NOCC រំពឹងថា ទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិនៅខែក្រោយនេះ នឹង ស្រូបបានអ្នកចូលរួមច្រើនជាង៥.០០០នាក់

AKP ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ — អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់ថា ទិវារត់ប្រណាំង ភ្នំពេញ​ពាក់កណ្ដាលម៉ារ៉ា តុងអន្ដរជាតិ លើកទី៩ ដែលនឹងរៀបចំនាថ្ងៃទី ១៦ ខែមិថុនា ខាងមុខ នឹងបន្ថែមអត្ថន័យថ្មីមួយទៀតគឺការ​ផ្សព្វ​ផ្សាយ ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើ ម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ និងអាចទាក់ទាញបានអ្នកចូលរួមរត់ជាតិ និងអ​ន្តរជាតិច្រើនជាង៥.០០០នាក់។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ នៅសណ្ឋា គារ ហ៊ីម៉ាវ៉ារី ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា​បានមានប្រសាសន៍ថា ក្រោមការណែនាំរបស់ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា សម្រាប់ឆ្នាំនេះជាឆ្នាំដែលកម្ពុជា​ត្រូវពង្រីកសក្ដានុពល និងអនុវត្តន៍​ផែន ការស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដូច្នេះគ្រប់សកម្មភាពទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ នានារបស់កម្ពុជានឹងត្រូវកំណត់អត្ថន័យថ្មីមួយទៀត តាមរយៈការផ្សព្វផ្សាយស៊ីហ្គេម២០២៣ ជាមួយនឹងពង្រឹងលទ្ធភាពផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាទេសចរណ៍បែប នេះឱ្យកាន់តែធំ​ជោគ​ជ័យថ្មីៗថែមទៀត។

ឯកឧត្តមអគ្គលេខាធិការបានអះអាងថា មកទល់ពេលនេះ​ទិវារត់ប្រណាំង​ភ្នំពេញពាក់កណ្ដាល ម៉ារ៉ាតុង អន្ដរ ជាតិ លើកទី៩ ឆ្នាំ២០១៩ ទទួលបានអ្នកចុះឈ្មោះចូលរួម​ជាង១.០០០នាក់ហើយ ដែលចំនួននេះត្រូវបានរំពឹង ទុកថានឹងទាក់ទាញអ្នកចូលរួមច្រើន​ជាងឆ្នាំមុន ក្នុងចន្លោះប្រមាណ៥.០០០នាក់។ ឯកឧត្តមបានបន្ដថា គោលបំណងសំខាន់ នៃ​ព្រឹត្តិការណ៍នេះ គឺដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហា​ក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព និងសេចក្តីថ្លៃថ្នូរ ក៏ដូច​ជាចូលរួមផ្សព្វផ្សាយការរត់ ដើម្បីទីក្រុងស្អាត-បៃតង និងប្រមូលថវិកាសប្បុរសជន ជួយដល់ មន្ទីរពេទ្យគន្ធបុប្ជាជាដើម។

លោក សែម ផល្លា អ្នកចាត់ការទូទៅទិវាម៉ារ៉ាងតុងអន្តរជាតិនៅកម្ពុជាគូសបញ្ជាក់ថា វិញ្ញាសាដែលដាក់ឱ្យប្រកួត គឺមានរត់លើចម្ងាយផ្លូវ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និង៣គីឡូ ម៉ែត្រ ដោយទីតាំងចេញដំណើរ និងដល់ទីស្ថិតនៅមុខព្រះបរមរាជវាំង។ លោកសំណូមពរ ឱ្យអ្នកធ្វើដំណើរនានាមេត្តាយោគយល់និងរក្សា ការធ្វើដំណើរតាមការកំណត់ និងបញ្ជា​ចរាចរ​ពីមន្ត្រីនគរបាល ដោយធ្វើយ៉ាងណាចូលរួមសណ្តាប់ធ្នាប់ និងផ្តល់អាទិភាពជូនដល់​អ្នករត់ជាតិ និងអន្តរជាតិនានា៕

ដោយ ហេង ណាលីន