ឯកឧត្តម ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តប៉ៃលិន យកចិត្តទុកដាក់លើកកម្ពស់គុណភាព អប់រំនៅមូលដ្ឋាន

AKP ប៉ៃលិន ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ — ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេស​ចរណ៍នៃរដ្ឋសភា បានជំរុញឱ្យអាជ្ញាធរខេត្តប៉ៃលិនឱ្យយកចិត្តទុក​ដាក់លើក​កម្ពស់គុណភាពអប់រំនៅក្នុងមូលដ្ឋានខេត្តរបស់ខ្លួន ទាំងលើការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងការ​សិក្សារបស់សិស្សានុសិស្សឱ្យបានល្អ និងមានប្រសិទ្ធភាព។ ការលើកឡើងនេះ នៅក្នុងឱកាសដែលឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំគណៈប្រតិភូ ចុះសិក្សាឈ្វេងយល់ការងារ​នៅមូលដ្ឋានខេត្តប៉ៃលិន ព្រមទាំងបានជួបប្រជុំពិភាក្សាការ​ងារ​ជាមួយថ្នាក់ដឹកនាំខេត្ត និង​មន្ទីរពាក់ព័ន្ធ ជុំវិញខេត្ត កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩។ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានចែករំលែកបទពិសោធន៍ ដែលខេត្តមួយចំនួនបានអនុវត្តន៍​រួចហើយនៅក្នុងវិស័យអប់រំ យុវជន កីឡា ធម្មការ វប្បធម៌ និងទេសចរណ៍នេះ​ដល់ខេត្ត​ប៉ៃលិន និងបានលើកទឹកចិត្តឱ្យអាជ្ញាធរខេត្តបង្កើនគុណវុឌ្ឍលោកគ្រូ អ្នកគ្រូ តាមរយៈការ​រៀបចំ​វគ្គបំប៉ន ឬវគ្គចែករំលែក​បទពិសោធន៍ វិធីសាស្ត្រ និងគន្លឹះនៃការបង្រៀនរបស់​លោកគ្រូ អ្នកគ្រូ ដល់សិស្សា​នុសិស្សឱ្យកាន់តែច្បាស់លាស់ និងមានប្រសិទ្ធភាពទាំងនៅតំបន់​ទីប្រជុំ​ជនក៏ដូចជាការរៀបចំពង្រឹងហេដ្ឋារចនាសម្ព័ន្ធអប់រំ និងការគ្រប់គ្រងនៅសាលាតាម​បណ្តោយ​ព្រំដែន។

តាមរបាយការណ៍របស់ឯកឧត្តម ​ ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្ត​ប៉ៃលិន បានឱ្យដឹងថា ទាំងវិស័យអប់រំ យុវជន វប្បធម៌ និងទេសចរណ៍ នៅខេត្តប៉ៃលិនបាន​និងកំពុងមានការរីកចម្រើនបម្រើឱ្យការរៀនរបស់កូនចៅប្រជាពលរដ្ឋក្នុងខេត្តបានល្អ។ ឯកឧត្តមបានបន្ដថា បច្ចុប្បន្ននេះខេត្តប៉ៃលិនមានគ្រឹះស្ថានសិក្សាសាធារណៈសរុបចំនួន ៨២ទីតាំង ដែលនៅក្នុងនោះមានគ្រប់កម្រិតចាប់ពីមត្តេយ្យសិក្សាទៅ ហើយក្រោយពីបាន បញ្ចប់​កិច្ច​ប្រជុំជាមួយរដ្ឋបាលខេត្តប៉ៃលិនរួចមក ប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម​ ហ៊ុន ម៉ានី ក៏បានជួបសំណេះសំណាលសាកសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅ អនុវិទ្យាល័យផ្សារព្រំផងដែរ។

គួររម្លឹកដែរថា ខេត្តប៉ៃលិន គឺជាខេត្តទី១៤ហើយ ដែលប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម​ ហ៊ុន ម៉ានី បានចុះបំពេញបេសកកម្មឈ្វេងយល់តាមមូលដ្ឋាន៕

ដោយ ប៉ាល់ សុង