អភិបាលបាលខេត្តសៀមរាប ចុះហត្ថលេខាលើក្រាំងមាសអបអរសាទរ នៃការឡើងគ្រងរាជ្យរបស់ព្រះចៅអធិរាជជប៉ុន

AKP សៀមរាប ថ្ងៃទី០​៧ ខែឧសភា ឆ្នាំ២០១៩ — កាលពីថ្ងៃចន្ទ ៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ នៅការិយាល័យអគ្គកុងស៊ុលជប៉ុនប្រចាំនៅខេត្តសៀមរាប    ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំមន្រ្តីក្រោមឱវាទរបស់ខ្លួន ដើម្បី ចុះហត្ថលេខាលើក្រាំងមាស អបអរសាទរ ព្រះករុណា ណារ៉ូហ៊ីតូ ជាព្រះចៅអធិរាជជប៉ុន ដែលបានឡើងគ្រងរាជ្យកាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩។

ឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រ កម្ពុជា បានឱ្យដឹងថា ទំនាក់ទំនងរវាងព្រះរាជវង្សានុវង្សកម្ពុជា ជាមួយជប៉ុន បានចាប់ផ្តើម ក្នុងអំឡុងពេលដែលមានព្រះរាជទស្សនកិច្ចរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសជប៉ុន ក្នុងឆ្នាំ១៩៥៣។

នៅក្នុងឆ្នាំ២០១០ ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានយាងបំពេញព្រះរាជទស្សនកិច្ចជាផ្លូវរដ្ឋទៅកាន់ប្រទេសជប៉ុន។ នៅក្នុងខែមិថុនា ឆ្នាំ២០១២ នៅពេលដែលព្រះករុណា ណារ៉ូហ៊ីតូ នៅជាព្រះអង្គម្ចាស់ រាជទាយាទ ព្រះអង្គបានយាងមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងអំឡុងពេលនៃដំណើរបំពេញព្រះរាជទស្សនកិច្ចនាពេលនោះ ព្រះករុណា ណារ៉ូហ៊ីតូ បានយាងគាល់ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងបានយាងជួបសវនាការជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ព្រមទាំងបានយាងសំណេះសំណាលជាមួយនិស្សិត ដេប៉ាតឺម៉ង់ ភាសាជប៉ុន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បន្ទាប់ពីនោះព្រះកុណា ណារ៉ូហ៊ីតូ បានយាងព្រះរាជទស្សនកិច្ចប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន ក្នុងតំបន់វប្បធម៌ប្រវត្តិ សាស្រ្តដ៏ល្បីល្បាញរបស់ពិភពលោក ។

ក្នុងសាររបស់ឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា បានបញ្ជាក់ទៀតថា ឥឡូវនេះ រជ្ជកាលថ្មី ( Reiwa ) នឹងចាប់ផ្តើម។ ពាក្យ Reiwa មានន័យថា វប្បធម៌នឹងត្រូវបានរីកលូតលាស់ឡើង នៅពេលដែលដួងចិត្តរបស់ប្រជាជនទាំង២ រួមគ្នាជាធ្លុងមួយ ប្រកបដោយសុខដុមរមនា។ រជ្ជកាល Reiwa ប្រជាជនជប៉ុននិងប្រជាជនកម្ពុជា បន្តលើកស្ទួយមិត្តភាពនិងការផ្លាស់ ប្តូរវប្បធម៌ទៅវិញទៅមក។ ជប៉ុននិងកម្ពុជា កាន់តែជិតស្និទ្ធក្នុងរជ្ជកាលថ្មីនេះ៕

ដោយ ហង្ស សៀក