បណ្តារដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ានបូកបីបញ្ជាក់ពីជំហរប្រឆាំងនឹងការគាំពារនិយមគ្រប់ទម្រង់ និងជំរុញការប្រើប្រាស់រូបិយប័ណ្ណជាតិ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ — យោងតាមសេចក្តីថ្លែងការរួមស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនា គារកណ្តាលអាស៊ានបូក៣ លើកទី២២ (22ndAFMGM+3) បណ្តារដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសា ភិបាលធនាគារកណ្តាលអាស៊ានបូកបីបានគូសបញ្ជាក់ពីការប្រឆាំងទៅនឹងការគាំពារនិយម គ្រប់ទម្រង់ និងប្តេជ្ញាចិត្តក្នុងការអនុវត្តនូវវិធាននៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធពហុភាគីនិយម និងការបើកចំហរក្នុងតំបន់។ បណ្តារដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាល អាស៊ានបូកបី ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់ផងដែរ អំពីស្ថានភាព និងការវិវត្តន៍ថ្មីៗ នៃសេដ្ឋកិច្ចសកល និងតំបន់ ដោយបានវាយតម្លៃខ្ពស់ចំពោះកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ អាស៊ានបូក៣ ដែលត្រូវបានព្យាករណ៍ប្រមាណ ៤.៦ភាគរយ និង ៤.៤ភាគរយ ក្នុងឆ្នាំ២០១៩ និង​ឆ្នាំ២០២០ រៀងគ្នា (ប្រភពពី ADB) ដែលគំាំទ្រដោយការកើនឡើងយ៉ាងឆាប់រហ័ស និងរឹង​មាំនៃតម្រូវការក្នុងស្រុក និងវិនិយោគ។ តែទោះបីយ៉ាងណាក៏ដោយ អង្គប្រជុំក៏បាន​ទទួល​ស្គាល់​អំពីភាពចាំបាច់ក្នុងការបន្តប្រើប្រាស់នូវរាល់ឧបករណ៍គោលនយោបាយនានា នៅក្នុង​តំបន់អាស៊ានបូក៣ សំដៅឆ្លើយតបទៅនឹងហានិភ័យចំពោះមុខមួយចំនួន ដូចជាភាពតាន​តឹងនៃពាណិជ្ជកម្មរវាងចិន​ និងអាម៉េរិក, ការធ្លាក់ចុះនូវកំណើនសេដ្ឋកិច្ចអឺរ៉ុបហួសពីការរំពឹង​ទុក និង Brexit, និងការវិវត្តន៍ថ្មីៗនៃស្ថានភាពនយោបាយ ព្រមទាំងឆ្លើយតបទៅនឹងបញ្ហា​ប្រឈមរចនាសម្ព័ន្ធរយៈពេលវែង រួមមាន៖ គម្លាតរវាងតម្រូវការ និងទំហំទុនក្នុងការ វិនិយោគ វិស័យហេដ្ឋារចនាសម្ព័ន្ធ, បញ្ហាប្រជាជនមានវ័យចំណាស់កាន់តែច្រើន, ការបម្រែបម្រួល​អាកាស​ធាតុ, និងបដិវត្តន៍ឧស្សាហកម្មទី៤។ ក្រៅពីនេះ អង្គប្រជុំក៏បានពិនិត្យ និងពិភាក្សាលើ​វឌ្ឍនភាពនៃគំនិតផ្តួចផ្តើមសំខាន់ៗចំនួន៣ ដែលស្ថិតនៅក្រោមយន្តការកិច្ចសហប្រតិបត្តិ​ការ ហិរញ្ញវត្ថុអាស៊ានបូក៣ ដែលរួមមាន៖ ១. អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច អាស៊ានបូក៣ (AMRO) ២. ពហុភាវូបនីយកម្មគំនិតផ្តួចផ្តើមឈៀងម៉ៃ (CMIM) និង ៣. គំនិតផ្តួចផ្តើម​ទីផ្សារ សញ្ញាប័ណ្ណអាស៊ី (ABMI)។

