ពិធីសម្ពោធការនាំចេញផ្លែចេកអំបូងលឿងស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន

AKP ភ្នំពេញថ្ងៃទី១០ ខែឧសភា​ ឆ្នាំ២០១៩ -តាមប្រភពព័ត៌មានពីក្រសួងកសិកម្មបានឱ្យដឹងថា នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ នៅទីស្នាក់ការរបស់ក្រុមហ៊ុន ហ៊ុន ទី ស្ថិតនៅខណ្ឌសែនសុខ មានរៀបចំពិធីសម្ពោធការនាំចេញផ្លែចេកអំបូងលឿងស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ក្រោមអធិបតីភាពឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម លី អាន ទីប្រឹក្សាសេដ្ឋកិច្ចប្រចាំស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន និងភ្ញៀវជាតិ អន្តរជាតិជាច្រើនរូបក៏បានអញ្ជើញចូលរួមជាសក្ខីភាពផងដែរ។

ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្មក៏បានធ្វើរបាយការណ៍សង្ខេប ជូនអង្គពិធីជ្រាបអំពីផលិតកម្មចេកអំបូងលឿងដែលកំពុងមានទីផ្សារខ្ពស់នៅអន្តរជាតិ ហើយកំពុងត្រៀមរៀបចំធ្វើការនាំចេញជាបន្តបន្ទាប់ចាប់ពីពេលនេះតទៅ។ ក្រៅពីនេះ ឯកឧត្តមក៏បានបញ្ជាក់អំពីដំណើរការនៃការចរចាជា មួយភាគីចិនអំពីនីតិវិធី បែបបទ ឯកសារចាំបាច់សំខាន់ៗទាំងច្បាប់និងបច្ចេកទេសជាពិសេសឯកសារអនាម័យ និងភូតគាមអនាម័យមុនឈានទៅចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នាកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ ស្តីពីការនាំចេកស្រស់ចេញទៅកាន់ទីផ្សារចិន។

បន្ទាប់ពីឯកឧត្តម លី អាន មានប្រសាសន៍ពាក់ព័ន្ធទៅនឹងកសិផល និងទីផ្សាររួចមក ឯកឧត្ដមរដ្ឋមន្ត្រីបានសម្តែងនូវសេចក្តីសោមនស្សរីករាយ អបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះពិធីសម្ពោធការនាំចេញផ្លែចេកស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ដែលរៀបចំដោយកិច្ចសហការរវាងក្រសួងកសិកម្ម ជាមួយស្ថានទូតចិននាពេលនេះ។ ក្នុងនាមក្រសួង ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានរបស់ឯកឧត្តមតំណាងឱ្យ ឯកអគ្គរដ្ឋទូតចិន ព្រមទាំងសមាជិក សមាជិកាទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នេះ។

ទាក់ទងនឹងពិធីនាថ្ងៃនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវថា ដោយអនុវត្តន៍តាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម២០១៩-២០២៣ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ជាពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ ក្រសួងដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការ បានខិតខំពុះពារគ្រប់បែបយ៉ាងក្នុងឆន្ទ:ច្បាស់លាស់ គឺធ្វើយ៉ាងណានាំកសិផលកម្ពុជាឱ្យបានចូលក្នុងទីផ្សារអន្តរជាតិ ហើយការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួង អគ្គនាយកដ្ឋានកសិកម្ម និងគ្រប់ភាគីពាក់ព័ន្ធបានទទួលលទ្ធផលគួរជាទីមោទនៈ ជាក់ស្តែងគឺថ្ងៃនេះ។ ពិតណាស់លទ្ធផលនេះមិនអាចកាត់ផ្តាច់បានពីកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងភាគីទាំងពីរក្នុងការចរចា ការឧបត្ថម្ភ គាំទ្រទាំងច្បាប់ និងបច្ចេកទេសពីភាគីចិនធ្វើយ៉ាងណាដើម្បីនាំផ្លែចេកស្រស់កម្ពុជាចូលទៅក្នុងទីផ្សារចិន ហើយទីបំផុតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានឈានដល់ការចុះពិធីសារស្តីពីការអនុញ្ញាតឱ្យកម្ពុជាអាចនាំចេកអំបូងលឿនទៅកាន់ប្រទេសចិន។ ក្នុងចំណោម ១០ក្រុមហ៊ុន ដែលបានដាក់ពាក្យស្នើសុំគោការណ៍អនុញ្ញាតនាំចេញផ្លែចេកអំបូងលឿងស្រស់ មានតែក្រុមហ៊ុនចំនួន០៥ មានក្រុមហ៊ុនសុវណ្ណរាជសី ឡុងស្រេងហ៊ុយជៀន ហ្គែនឡែន ហ្គ្រីនអាយឡែន និងក្រុមហ៊ុនឡងមេត ដែលគោរពបានតាមលក្ខខណ្ឌច្បាប់ និងបច្ចេកទេស ហើយអាចធ្វើការនាំចេញចេកស្រស់ទៅកាន់ទីផ្សារចិនលើកទី១ បានចំនួនជាង១០០តោននៅថ្ងៃនេះ។

ឯកឧត្តមរដ្ឋមន្ត្រីបានបស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យមានលក្ខណៈប្រទាក់ក្រឡាគ្នា ទូលំទូលាយ និងស៊ីជម្រៅ ដោយយកស្មារតីទទួលខុសត្រូវខ្ពស់តាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ដើម្បីអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសជាតិ និងប្រជាជនកម្ពុជា៕

ដោយ សេង សុវណ្ណនី