ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អញ្ជើញបើកការដ្ឋានសង់ស្ពានបេតុងឆ្លងកាត់ព្រែកកោះចិន ស្រុកពញាឮ

AKP កណ្តាល ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ -នៅថ្ងៃអាទិត្យ ២កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានអញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេតុងប្រវែង ៣០ម៉ែត្រ ទទឹង១០ម៉ែត្រ ឆ្លងកាត់ព្រែកកោះចិន និង បើកការ   ដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ១.០០០ម៉ែត្រ ទទឹង៥ម៉ែត្រ ក្នុងភូមិកោះចិន ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ មន្ត្រីរាជការ និងប្រជាពលរដ្ឋជាង ៥០០នាក់។

ស្ពាន និងផ្លូវបេតុង ដែលត្រូវបើកការដ្ខានសាងសង់ នៅព្រែកកោះចិន នាពេលនេះមានពីរគម្រោង ដែលគម្រោងទី១ គឺសាងសង់ស្ពានបេតុង ប្រវែង ៣០ម៉ត្រ ទទឹង ១០ម៉ៃត្រ ឆ្លងកាត់ព្រែកកោះចិន តភ្ចាប់ពីភូមិកោះចិន ទៅភូមិព្រែកក្តាម១ ដោយចំណាយថវិកាចំនួន ១៥០.០០០ដុល្លារអាម៉េរិក គឺជាថវិការបស់ឧកញ៉ា លី ណុប ម្ចាស់សិប្បកម្ម មួយនៅក្នុងឃុំកោះចិន ស្រុកពញាឮ ។ គម្រោងទី២ គឺសាងសង់ផ្លូវបេតុង ១ខ្សែប្រវែង ១.០០០ម៉ែត្រ ទទឹង៥ម៉ែត្រ ក្រោមការជួយឧបត្ថម្ភរបស់ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ តាមរយៈមូលនិធិឃុំ ប្រចាំឆ្នាំ២០១៨ ។

ក្នុងឱកាសបើកការដ្ឋានសាងសង់ស្ពាន និង ផ្លូវនោះ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានលើកឡើងថា ការកសាងផ្លូវ និងស្ពាននៅពេលនេះគឺជាការឆ្លើយតបសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយនេះក៏ជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមអភិវឌ្ឍន៍ជនបទដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅជនបទផងដែរ ៕

ដោយ ណយ នឿន