គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាលើកទិសដៅអភិវឌ្ឍន៍វិស័យកីឡា ខ្សោយសតិបញ្ញា

AKP ភ្នំពេញ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ — គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានរៀបចំសន្និបាតរបស់ខ្លួន កាលពីល្ងាច ថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ២០១៩ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បី​បូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារ ឆ្នាំ២០១៩ ដោយបាន​លើក ឡើងនូវទិសដៅអភិវឌ្ឍន៍វិស័យកីឡាជនពិការខ្សោយសតិបញ្ញា នៅទូទាំងប្រទេសឱ្យ​កាន់តែល្អប្រសើរបន្ថែមទៀត។ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្ប​ទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានមានប្រសាសន៍​ថា គណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកកម្ពុជាមានការទទួលខុសត្រូវក្នុងការអភិវឌ្ឍវិស័យ កីឡាជនពិការខ្សោយសតិបញ្ញានៅប្រទេសកម្ពុជាដោយទទួលបានការសហការគ្នាយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកសាខារបស់ខ្លួន ដោយ​ បានបង្កើតអនុគណៈ កម្មាធិការរាជធានី-ខេត្ត។ ឯកឧត្តមបានបន្ដថា បច្ចុប្បន្ន គណៈកម្មាធិការជាតិមួយនេះ​មាន​សាខា​របស់ខ្លួនចំនួន១៣ខេត្ត និងកំពុងបន្តពង្រីកទៅបណ្តាខេត្តមួយចំនួនទៀត ដើម្បីផ្តល់​ឱកាសឱ្យជនខ្សោយសតិបញ្ញទំាងក្មេង ទំាងចាស់ នៅទូទាំងប្រទេសបានចូលរួមក្នុងសកម្ម ភាពសង្គមតាមរយៈវិស័យកីឡាឱ្យកាន់តែផុសផុលឡើង។
ក្នុងកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងបន្តទិសដៅការ ងារឆ្នាំ​២០១៩ ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិស្ប៉េស្បាល់អូឡាំពិកកម្ពុជាបានប្រគល់ជូន ប្រាក់​រង្វាន់លើកទឹកចិត្តដល់កីឡាករ-កីឡាការិនីខ្សោយសតិបញ្ញា គ្រូបង្វឹក គ្រូជំនួយ និងអ្នកមើល​ថែពីការប្រកួតលក្ខណៈអន្តរជាតិនានាថ្នាក់អនុតំបន់មេគង្គ ផងដែរ។

សូមរម្លឹកថា ចំពោះការចូលរួមប្រកួតលក្ខណៈអន្តរជាតិ នាពេលកន្លងមក របស់វិស័យ កីឡាជនពិការ ខ្សោយសតិបញ្ញាកម្ពុជា គឺដណ្តើមបានមេដាយសរុបចំនួន៨៤គ្រឿង ក្នុងនោះ មានមេដាយមាស ៣៤គ្រឿង មេដាយប្រាក់ ៥៣គ្រឿង និងមេដាយសំរឹទ្ធិចំនួន៨គ្រឿង៕

ដោយ ហេង​ ណាលីន