ឯកឧត្តម វេង សាខុន ទទួលជួបពិភាក្សាការងារជាមួយនាយកប្រតិបត្តិនៃធនាគារពិភពលោក

AKP ភ្នំពេញ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ -នៅទីស្ដីការក្រសួង រសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបលោកស្រី Aparna Subramani នាយកប្រតិបត្តិនៃធនាគារពិភពលោក(WB) និងជាប្រធានគណៈប្រតិភូក្រុមប្រឹក្សានាយកប្រតិបត្តិធនាគារពិភពលោក និងសហការីក្នុងគោលបំណងពិភាក្សាអំពីដំណើរវិវត្តន៍រីកចម្រើននៃវិស័យកសិកម្ម និងឈ្វេងយល់ពីបញ្ហាប្រឈមនានាក្នុងវិស័យដ៏មានសារៈសំខាន់នេះ។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានថ្លែងនូវសេចក្តីសោមន្សរីករាយ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារពិភពលោកដែលបានចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ពិសេសវិស័យកសិកម្មនេះតែម្តង ពីប្រទេសដែលខ្វះស្បៀងសម្រាប់ប្រជាជន មកជាប្រទេសដែលមានអតិរេកស្បៀង និងផលិត ផលិតផលកសិកម្មដើម្បីធ្វើការនាំចេញ។ ទន្ទឹមនឹងនេះ វិសាលភាពនៃការអភិវឌ្ឍក្នុងវិស័យនេះ នៅមិនទាន់អស់សក្តានុពលនោះទេ ដោយនៅមានបញ្ហាប្រឈមមួយចំនួនដែលក្រសួង និង វិស័យ​ កសិកម្មទាំងមូលកំពុងតែជួបប្រទះ ដូចជា បញ្ហាហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ធនធានមនុស្ស នៅមានកម្រិត ដោយមិនទាន់ឆ្លើយតបបានគ្រប់ជ្រុងជ្រោយនៅឡើយ។

ឯកឧត្តមបានបន្តទៀតថា បញ្ហាទាំងអស់នេះ ជាកត្តាមួយសំខាន់នាំឱ្យមានការប៉ះពាល់ដល់ការបំពេញខ្សែច្រវាក់តម្លៃបន្ថែមផលិតកម្មកសិកម្ម និងភាពប្រកួតប្រជែង។ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរថា ដើម្បីដោះស្រាយរាល់បញ្ហាប្រឈម និងធានានិរន្តរភាពនៃការអភិវឌ្ឍ ទន្ទឹមនឹងនេះសម្រេចឱ្យបាននៃចក្ខុវិស័យរបស់ប្រមុខនៃរាជរដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសជាតិ ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។

នៅក្នុងឱកាសនេះលោកស្រី Aparna Subramani បានធ្វើការកោតសរសើរចំពោះវឌ្ឍនភាព និងសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលសម្រេចបាន ដែលសមិទ្ធផលទាំងអស់នេះបានជួយប្រែក្លាយកម្រិតជីវភាពរបស់ប្រជាជនកម្ពុជាបានយ៉ាងល្អប្រសើរ ។ លោកស្រីក៏បានថ្លែងអំណរគុណចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងពេញលេញជាមួយធនាគារពិភពលោក ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យកសិកម្ម។ លោកស្រីក៏បានបង្ហាញពីចំណាប់អារម្មណ៍ ចំពោះបញ្ហាប្រឈមដែលឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងខាងលើ ដោយបញ្ជាក់ថា ក្រុមការងាររបស់ធនាគារពិភពលោកនឹងយកទៅពិនិត្យ និងរកការជួយគាំទ្រផងដែរ។ លោកស្រីជឿជាក់ថា កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងក្រសួង និងធនាគារពិភពលោកត្រូវបានពង្រឹង និងពង្រីកថែមមួយកម្រិតទៀតតាមរយៈជំនួបនាថ្ងៃនេះ ៕

ដោយ សេង សុវណ្ណនី (ប្រភពក្រសួងកសិក្ម)