ខេត្តកំពង់ចាមប្រារព្ធទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា ឆ្នាំ២០១៩

AKP កំពង់ចាម ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ — នៅព្រឹកថ្ងៃសុក្រ ៧កើត ខែ ពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នៅសាលសន្និសីទសាលាខេត្តកំពង់ចាម ក្រសួងសង្គមកិច្ច អតីតយុទ្ធ ជន និងយុវនីតិសម្បទា និងរដ្ឋបាលខេត្តកំពង់ចាមបានរៀបចំប្រារព្ធទិវាអន្តរជាតិ ស្តីពីគ្រួសារ ១៥ ឧសភា ឆ្នាំ២០១៩  ក្រោមអធិបតីភាព ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងលោជំទាវ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំង អស់លោក លោកស្រី ជាថ្នាក់ដឹកនាំរបស់មន្ទីរអង្គភាពជុំវិញខេត្ត និងនិវត្តជន ចាស់ជរាជាច្រើនអ្នក ផងដែរ។

ក្នុងឱកាសនោះឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើឡើងថា ទិវាអន្តរជាតិ ស្តីពីគ្រួសារ ១៥ ឧសភា ឆ្នាំ២០១៩នេះ ក្រោមប្រធានបទ(សុខុមាលភាពគ្រួសារជាកត្តាក្នុងការអនុវត្តប្រព័ន្ធគាំពារសង្គមនៅកម្ពុជា)គឺជាការដឹងគុណដល់មាតា បិតាដែលបានអប់រំប្រៀនប្រដៅកូនចៅ និងថែរក្សា ឱ្យបានរៀន សូត្រឱ្យមានចំណេះដឹងរហូតបានក្លាយជាមូលធនបញ្ញាដ៏មានសក្តានុពលក្នុងការរួម ចំណែកអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ។

ឯកឧត្តម វង សូត បានបញ្ជាក់ថា គ្រួសារ គឺជាផ្នែកមួយដ៏សំខាន់សម្រាប់មនុស្ស គ្រប់រូបជាកម្លាំងចលករក្នុងការជំរុញកិច្ចការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌ ពិសេសរក្សា បាននូវ សន្តិភាព និងស្ថិរភាពជាតិដែលជាកត្តាក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមជាតិ ដែល ប្រទេសយើងរក្សាបាននូវកំណើនសេដ្ឋកិច្ចជានិច្ច ដែលធ្វើឱ្យយើងមានលទ្ធភាពគ្រប់ គ្រាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ។

ឯកឧត្តម វង សូត បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកចិតទុកដាក់យ៉ាងខ្លាំង តាមរយៈការកសាងនូវគោលនយោបាយជាច្រើនដូចជាគោលនយោបាយជាតិគាំ ពារសង្គម និងគោលនយោបាយជាតិមនុស្សចាស់។ នៅខែមិថុនា ឆ្នាំ២០១៩នេះរាជរដ្ឋាភិ បាលបានដាក់ កម្មវិធីឧបត្ថម្ភ ស្ត្រីមានផ្ទៃពោះនិងកុមារមានអាយុក្រោម២ឆ្នាំក្នុងគ្រួសារក្រីក្រ។

ឯកឧត្តម វង សូត បានបញ្ជាក់ថា ប្រទេសជាតិមានសុខសន្តិភាពទើបមានការ អភិវឌ្ឍដូចនេះយើងរួម ថែរក្សាសុខសន្តិភាពរួមគ្នាទប់ស្កាត់រាល់ការប៉ុនប៉ងណាមួយបង្កអ សន្តិសុខដល់សង្គមជាតិ។ រដ្ឋបាលខេត្តត្រូវបន្ត និងពង្រឹងសកម្មភាពក្នុងការផ្តល់សេវាសង្គម កិច្ច និងកម្មវិធីសង្រ្គោះបន្ទាន់ដល់ជនងាយរងគ្រោះ បង្កើនកម្មវិធីសុខុមាលភាព ដល់ជនទាំង នោះ និងធ្វើយ៉ាងណាឱ្យគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ នេះ ទទួលបានជោគជ័យ៕

ដោយ ឆាយ ម៉ុត