វាលខ្សាច់ គឺផ្តល់ជាទីជម្រកដ៏សំខាន់ និងផ្តល់ចំណីអាហារ ដល់សត្វស្លាបទេសន្តរប្រវេសន៍។

ក្នុងឱកាសនោះ ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ទិវាសត្វស្លាបទេសន្តរប្រវេសន៍នេះ ត្រូវបានគេប្រារព្ធឡើងទូទាំង ពិភពលោកជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០០៦មកម៉្លេះ ដោយបានជ្រើសរើសថ្ងៃទី១០ ខែឧសភា ដើម្បីប្រារព្ធទិវានេះទៅតាមប្រធានបទ ដែលបានកំណត់ផ្សេងៗគ្នា ពីមួយឆ្នាំទៅមួយឆ្នាំ ដែលឆ្នាំនេះប្រធានបទគឺ “ការពារសត្វស្លាប ជាដំណោះស្រាយចំពោះការ បំពុលដោយប្លាស្ទិក”។

ឯកឧត្តមបានបន្តទៀតថា ពេលនេះកម្ពុជាកំពុងតែ ចូលរួមជាមួយពិភពលោកទាំងមូល ក្នុងការប្រារព្ធទិវាសត្វស្លាបទេសន្តរប្រវេសន៍ពិភពលោក២០១៩។ ទិវានេះគឺជាគោលបំណង បង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ ពីបញ្ហាចម្បងនៃសំណល់ប្លាស្ទិកដែលប៉ះពាល់ ជាអវិជ្ជមានដល់សត្វស្លាបទេសន្តរប្រវេសន៍។

ដូច្នេះយើងត្រូវចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ហើយលើកទឹកចិត្តដល់ សាធារណជនឱ្យចូលរួមការពារទីជម្រក និងកន្លែងរកចំណីរបស់សត្វស្លាបទេសន្តរប្រវេសន៍ ដោយទុកដាក់សំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យមានសត្វស្លាបទេសន្តរប្រវេសន៍ ឬជីវចម្រុះដទៃទៀតរងរបួស និងស្លាប់ដោយសារការបំពុលដោយសំណល់ប្លាស្ទិក។

ដោយឡែក នៅព្រឹកថ្ងៃដដែល បន្ទាប់ពីប្រារព្ធទិវាសត្វស្លាបទេសន្តរប្រវេសន៍ គណៈអធិបតីក្នុងអង្គពិធីទាំងមូលក៏បានចូលរួមដាំកូនឈើ និងដាំដើមផ្កាចម្រុះពណ៌ នៅក្នុងបរិវេណវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស និងនៅតាមដងផ្លូវជាតិលេខ33A ដើម្បីឱ្យទីក្រុងទេសចរណ៍នេះមានសោភណភាពកាន់តែស្រស់បំព្រង៕

ដោយ ប្រាក់ លាង