ក្រសួងបរិស្ថានរៀបចំទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ឆ្នាំ២០១៩នៅខេត្តមណ្ឌលគិរី

AKPភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ -រសៀលថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថានបានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី “ ការរៀបចំទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ឆ្នាំ២០១៩ ” ។

ប្រភពព័ត៌មានពីក្រសួងបរិស្ថានបានឱ្យដឹងថា កិច្ចប្រជុំបានផ្តោតទៅលើ ៖

១-ការបែងចែកតួនាទីភារកិច្ចរបស់គណ:កម្មការរៀបចំទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ឆ្នាំ២០១៩ ដែលមាន ៥អនុគណៈកម្មការចំណុះគឺ ១-អនុគណៈកម្មការរៀបចំទិវា ខ្លឹមសារ និងរចនាបទ។ ២-អនុគណៈកម្មការរៀបចំទីតាំងប្រារព្ធទិវា និងទទួលភ្ញៀវ។ ៣- អនុគណៈកម្មការសិល្ប: កម្មវិធីប្រកួតប្រជែង និងរូបភាពក្នុងទិវា។ ៤-អនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយក្នុងទិវា។ ៥-អនុគណៈកម្មការរៀបចំ និងផ្គត់ផ្គង់ថវិកា ។

២-ពិនិត្យពិភាក្សា និងសម្រេចនូវរបៀបវារៈកម្មវិធី និង ខ្លឹមសារសំខាន់ៗ នៃដំណើរការកម្មវិធីការរៀបចំទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ឆ្នាំ២០១៩ ដើម្បីឱ្យកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ក្នុងគោលបំណងលើកកម្ពស់ការគ្រប់គ្រង និងការអភិរក្សធនធានជីវចម្រុះនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងជាឱកាសសម្រាប់ផ្សព្វផ្សាយដល់សាធារណជនឱ្យកាន់តែយល់ដឹងពីតម្លៃ និងចូលរួមការពារជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ីរបស់យើង។

ប្រភពខាងលើបានគួសបញ្ជាក់ថា នៅឆ្នាំនេះ ក្នុងនាមជាប្រទេសហត្ថលេខី និងស្ថាប័នបង្គោលក្នុងការអនុវត្តអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះក្រសួងបរិស្ថានក្រោមប្រធានបទ “ ជីវ:ចម្រុះរបស់យើង អាហារយើង សុខភាពរបស់យើង ”នៅឧទ្យានសែនមនោរម្យ ខេត្តមណ្ឌលគិរី ៕

ដោយ ពេជ្រ ណារិទ្ធ