ខេត្តបន្ទាយមានជ័យទទួលបានថវិកាចំនួនជាង១៤ម៉ឺន​ដុល្លារអាម៉េរិក ពីសប្បុរជនក្នុងឱកាសប្រារព្ធខួបទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម

AKP បន្ទាយមានជ័យ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ — ខេត្តបន្ទាយមានជ័យទទួលបានថវិកាចំនួនជាង១៤ម៉ឺនដុល្លារអាម៉េរិក ពីការចូល របស់សប្បុរជននានានៅក្នុងឱកាសប្រារព្ធអបអរសាទរខួបទី១៥៦​ទិវាពិភពលោកកាកបាទ ក្រហម​ និង​អឌ្ឍចន្ទក្រហម ​នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ នៅសាលាខេត្ត ក្រោមប្រធានបទ​ «ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា» ដោយមានការអញ្ជើញចូលរួមជា អធិបតីពីលោកជំទាវម៉ៅ ម៉ាល័យ កែគឹមយ៉ាន និងមាន​នាក់ចូលរួមយ៉ាងច្រើនកុះករនោះ។ ឯកឧត្តម សួន បវរ អភិបាលខេត្ត និងជាប្រធានកិត្តិយសគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបានលើកបង្ហាញពីសកម្មភាពរបស់សាខាកាកបាទ​ក្រហមខេត្ត​បន្ទាយមានជ័យ ដែលរយៈពេលកន្លងមក តែងចុះជួយបាន​ទាន់ពេលវេលា នូវរាល់បញ្ហា និងភាពប្រឈមនានា របស់ប្រជាពលរដ្ឋ​នៅក្នុងមូលដ្ឋានរបស់ខ្លួន​។ ជាពិសេស ឯកឧត្តមបានសង្កត់ធ្ងន់ទៅលើការដឹកនាំ​ដ៏វាងវៃ ប្រកបដោយគតិបណ្ឌិត និងសន្តានចិត្តមុត ស្រួចរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមជាតិ​កម្ពុជា ​ ដែលធ្វើឱ្យមជ្ឈដ្ឋាន​ជាតិ អន្តរជាតិ ទទួលស្គាល់ តាមរយៈសកម្មភាពមនុស្សធម៌ទៀងត្រង់ ស្របតាម គោលការណ៍គ្រឹះទាំង៧យ៉ាងគឺ៖ សកលភាព ឯកភាព សេវាកម្មស្ម័គ្រចិត្ត ឯករាជ្យភាព ភាពមនុស្សធម៌ ភាពមិនលំអៀង និងអព្យាក្រឹត​ភាព។

ថ្លែងក្នុងពិធីនេះលោកជំទាវ ម៉ៅ ម៉ាល័យ បានមានប្រសាសន៍ថា ថវិកាចូលរួមឧបត្ថម្ភ​របស់សប្បុរសជនទាំងអស់គឺពិតជាបានចូលរួមធ្វើបុណ្យធំណាស់បើគិតតាមផ្លូវព្រះពុទ្ធសា​សនាពីព្រោះថវិកាដែលយើងគ្រប់គ្នាបានឧបត្ថម្ភនេះត្រូវបានកាកបាទក្រហមជាតិកម្ពុជាដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះធ្វើសកម្មភាពជួយ​នៅគ្រប់ទីកន្លែង រួមមាន៖ ជនក្រីក្រ ជនរងគ្រោះ និងជនងាយរងគ្រោះ ប្រជាពលរដ្ឋរងគ្រោះ​ដោយគ្រោះធម្ម ជាតិ កុមារកំព្រា គថ្លង់ កុមារខ្សោយសតិបញ្ញា ​ជនចាស់ជរាគ្មាន​ទីពឹង​ ​ ដល់មន្ទីរពេទ្យគន្ធបុប្ផា ​ជាដើម។

ក្នុងឱកាសនោះដែរ លោកជំទាវ ម៉ៅ ម៉ាល័យ បានថ្លែងកោតសរសើរចំពោះសកម្មភាព​របស់សាខាកាកកបាទក្រហមខេត្តបន្ទាយមានជ័យ ដែលបានយកចិត្តទុកដាក់ចូលរួម សង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះដោយមិនប្រកាន់និន្នាការអ្វីឡើយ។

លោកជំទាវក៏បានចលនាដល់ក្រុមការងារ លោកឧកញ៉ា មន្ត្រីរាជការ អាជីវករ និងសប្បុរសជនឱ្យបន្តចូលរួមវិភាគទាន ដើម្បីជួយទ្រទ្រង់ដល់សកម្មភាពសាខា កាកបាទក្រហមខេត្តក្នុងកិច្ចការមនុស្សធម៌​បម្រើដល់ប្រជាពលរដ្ឋ និងសង្គមជាតិ៕

ដោយ ឈុន សារ៉ាត