រដ្ឋបាលខេត្ត​កំពត ​បើកកិច្ចប្រជុំ​ពិភាក្សា​ស្ដីពី​ការត្រៀមរៀបចំ​ពិធីបុណ្យ​សមុទ្រ ​លើកទី៨ ជុំទី២ ឆ្នាំ២០១៩​

AKP កំពត ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ — រដ្ឋបាលខេត្ត​កំពត​បានបើកកិច្ចប្រជុំ​ពិភាក្សា​ ស្ដីពី​ការត្រៀមរៀបចំ​ពិធីបុណ្យ​សមុទ្រ​លើកទី៨ ជុំទី២ ឆ្នាំ២០១៩ ក្រោម​អធិបតីភាព​ ឯកឧត្តម បណ្ឌិត​ ថោង ខុន​ រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និងឯកឧត្តម ជាវ តាយ​អភិបាល​ នៃគណៈអភិបាលខេត្តកំពត។

ឯកឧត្តម ជាវ តាយ​ អភិបាលខេត្ត បានបញ្ជាក់កាលពីថ្ងៃទី០៦ ខែឧសភា ​ឆ្នាំ​២០១៩ ថា ពាក់ព័ន្ធ​សម្រាប់ពិធីបុណ្យសមុទ្រ​លើកទី៨ ជុំទី២ ដែលខេត្តកំពតត្រៀម ធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខនេះ រដ្ឋបាលខេត្ត​បានរៀបចំនូវហេដ្ឋារចនា​សម្ព័ន្ធមួយចំនួនរួច ហើយដែរ និងបន្តរៀបចំការងារមួយចំនួនបន្ថែមទៀតដោយត្រូវកែលម្អហេដ្ឋារចនា​សម្ព័ន្ធ​និងសោភណភាពជុំវិញទីតាំងពិធីនិងក្នុងក្រុងទាំងមូល។

ជាមួយនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានស្នើដល់គណៈកម្មការអន្តរក្រសួង ក៏ដូចជាឯកឧត្តមរដ្ឋមន្ត្រីថោង ខុន​មេត្តាជួយអន្តរាគមន៍លើការពន្លឿននូវការកសាង កំណាត់ផ្លូវចាប់ពីចំណុចផ្លូវប្រសព្វផ្លូវជាតិលេខ៣និងផ្លូវជាតិលេខ៤១រហូតដល់ក្រុងកំពតឱ្យបានរួចរាល់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិនិងប្រជាពលរដ្ឋ​មកលេងកម្សាន្តបុណ្យសមុទ្រចុងឆ្នាំ២០១៩នេះផងដែរ។​

នាឱកាសនោះ ឯកឧត្តមបណ្ឌិត ថោង ​ខុន ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បានបញ្ជាក់ថា​ បុណ្យសមុទ្រគឺជាបុណ្យមួយមានសារប្រយោជន៍ក្នុងការរួមចំណែកធ្វើឱ្យវិស័យទេសចរណ៍សម្រាប់ខេត្តទាំងបួនជាប់មាត់សមុទ្រ ពោលគឺចាប់ពីបានធ្វើបុណ្យសមុទ្រលើកទីមួយមក មានភ្ញៀវទេសចរជាតិ-អន្តរជាតិមកកម្សាន្តខេត្តទាំងបួនមានការកើនឡើងជាបន្តបន្ទាប់ ស្របទៅអ្វីដែលគោលដៅទាក់ទាញទេសចរណ៍ដែលរាជរដ្ឋាភិបាលបានកំណត់ស្រាប់។​
ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានអះអាងថា ពិធីបុណ្យសមុទ្រនៅ ខេត្តកំពតនាចុងឆ្នាំ២០១៩នេះ នឹងខិតខំរៀបចំឱ្យមានភាពទាក់ទាញប្រសើរជាងឆ្នាំមុនៗ ជាមួយនឹងផលិតផលទេសចរណ៍ថ្មីៗប្លែកភ្នែកជាច្រើន ដើម្បីជាគំរូ សម្រាប់ការរៀបចំបុណ្យសមុទ្រលើកក្រោយៗទៀត ។ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងបន្តថា នៅសល់ពេលតែ៦ខែទៀតប៉ុណ្ណោះ បុណ្យសមុទ្រនឹងចូលមកដល់ហើយ។​ ដូច្នេះរដ្ឋបាលខេត្ត មន្ទីរជំនាញ និងអ្នកពាក់ព័ន្ធ ត្រូវចាប់ផ្តើមត្រៀមរៀបចំការងារបុណ្យសមុទ្រនេះពីឥឡូវនេះទៅដែលជាបុណ្យសមុទ្រលើកទី៨ ជុំទី២នៅខេត្តកំពតនាចុងឆ្នាំ២០១៩នេះដើម្បីឱ្យអ្នកដែលចូលរួមនឹងមើល ឃើញអ្វីដែល ជាផលិតផលទេសចរណ៍ប្លែកៗ អ្វីដែលជាសក្ដានុពល និងភាពរីកចម្រើនឥតឈប់ ឈររបស់ខេត្តកំពត ពិសេសក្រុងកំពតដែលសម្បូរ សំណង់បុរាណកេរដំណែល ពីសម័យបារាំង ដ៏សែនស្រស់ឆើតឆាយនៅពេលយប់ នាពេលបច្ចុប្បន្ននេះ។

