អភិបាល​ខេត្ត​កោះកុងអំពាវនាវ​ឱ្យប្រជាពលរដ្ឋ បញ្ឈប់​ជា​បន្ទាន់ការកាប់​ទន្ទ្រាន​ដី​ព្រៃរបស់​រដ្ឋ​

AKP កោះកុង ថ្ងៃ​ទី០៧ ខែ​ឧសភា​ ឆ្នាំ២០១៩ -នៅ​ថ្ងៃចន្ទ ៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ​ទី០៦ ខែ​ឧសភា​ ឆ្នាំ២០១៩ លោកជំទាវ មិថុនា ភូថង អភិបាល​ខេត្ត​កោះកុង បាន​ចេញ​សារមួយដោយ​អំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យកាប់​ទន្ទ្រានព្រៃយកដី​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួនក្នុង​តំបន់​ហាមឃាត់ នៅក្នុង​ខេត្ត​កោះកុង​ ព្រោះនោះ​គឺជា​អំពើ​ល្មើស​ច្បាប់ ។ នេះជាការជូនដំណឹង​ដល់​ ​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ជ្រាប​ព្រោះកន្លងមក​មានប្រជាពលរដ្ឋ​មួយចំនួន បាន​ចូល​កាប់​ទន្ទ្រាន​ព្រៃ​របស់​រដ្ឋ នៅក្នុង​តំបន់​ហាមឃាត់ យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ។

លោកជំទាវ មិថុនា ភូថ​ង បាន​អំពាវនាវបែបនេះនៅក្នុងការចុះពិនិត្យមើលការទំនាស់ព្រៃឈើនៅស្រុកថ្មបាំងថា អាស្រ័យហេតុនេះសូមបងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​បញ្ឈប់​ជាបន្ទាន់ នូវ​សកម្មភាព​កាប់​ទន្ទ្រាន​ដី​ព្រៃរបស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ ឬ​លក់​ឱ្យ​អ្នកដទៃ​។ សូមបងប្អូនប្រជាពលរដ្ឋ​ទាំងអស់​មេត្តា កុំ​ចាញ់ល្បិច​ញុះ​ញង់ បោក​បញ្ឆោត របស់​ជន​ឆ្លៀតឱកាស​មួយចំនួនដែល​ចង់បានប្រយោជន៍​ផ្ទាល់ខ្លួន​។ បើ​មិន​ដូច្នោះ​ទេបងប្អូនប្រជាពលរដ្ឋទាំងនោះ នឹង​ត្រូវ​ប្រឈមមុខជាមួយ​ច្បាប់​ជា​ធរមាន​។ លោកជំទាវសង្ឃឹមថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នឹង​បញ្ឈប់​នូវ​សកម្មភាពកាប់​ទន្ទ្រាន​ដីព្រៃរបស់​រដ្ឋ ដោយ​ខុសច្បាប់ និង​មិន​បន្ត​ចាញ់ល្បិច​បោកប្រាស់ ញុះ​ញង់​របស់​ជនខិលខូច ឆ្លៀត​ឱកាស​ទៀតនោះឡើយ​។

លោកជំទាវ អភិបាលខេត្ត បានមាប្រសាសន៍ទៀតថា ប្រសិនបើបងប្អូននៅតែបន្ត ស្តាប់តាមការញុះញង់របស់ជនខិលខូច ហើយនៅតែបន្តកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋទៀតនោះ សមត្ថកិច្ចនឹងចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ពេលនោះបងប្អូនដែលល្មើសច្បាប់នឹងមានទោសជាមិនខាន៕​

ដោយ ណយ នឿន