អាជ្ញាធរខេត្តបន្ទាយមានជ័យបន្តជំរុញអនុវត្តន៍ផែនការប្រយុទ្ធប្រឆាំងគ្រឿង​​ញៀន​ខុសច្បាប់

AKP បន្ទាយមានជ័យ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ -អាជ្ញាធរខេត្តបន្ទាយមានជ័យបានប្តេជ្ញាបន្តជំរុញពង្រឹង អនុវត្តន៍វិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតដើម្បីបង្ការទប់ស្កាត់មិនឱ្យគ្រឿងញៀនបង្កឥទ្ធិពលញាំញីបំផ្លិចបំផ្លាញសង្គមជាតិតាមទស្សនវិស័យចូលរួមទាំងអស់គ្នាដើម្បី​ជីវិត និងសហគមន៍គ្មាន​គ្រឿងញៀន។

នៅក្នុងកិច្ចប្រជុំ​ផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី​៤​ឆ្នាំ​២០១៩ ​កាលពី​អង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស​២៥៦២ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩នេះលោក អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយ​មានជ័យ បានជំរុញដល់មន្ត្រីបណ្តាអង្គ ភាព មន្ទីរពាក់ព័ន្ធ អាជ្ញាធរឃុំ សង្កាត់ ក្រុង ស្រុក និងកងកម្លាំង​សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក្នុងខេត្ត ​ឱ្យបន្តការរួមគ្នាប្រឹងប្រែងពង្រឹងការអនុវត្ត​វិធានការ ប្រយុទ្ធប្រឆាំងគ្រឿងខុសច្បាប់ លើកទី៤នេះឱ្យបានម៉ឺងម៉ាត់និងដូចភ្លៀងរលឹមដើម្បីទប់ស្កាត់ការរីករាលដាលចំនួនអ្នកញៀន និងរួមចំណែកកាត់បន្ថយ​បទល្មើសផ្សេងៗដែលជះឥទ្ធិពលពីគ្រឿងញៀននោះ។

លោកអភិបាលរងខេត្តបានគូសបញ្ជាក់ថា នៅខេត្តបន្ទាយមានជ័យកន្លងមកនេះការ អនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគឿងញៀននេះបានធ្វើឡើងក្រោមកិច្ចសហការរួមគ្នានៃកង កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការ អង្គការសង្គមស៊ីវិល អាជ្ញាធរមូលដ្ឋាន និងប្រជា ពលរដ្ឋគ្រប់ស្រទាប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹង​ប្រែង​តាម​រយៈវិធានការនានារួមមាន វិធាន អប់រំរដ្ឋបាល ការអនុវត្តច្បាប់ ការព្យាបាលស្តារនីតិសម្បទា សមាហរណកម្ម និងវិធានការកិច្ច សហប្រតិបត្តិការអន្តរជាតិ។

លោក អ៊ុំ រាត្រី បានបន្តទៀតថា ឆ្លងតាមសកម្មភាពទាំងអស់នេះហើយដែលធ្វើឱ្យការ អនុវត្តនូវផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នាពេលកន្លងនេះនៅខេត្តបន្ទាយមានជ័យដោយ ទទូលបានលទ្ធផលដោយបានធ្វើការផ្សព្វផ្សាយ និងអប់រំខ្លឹមសារផែនការយុទ្ធនា ការប្រយុទ្ធប្រឆាំងគ្រៀងញៀនខុសច្បាប់ភូមិឃុំមានសុវត្ថិភាពនិងផលអវិជ្ជមានការប្រើប្រាស់គ្រឿងញៀនបានទូលំទូលាយនៅក្នុងមូលដ្ឋានជាមួយនិងសកម្មភាពចុះប្រតិបត្តិការបង្ក្រាប​បានជាច្រើនករណីទៀតផង។ ក្នុងនោះដែរវិធានការព្យាបាល និងស្តារនីតិសម្បទា ក៏បានធ្វើ នៅតាមមណ្ឌលអប់រំកែប្រែមណ្ឌលសុខភាព ដោយបានទទួលការព្យាបាល បន្សាបគ្រឿង ញៀន​​​ហើយបានសមាហរណកម្មទៅក្នុងសហគមន៍​ជាបន្តបន្ទាប់។

នៅក្នុងឱកាសនេះដែរអភិបាលរងខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី ក៏បានបង្ហាញនូវ​ទិសដៅអនុវត្តន៍បន្តដោយជំរុញអប់រំបំផុសចលនាលើកទឹកចិត្តឱ្យមានការចូលរួមកុះករពីគ្រប់សមាសភាពនៃសង្គមប្រជាពលរដ្ឋ ជាពិសេសស្រទាប់យុវជនយុវនារី សហការបង្ការទប់    ស្កាត់និងប្រយុទ្ធប្រឆាំងគ្រឿងញៀន។ក្នុងនោះយកចិត្តទុកដាក់គ្រប់គ្រងឱ្យបាននូវមុខសញ្ញាជួញដូរ ក៏ដូចជាធ្វើការអប់រំផ្សព្វផ្សាយអំពីគ្រោះថ្នាក់ដោយសារគ្រឿងញៀន និងច្បាប់ស្តីពីការ ត្រួតពិនិត្យគ្រឿងញៀនឱ្យបានទូលំទូលាយគ្រប់រូបភាពគ្រប់ទីកន្លែងចំគោលដៅ និងចំមុខ សញ្ញាងាយរងគ្រោះ ជាពិសេសសិស្សានុសិស្ស កម្មករ ពលករ សំដៅឱ្យពួកគាត់ចៀសឱ្យ ឆ្ងាយពីគ្រឿងញៀន និងខិតខំប្រមូលផ្តុំលើកកម្ពស់សមត្ថភាព លទ្ធភាពគ្រប់គ្រងព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿង​ញៀន ឱ្យបានប្រសើរឡើងថែមទៀត ៕

ដោយ ឈុន សារ៉ាត