ប្រធានគណៈកម្មការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៃសភានិយាយភាសាបារាំង បំពាក់គ្រឿងឥស្សរិយយសដល់ឥស្សរជនកម្ពុជាចំនួន៤រូប

AKP ភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ — ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃសភានិយាយភាសាបារាំង (APF) ទទួលបានការបំពាក់ គ្រឿងឥស្សរិយយសថ្នាក់ធិបឌិន្ទ លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោ​ស​នាការ និងព័ត៌មាននៃព្រឹទ្ធសភា និងជាអនុប្រធាន ក្រុម សភាជាតិកម្ពុជា នៃសភានិយាយភាសាបារាំង (APF) ទទួលបានការបំពាក់គ្រឿង ឥស្សរិយ យសថ្នាក់ធិបឌិន្ទ ឯកឧត្តមបណ្ឌិត ឃឹម ឈុនអ៊ី ទីប្រឹក្សាច្បាប់អមរដ្ឋសភា និងជា ទីប្រឹក្សាក្រុមសភាជាតិកម្ពុជា នៃសភានិយាយភាសាបារាំង(APF) ទទួលបានការបំពាក់គ្រឿង ឥស្សរិយយសថ្នាក់សេនា និងឯកឧត្តម ហេង រដ្ឋា ទីប្រឹក្សា ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា ប្រធាននាយកដ្ឋានស្រាវជ្រាវកិច្ចការ អន្តរជាតិ នៃអគ្គលេខា​ធិការដ្ឋានរដ្ឋសភា និងជាប្រធានលេខាធិការដ្ឋានរដ្ឋបាល នៃក្រុមសភាជាតិកម្ពុជា នៃសភា និយាយភាសាបារាំង (APF) ទទួលបានគ្រឿងឥស្សរិយយស ថ្នាក់អស្សឫទ្ធិ ពីលោកជំទាវ អង់ហ្សេលីក ហ្គូម៉ា (ANge’lique NGOMA)ប្រធានគណៈកម្មការ កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ APF។ការបំពាក់គ្រឿងឥស្សរិយយសជូនឥស្សរជនកម្ពុជាចំនួន ៤រូបនេះ បានធ្វើឡើង ក្នុងឱកាសលាងសាយភោជន៍ជូនចំពោះគណៈប្រតិភូសភានិយាយភាសាបារាំង កាលពីយប់ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីកិច្ចប្រជុំគណៈកម្មការកិច្ចសហ ប្រតិបត្តិការ និងអភិវឌ្ឍន៍ នៃសភានិយាយភាសាបារាំង APF នៅកម្ពុជា រយៈពេល២ថ្ងៃបាន បញ្ចប់ដោយ ជោគជ័យ។

លោកជំទាវ អង់ហ្សេលីក ហ្គូម៉ា (ANge’lique NGOMA)ប្រធានគណៈកម្មការ កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ APFបានបញ្ជាក់ជូនថា ការបំពាក់គ្រឿងឥស្សរិយយស ថ្នាក់អន្តរជាតិ ជូនដល់ឥស្ស​រជនកម្ពុជាទាំង ៤រូបនេះ គឺជាការបង្ហាញពីការទទួលស្គាល់ នូវស្នាដៃគុណសម្បត្តិ ដ៏ឧត្ដុង្គឧត្ដមរបស់បុគ្គល ដែលមានលក្ខណៈសម្ប​​ត្តិបម្រើឱ្យគុណតម្លៃ និងឧត្ដមភាពសភា និងប្រទេសនិយាយភាសាបារាំង (ហ្វ្រង់កូហ្វូនី)។លោកជំទាវប្រធាន គណៈកម្មការកិច្ចសហប្រតិបត្តិការ និងអភិ​វឌ្ឍ​ន៍ APF​ ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះសភាកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំនេះប្រព្រឹត្តទៅដោយរលូន ទទួលបានលទ្ធផលល្អនិងប្រកបដោយជោគជ័យ។

តាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាបានឱ្យដឹងថា គណៈកម្ម ការសហប្រតិបត្តិការ និងអភិវឌ្ឍន៍ គណៈកម្មការមួយក្នុងចំណោមគណៈកម្មការជំនាញ ចំនួន៥ទៀតរបស់សភានិយាយភាសាបារាំង(APF)។ សភានិយា​យភាសាបារាំង (APF) បាន បង្កើតឡើងនៅឆ្នាំ១៩៦៧ មកទល់នឹងពេលនេះ APF មានសមាជិកជាង ៨០ក្រុមសភាជាតិ និងបានផ្លាស់វេនគ្នារៀបចំកិច្ចប្រជុំគណៈកម្មការនីមួយៗជាទៀងទាត់៕

ដោយ ប៉ាល់ សុង