ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកក្រូចឆ្មារ ទទួលអំណោយសង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ

AKP ត្បូងឃ្មុំ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ -នៅថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ រួមជាមួយលោក រស់ សុខន នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីក្រុមប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ស្រុក និងឃុំ នាំយកអំណោយសង្គ្រោះបន្ទាន់ ជាស្បៀងអាហារ និងថវិកាទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ១៣គ្រួសារ ដែលទទួលរងគ្រោះដោយធម្មជាតិខ្យល់កន្ត្រាក់ធ្វើ ឱ្យរលំ និងរបើកដំបូលផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ។

នៅក្នុងឨកាសជួបសំណេះសំណាលជាមួយបងប្អូនរងគ្រោះទាំង១៣គ្រួសារ ឯកឧត្តម ហាក់ សុខមករា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនរងគ្រោះទាំងអស់ ដោយក្តីនឹករលឹក ព្រមទាំងបានសម្ដែងនូវការសោកស្តាយ និងក្ដីអាណិតអាសូរ ។

ឯកឧត្តម ហាក់ សុខមករា ក៏បានជម្រាបជូនបងប្អូនដែលរងគ្រោះទាំងអស់ថា ចំពោះអំណោយចែកជូនបងប្អូននាពេលនេះ គឺដើម្បីជួយសម្រួលនូវតម្រូវការចាំបាច់ភ្លាមៗរបស់បងប្អូន ព្រមទាំងស្នើជំរុញឱ្យកងកម្លាំងប្រដាប់អាវុធ រួមទាំងក្រុមការងារចុះជួយរៀបចំផ្ទះសម្បែងដែលរងការខូចខាតរបស់បងប្អូនឡើងវិញ ក្នុងនាមអាណាព្យាបាលរបស់ពួកគាត់។

លោក រស់ សុខន នាយកសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលរងគ្រោះទាំង១៣គ្រួសារ គឺ១២គ្រួសារ នៅភូមិទួលតាកោ និង១គ្រួសារនៅភូមិជើងច្រង់ ស្ថិតក្នុងឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ ចំពោះអំណោយដែលចែកជូននាពេលនោះ ក្នុង១គ្រួសារៗ រួមមាន ថវិកា ១០ម៉ឺនរៀល, អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ទឹកបរិសុទ្ធ១កេស, តង់កៅស៊ូ១ និង ថវិកា២០ម៉ឺនរៀលសម្រាប់គ្រួសារដែលខូខាតផ្ទះសម្បែងធ្ងន់ធ្ងរ៕

ដោយ សោម ឫទ្ធី