ឯកឧត្តមបានបន្តថា រូបឯកឧត្តម និងរដ្ឋបាលខេត្ត ក្រុងស្រុក នឹងរួមគ្នាធ្វើឱ្យពិធី បុណ្យសមុទ្រនៅខេត្តកំពតនេះមានភាពទាក់ទាញ ប្លែកភ្នែកជាងឆ្នាំកន្លងទៅ។ ក្នុងនោះលោកស្នើឱ្យមន្ទីរជំនាញនិងអាជ្ញាធរត្រូវរៀបចំតំបន់គោលដៅទេសចរណ៍នានាក្នុងខេត្តសាជាថ្មីឡើងវិញ ធ្វើយ៉ាងណាឱ្យស្អាត មានសុវត្ថិភាព និងបរិស្ថានអនាម័យល្អ ជាងមុនរួមនិងការជំរុញផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនសាធារណជនបានដឹងពីពិធីបុណ្យសមុទ្រនៅខេត្តកំពតចាប់ពីពេលនេះតទៅផងដែរ។

ដោយឡែករដ្ឋបាលខេត្តក៏ត្រូវសម្រួលនិងគិតគូរអំពីផ្លូវធ្វើដំណើរ ទៅកាន់តំបន់ គោលដៅទេសចរណ៍ ឬរមណីយដ្ឋានក្នុងខេត្ត ឱ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរ ត្រូវជួសជុល ឬត្រូវធ្វើថ្មីតែម្តង ដើម្បីឆ្លើយតបបានទៅនឹងរាជរដ្ឋាភិបាលដែលកំណត់ថា ជាខេត្តគោលដៅទេសចរណ៍បែបប្រវត្តិសាស្ត្រ កសិទេសចរណ៍ធម្មជាតិ នឹងជាផ្នែកមួយនៃមជ្ឈមណ្ឌលពាណិជ្ជកម្ម និងការផ្លាស់ប្តូរសេដ្ឋកិច្ចទេសចរណ៍ផងដែរ។

ជាមួយនោះឯកឧត្តម រដ្ឋមន្ត្រី ក៏បានណែនាំការដាក់តាំងពិព័រណ៍ផលិតផល ក្នុងស្រុក ដើម្បីសម្គាល់អត្តសញ្ញាណរបស់ខេត្ត ឬតំបន់ភូមិឃុំនៃស្រុក។ ពិសេស ត្រូវដាក់ស្លាកឈ្មោះ ផលិតផលកសិផលផ្សេងៗ ចៀសវាងការដាក់តាំងបន្លំ ផលិតផលរបស់គេថាជា របស់ខេត្តកំពត។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានស្នើសុំឱ្យមានការចូលរួម សម្អាតអនាម័យទាំងអស់គ្នា ជាពិសេសប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តត្រូវតុបតែង សម្អាតគេហដ្ឋានរបស់ខ្លួនដើម្បីឱ្យមានភាពទាក់ទាញ៕

ដោយ ប្រាក់ លាង (រូបថត៖ក្រសួងទេសចរណ៍)