កម្ពុជា-ចិនបង្កើតព្រឹត្តិការណ៍ពានរង្វាន់មិត្តភាពកីឡាវាយកូនឃ្លីលើតុ “ផ្លូវមួយ ខ្សែក្រវាត់មួយ” ដើម្បីពង្រឹងកិច្ចសហប្រត្តិការប្រទេសទាំងពីរ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ — ការប្រកួតកីឡាវាយកូនឃ្លីលើតុមិត្តភាព ក្រោមប្រធានបទ “ផ្លូវមួយ ខ្សែក្រវាត់មួយ» នៃឆ្នាំ វប្បធម៌​ទេសចរណ៍ កម្ពុជា-ចិន ពានរង្វាន់ One Park លើកទី១ ឆ្នាំ២០១៩ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង កាលពីចុងសប្តាហ៍កន្លងទៅ នៅសាលដំបូលទូកនៃពហុកីឡដ្ឋានជាតិ ដើម្បីអនុវត្តន៍ នយោបាយផ្លូវសូត្រ “ផ្លូវមួយ ខ្សែ ក្រវាត់មួយ” របស់ប្រធានាធិបតី ស៊ី ជិនពីង ដែលជា​គោលនយោបាយ សម្រាប់បង្កើនកិច្ចសហការសេដ្ឋកិច្ចពាណិជ្ជកម្ម ទេសចរណ៍ នយោបាយ ក្នុងបណ្តាប្រទេសទាំងអស់នៅលើពិភពលោក ជាពិសេសរឹតចំណង សាមគ្គីភាព មិត្តភាព និងពង្រឹងកិច្ចសហប្រត្តិការ កម្ពុជា-ចិន ឱ្យកាន់តែរឹងមាំខ្លាំងក្លាបន្ថែមទៀត។ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានមាន​ប្រសាសន៍​ថា ពានរង្វាន់នេះ គឺមានសារៈសំខាន់ ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព នៃ​វិស័យកីឡា ព្រមជាមួយនឹងការពង្រឹងកិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ នយោបាយ កម្ពុជា-ចិន ឱ្យកាន់តែរឹងមាំខ្លាំងក្លាបន្ថែមទៀត តាម រយៈនយោបាយផ្លូវសូត្រ «ផ្លូវមួយ ខ្សែក្រវាត់មួយ» របស់ប្រធានាធិបតី ស៊ី ជិនពីង។ ឯកឧត្តមបញ្ជាក់ថា ពាននេះ ក៏បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់កីឡាករ កីឡាការិនី កម្ពុជា-ចិនបានផ្លាស់ប្តូរ​នូវ​បទពិសោធន៍បច្ចេកទេស ដើម្បីបង្កើនប្រសិទ្ធផលត្រៀមការប្រកួតនានា ទាំងកម្រិតជាតិ និងអន្តរជាតិ ជាពិសេសត្រៀមចូលរួមប្រកួតកីឡា ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ព្រមទាំងដំណើរឆ្ពោះទៅព្រឹត្តការណ៍កីឡា ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជា​ទទួលធ្វើជាម្ចាស់ផ្ទះផងដែរ ។

បើតាមរបាយការណ៍គណៈកម្មការរៀបចំការប្រកួត បានឱ្យដឹងថា ការប្រកួតមិត្តភាព​កីឡា​វាយកូនឃ្លីលើតុ «ផ្លូវមួយ ខ្សែក្រវាត់មួយ» នៃឆ្នាំវប្បធម៌ទេសចរណ៍ កម្ពុជា-ចិន ពាន​រង្វាន់ One Park លើកទី១ ឆ្នាំ២០១៩នេះ មាន២វិញ្ញាសា គឺវិញ្ញាសាឯកត្តជន និងវិញ្ញាសា​ជាក្រុម ដោយមានក្លិបចូលរួមចំនួន២០ ក្នុងនោះមានក្លិបរបស់កម្ពុជា១០ និងក្លិបចិន១០ ហើយ​ការ​ប្រកួត​ដំណើរការទៅរយៈពេល៤សប្តាហ៍។

សូមបញ្ជាក់ថា សម្រាប់ប្រាក់រង្វាន់លើវិញ្ញាសាឯកត្តជន លេខ១ ទទួលបាន ៧០០​ដុល្លារ, លេខ២ ៥០០ដុល្លារ និងលេខ៣ ៣០០ដុល្លារ។ រីឯវិញ្ញាសាជាក្រុម លេខ១ ១.០០០​ដុល្លារ, លេខ២ ៨០០ដុល្លារ និងលេខ៣ ៦០០ដុល្លារ។ ចំណែកឯវិញ្ញាសាជាក្រុម គឺយកក្រុម​កីឡាករកម្ពុជាមេដាយមាសប្រកួតជាមួយក្រុមកីឡាករចិន មេដាយមាស ក្រុមឈ្នះ​នឹងទទួល​បានចំនួន ១.៥០០ដុល្លារ៕

ដោយ ហេង​ ណាលីន