ជាលទ្ធផល អង្គប្រជុំបានអនុម័តលើឯកសារមួយចំនួនរួមមាន៖ ឯកសារទិសដៅយុទ្ធ សាស្រ្តនៃកិច្ចសហប្រតិបត្តិការអាស៊ានបូក៣ សេចក្តីព្រាងវិសោធនកម្មលើកិច្ចព្រមព្រៀង CMIM ឯកសារណែនាំទូទៅស្តីពីការបង់ភាគទានជារូបិយវត្ថុក្នុងស្រុកក្រោមយន្តការ CMIM និងឯកសារផែនទីចង្អុលផ្លូវរយៈពេលមធ្យម ២០១៩-២០២២ នៃគំនិតផ្តួចផ្តើមទីផ្សារសញ្ញា ប័ណ្ណអាស៊ី។ ជាមួយគ្នានេះ អង្គប្រជុំក៏បានស្វាគមន៍នូវកិច្ចខិតខំប្រឹងប្រែងរបស់ AMRO ក្នុងការបន្តពង្រឹងសមត្ថភាពរបស់ខ្លួនលើការងារអង្កេតតាមដាន និងវិភាគសេដ្ឋកិច្ច​របស់​ប្រទេសជាសមាជិក ក៏ដូចជាការផ្តល់អនុសាសន៍គោលនយោបាយនានា សំដៅចូលរួម​ចំណែក​រក្សានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុតំបន់។ អង្គប្រជុំក៏បានស្វាមគមន៍លោក Toshinori Doi ដែលត្រូវបានជ្រើសតាំងជាប្រធានថ្មីរបស់ AMRO សម្រាប់អាណត្តិរយៈពេល ៣ឆ្នាំ ផងដែរ។ ក្នុងកិច្ចប្រជុំក៏បានកត់សម្គាល់វឌ្ឍនភាពនៃការបន្តពង្រឹង និងលើកកម្ពស់​ដំណើរការ និងការត្រៀមរួចរាល់នៃយន្តការហិរញ្ញវត្ថុតំបន់ តាមរយៈការបញ្ចប់ការធ្វើតេស្ត​សាកល្បងយន្តការ CMIM លើកទី៩ និងកំពុងរៀបចំតេស្តលើកទី១០ ក៏ដូចជាការ​ពិភាក្សា​លើការរៀបចំឯកសារពាក់ព័ន្ធនឹងប្រតិបត្តិការរបស់យន្តការនេះ សំដៅធានាថាយន្តការ CMIM អាចឆ្លើយតបទៅនឹងវិបត្តិហិរញ្ញវត្ថុរបស់ប្រទេសជាសមាជិកនាពេលអនាគតប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។ ជាងនេះទៅទៀត អង្គប្រជុំបានសម្ដែងនូវការកោត​សរសើរ​ចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការ នៅក្នុងក្របខ័ណ្ឌគំនិតផ្តួចផ្តើមទីផ្សារ សញ្ញាប័ណ្ណអាស៊ី ដែលមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍទីផ្សារសញ្ញាប័ណ្ណជារូបិយវត្ថុជាតិ នៅ​តាមប្រទេសជាសមាជិក និងមានតួនាទីក្នុងការចូលរួមចំណែកលើកកម្ពស់ភាពធន​នៃ​ប្រព័ន្ធហិរញ្ញវត្ថុតំបន់ តាមរយៈការជំរុញការប្រើប្រាស់ហិរញ្ញប្បទានជារូបិយវត្ថុជាតិ។ នៅក្នុង​អំឡុង​នៃកិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ីលើកទី៥២ នៅប្រទេសហ្វ៊ីជីនេះផងដែរ តាមការអញ្ជើញរបស់ប្រទេសជប៉ុន ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំនៃក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានចូលរួមកិច្ចប្រជុំជាមួយបណ្តារដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ាន ដែល​ជាសមាជិក នៃក្របខ័ណ្ឌធានារ៉ាប់រងលើហានិភ័យ នៃគ្រោះមហន្តរាយសម្រាប់​តំបន់​អាស៊ី​អាគ្នេយ៍ (SEADRIF) រួមមាន៖ កម្ពុជា ឥណ្ឌូណេស៊ី ជប៉ុន ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងសិង្ហ​បុរី ព្រមទាំងតំណាងធនាគារពិភពលោក និងលេខាធិការដ្ឋានអាស៊ាន។ កិច្ចប្រជុំនេះ ដឹកនាំ​ដោយ​ឯកឧត្តម តារ៉ូ អាសូ ដែលជាអតីតនាយករដ្ឋមន្រ្តីជប៉ុន និងបច្ចុប្បន្នជាឧបនាយរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុជប៉ុន។ អង្គប្រជុំបានធ្វើការពិនិត្យ និងពិភាក្សាលើបច្ចុប្បន្ន​ភាព​នៃដំណើរការនៃការបន្តរៀបចំបង្កើតយន្តការ និងអនុវត្តន៍ SEADRIF ដែលក្នុងនោះ​អង្គប្រជុំ​បាន​កត់​សម្គាល់លើវឌ្ឍនភាពសំខាន់ៗចុងក្រោយមួយចំនួន រួមមាន៖ ការបង្កើតក្រុមហ៊ុន​ធានា​​​រ៉ាប់​រង SEADRIF និងការសម្រេចចិត្តរបស់ហ្វីលីពីនក្នុងការចូលជាសមាជិកថ្មីរបស់ SEADRIF។ អង្គប្រជុំបានវាយតម្លៃខ្ពស់លើវឌ្ឍនភាពថ្មីៗនៃយន្តការ SEADRIF និងបាន​គូសបញ្ជាក់ជា​ថ្មីម្តងទៀតអំពីសារៈសំខាន់នៃយន្តការ SEADRIF នេះ ក្នុងការជួយប្រទេសជា​សមាជិកនៅ​ពេលជួបគ្រោះមហន្តរាយធម្មជាតិ។ ទន្ទឹមនេះ ភាគីទាំងអស់ក៏បានគូសបញ្ជាក់​ពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងសហប្រតិបត្តិការក្នុងការអភិវឌ្ឍ SEADRIF ឱ្យក្លាយជាយន្ត​ការ​តំបន់មួយដែលអាចឆ្លើយតបទាន់ពេលវេលា និងមាន​ប្រសិទ្ធភាព ក៏ដូចជាពង្រឹងភាពធន់​ហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ានបូក៣ចំពោះផលប៉ះពាល់ និងហានិភ័យនៃគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ។ លើសពីនេះទៀត អង្គប្រជុំ​បានថ្លែងអំណរគុណដល់ធនាគារ​ពិភព​លោកដែលបានផ្តល់ជំនួយបច្ចេកទេស និងលេខាធិ​ការ​ដ្ឋានអាស៊ាន ដែលបានផ្តល់​សេវាគាំទ្រ នៅក្នុងដំណើរការនៃការរៀបចំយន្តការ SEADRIF។

គួរបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន​បូក៣ លើកទី២២ បានប្រព្រឹត្តទៅកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងណាឌី ប្រទេសហ្វ៊ីជី នៅក្នុងអំឡុងនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូ​កម្ពុជា​ចូលរួមកិច្ចប្រជុំខាងលើនេះ៕

ដោយ គង់ សិរីរ័ត្ន