ធនាគារពិភពលោក ចង់សិក្សារួមគ្នាជាមួយក្រសួងបរិស្ថានលើគម្រោងកិច្ចសហប្រតិបត្តិ​ការ​ ដើម្បីពង្រឹងការគ្រប់គ្រងបរិស្ថាន និងសង្គមនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ — ប្រធានប្រតិបត្តិការបរិស្ថាន និងធនធានធម្មជាតិ នៃធនាគារពិភពលោក ប្រចាំតំបន់អាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក បានប្រកាសចង់បង្កើតឱ្យមានក្រុមការងារសិក្សារួម គ្នារវាងមន្រ្តីជំនាញនៃ​ក្រសួង​បរិស្ថាន និងធនាគារពិភពលោកលើគម្រោងកិច្ចសប្រតិបត្ដិការ ដើម្បីពង្រឹងការគ្រប់​គ្រង​បរិស្ថាន និងសង្គមនៅកម្ពុជា។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងបរិស្ថាន។

ក្នុងជំនួបពិភាក្សាការងារ ជាមួយឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន លោក គ្រីស្តុវ ក្រេពីន (Chistope Crepin) ប្រធានប្រតិបត្តិការបរិស្ថាន និងធនធាន​ធម្មជាតិ នៃធនាគារពិភពលោក ប្រចាំតំបន់អាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក បានបង្ហាញការ​ចាប់អារម្មណ៍លើកការពង្រឹង​កិច្ច​សហ​ប្រតិបត្តិការលើការគ្រប់គ្រងបរិស្ថាននៅកម្ពុជា ដោយចង់បង្កើតឱ្យមានក្រុមការងារ​សិក្សារួម គ្នារវាងមន្រ្តីជំនាញនៃក្រសួងបរិស្ថាន និងធនាគារពិភពលោក លើគម្រោងកិច្ចសហ​ប្រតិបត្តិ​ការរួមគ្នាដើម្បីចូលរួមការអភិវឌ្ឍតំបន់ឆ្នេរ ជាពិសេសនៅខេត្តព្រះសីហនុ។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការពង្រឹងកិច្ច​សហការជាមួយដៃគូអភិវឌ្ឍន៍ ក្នុងគោលដៅ ដើម្បីពង្រឹងការគ្រប់គ្រងបរិស្ថាន និងសង្គមនៅ​កម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបានលើឡើងថា ការការពារ និងអភិរក្សធនធានធម្មជាតិ បានចូល​រួម​ចំណែកសំខាន់ដល់ចំណូលសេដ្ឋកិច្ចជាតិ ដែលក្នុងនោះបានមកពីវិស័យទេសចរណ៍ តាមរយៈកម្មវិធីអេកូទេសចរណ៍ ជាពិសេសនៅតំបន់ឆ្នេរ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ខេត្តព្រះសីហនុ គឺជាខេត្តប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ហើយ​កំពុងមានការអភិវឌ្ឍឈានទៅទីក្រុងទំនើបនៅក្នុងតំបន់មួយ។ ឯកឧត្តមក៏បានលើក​ទឹកចិត្តឱ្យមានការកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងធនាគារពិភពលោក លើការ​អភិវឌ្ឍដោយចីរភាពនៅក្នុងខេត្តព្រះសីហនុទាក់ទងនឹងទឹកស្អាត អគ្គិសនី ក៏ដូចជាប្រព័ន្ធលូ និងការគ្រប់គ្រងសំណល់រឹង សំរាម។

សូមបញ្ជាក់ថា ធនាគារពិភពលោក មានកិច្ចសហប្រតិបត្តិការល្អជាមួយរាជរដ្ឋាភិបាល​កម្ពុជា ក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ រួមទាំងការរៀបចំគម្រោង «និរន្តរភាពតំបន់ ទេស​ភាព និងទេសចរណ៍ធម្មជាតិ» ក៏ដូចជាបញ្ហាស្តីពីបរិស្ថាននានាលើពិភពលោក ដូចជា មូលនិធិអាកាសធាតុបៃតង និងគម្រោងភាពធន់នឹងអាកាសធាតុនៅតំបន់ដីសណ្តរទន្លេមេគង្គ ការគ្រប់គ្រងសំណល់ និងការបំពុលនៅតំបន់ទីប្រជុំជន និងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ។

ឯកឧត្តម សាយ សំអាល់ ក៏បានបង្ហាញពីកិច្ចការអាទិភាពដែលកំពុងរៀបចំប្រែក្លាយ​ខេត្តព្រះសីហនុជាខេត្តមានការអភិវឌ្ឍ ដោយរួមមាន៖ ទី១). ការពារសុខសុវត្ថិភាពសម្រាប់ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ព្រមទាំងវិនិយោគិន។ ទី២). ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និង ពង្រឹងគ្រប់គ្រងឱ្យបានល្អ កាត់បន្ថយការបំពុលខ្យល់។ ទី៣). ការគ្រប់គ្រងសំណល់រឹងរាវ និង សំរាម ឱ្យបានល្អដើម្បីធ្វើឱ្យខេត្តព្រះសីហនុមានសោភណភាព មានអនាម័យ បរិស្ថានស្អាត និងកាន់តែមានការទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត។ ទី៤). ការពង្រឹងសន្តិសុខនិងសណ្តាប់ ធ្នាប់ នៅក្នុងខេត្តព្រះសីហនុ ឱ្យបានល្អផងដែរ៕

ដោយ អ៊ុន រិទ្ធី