កម្ពុជាបានឯកភាពរក្សាផ្តល់សេវាស្មុំកូនអន្តរប្រទេសដល់ទីភ្នាក់ងារចំនួន៨ សម្រាប់រយៈពេល៣ឆ្នាំទៀត

AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ — កម្ពុជាបានឯកភាពរក្សាផ្តល់សេវាស្មុំកូនអន្តរប្រទេសដល់ទីភ្នាក់ងារចំនួន៨ សម្រាប់ រយៈពេល៣ឆ្នាំបន្តទៀត។ ការឯកភាពនេះបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម នឹម ថូត រដ្ឋលេ​ខាធិ​ការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាជាមួយ លោក Gianni Bardini ស​មាជិកអាជ្ញាធរកណ្តាលនៃប្រទេសអីតាលី និងជាតំណាងក្រសួង ការបរទេសអ៊ីតាលី តំណា​ងស្ថានទូតអ៊ីតាលីកាលពីរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។នៅក្នុងកំណត់ហេតុ ដែលបានចុះហត្ថលេខាក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីកិច្ចព្រមព្រៀង កំណត់ចំនួនទីភ្នាក់ងារស្មុំកូនអន្តរប្រទេសកម្ពុជា-អ៊ីតាលីបានឱ្យដឹងថា ភាគីទាំងពីរបាន សម្រេច និងឯកភាពបន្តរក្សាចំនួនទីភ្នាក់ងារ៨ ដដែលស្របតាមកិច្ចព្រមព្រៀង ស្តីពីការ កំណត់ចំនួនទីភ្នាក់ងារស្មុំកូនអន្តរប្រទេស ដែលត្រូវបានអនុញ្ញាតឱ្យផ្តល់សេវានៅក្នុងប្រទេស កម្ពុជាដែលចុះហត្ថលេខានៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ ដោយឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គឺនៅមានសុពលភាព ដោយស្វ័យប្រវត្តិសម្រាប់ ៣ឆ្នាំទៀត។ តែភាគីកម្ពុជាបានស្នើសុំចែកចំនួនទីភ្នាក់ងារទាំង ៨ ជាពីរក្រុម ហើយមួយក្រុមមានចំនួន ៤ទីភ្នាក់ងារ ដែលត្រូវបែងចែកដោយអាជ្ញាធរកណ្តាល ស្មុំកូនអន្តរប្រទេសនៃព្រះរាជាណាចក្រកម្ពុជា និងដោយមានភាគីអីតាលីបានយល់ព្រម។ ទីភ្នាក់ងារនីមួយៗមានសិទ្ធិ និងកាតព្វកិច្ចដូចគ្នាក្នុងការអនុវត្ត និងទទួលខុសត្រូវចំពោះ មុខច្បាប់ពាក់ព័ន្ធនឹងស្មុំកូនអន្តរប្រទេសរបស់ប្រទេសទាំងពីរ(កម្ពុជា-អ៊ីតាលី)។ ក្នុងករណី ក្រុមណាមួយមានចំនួនទីភ្នាក់ងារមិនគ្រប់ចំនួន៤ ក្រុមនោះអាចបញ្ចូលបន្ថែមទីភ្នាក់ងារ ផ្សេងទៀត ដែលមានបេសក កម្មដូចគ្នាបានដោយមានការវាយតម្លៃ ឯកភាព និងអនុញ្ញាត ពីអាជ្ញាធរកណ្តាលស្មុំកូនអន្តរប្រទេសនៃប្រទេសអ៊ីតាលី។ ក្រុមនីមួយ​ៗមិនអនុញ្ញាតឱ្យមាន ចំនួនលើសពីចំនួន ៤ឡើយ។

ក្រោយពីចុះហត្ថលេខាលើកំណត់ហេតុនេះរួចរាល់ ភាគីទាំងពីរនឹងរាយការណ៍ជូន អាជ្ញាធរកណ្តាលស្មុំកូនអន្តរប្រទេសនៃប្រទេសទាំងពីរ(កម្ពុជា-អ៊ីតាលី) អំពីលទ្ធផលនៃកិច្ច ពិភាក្សា និងចាប់ផ្តើមរៀបចំឯកសារពាក់ព័ន្ធ ជាពិសេសគោលការណ៍ណែនាំដល់ទីភ្នាក់ងារ ដែលត្រូវបានទទួលស្គាល់ ដើម្បីដំណើរការស្មុំកូនអន្តរប្រទេសស្របតាមច្បាប់ស្មុំកូនអន្តរ ប្រទេសនៃប្រទេសកម្ពុជា។ ភាគីទាំងពីរកម្ពុជា និងអ៊ីតាលី ដែលតំណាងឱ្យ អាជ្ញាធរកណ្តាលស្មុំកូននៃប្រទេសទាំងពីរបានឯកភាពគ្នា ទោះបីកិច្ចព្រមព្រៀងបន្តដោយ ស្វ័យប្រវត្តិ៣ឆ្នាំម្តងក៏ដោយ ក៏ភាគីទាំងពីរចាំបាច់កំណត់ពេលវេលា ទីកន្លែងដើម្បីជួប ពិភាក្សាវាយតម្លៃលទ្ធផលបណ្តាឆ្នាំកន្លងមក នៃកិច្ចសហប្រតិបត្តិការ និងលើកទិសដៅ សម្រាប់៣ឆ្នាំបន្តទៀត៕

ដោយ ប៉ាល់ សុង