អដ្ឋិធាតុកងទ័ពស្ម័គ្រវៀតណាម ត្រូវបានរៀបចំជូនដំណើរធ្វើមាតុនិវត្តន៍

AKP រតនគិរី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ -អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន៩នាក់ ដែលបានពលីក្នុងសម័យសង្រ្គាមនៅកម្ពុជា ត្រូវបានគណៈកម្មការរុករកគាស់លើកអដ្ឋិធាតុខេត្តរតនគិរី នៃប្រទេសកម្ពុជា និងគណៈកម្មការខេត្តកន្ទូម នៃប្រទេសវៀតណាម បានរៀបចំធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ ។

ពិធីជូនដំណើរអដ្ឋិធាតុខាងលើបានប្រារព្ធធ្វើនៅស្តូបអនុស្សាវរីយ៍កម្ពុជា-វៀតណាមស្ថិតនៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី នាព្រឹកថ្ងៃសុក្រ ៧កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ ក្រោមការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម គិត ទ្រី អភិបាលរងខេត្ត និង ជាប្រធានគណៈកម្មការរុក រកគាស់លើកអដ្ឋិធាតុខេត្តរតនគិរី និងលោក ង្វៀន ហឿយថាប អនុប្រធានគណៈ កម្មាធិការ ប្រជាជន និងជាប្រធានគណៈកម្មការរុករកគាស់លើកអដ្ឋិធាតុខេត្តកន្ទូម។

ឯកឧត្តម គិត ទ្រី អភិបាលរងខេត្ត បានមានប្រសាសន៍ថា យើងនឹងបន្តអនុវត្តន៍នូវប្រពៃណីសាមគ្គីភាព មិត្តភាព ភាតរភាព និងសហប្រតិបត្តិការជិតស្និទ្ធ ជាមួយបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាមជាបន្ត ព្រមទាំងខិតខំប្រែក្លាយចំណងមេត្រីភាពប្រវតិ្តសាស្រ្តនេះទៅជាមូលបទញ៉ាំងឱ្យប្រទេសជាតិយើងទាំងពីរ កាន់តែមានកាលានុភាព និងពលានុភាព    កសាងប្រទេសជាតិរបស់ខ្លួនបានរីកចម្រើនរុងរឿងជានិរន្ត និងម្យ៉ាងវិញទៀត ដោយឈរលើខ្លឹមសារ នៃកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម និងស្មារតីនៃកិច្ចប្រជុំរវាងគណៈកម្មការរុករកគាស់លើកអដ្ឋិធាតុខេត្តរតនគិរី និងគណៈកម្មការរុករកគាស់លើកអដ្ឋិធាតុខេត្តកន្ទូម ដែលបានធ្វើឡើងនៅពេលកន្លងមក។

ឯកឧត្តម អភិបាលរងខត្ត បានបន្តថា រដ្ឋបាលខេត្តរតនគិរី នឹងនៅបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយភាគីខេត្តកន្ទូម ធ្វើការរុករកគាស់លើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ជាបន្តទៅទៀតផងដែរ ៕

ដោយ ណយ នឿន (ប្រភព មន្ទីរព័ត៌មានខេត្តរតនគិរី)