ម៉ូតូ​ចំនួន​ ២០គ្រឿង ប្រគល់ជូនកងកម្លាំងនគរបាលខេត្តព្រះសីហនុ​

AKP ព្រះសីហនុ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ -ព្រឹក​ថ្ងៃចន្ទ ៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែ​ឧសភា​ ឆ្នាំ​២០១៩នេះ លោកឧត្តម​សេនីយ៍ទោ ជួន​ ណា​រិន្ទ​ ស្នងការនគរបាលខេត្តព្រះសីហនុ បាន​ធ្វើ​ការ​ប្រគល់​ម៉ូតូ​ធុន​ធំ​ម៉ាក​ Honda​ Wuyang កម្លាំង ១២៥CC ចំនួន​២០គ្រឿង ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់ឯកឧត្តមនាយ​ឧត្តម​សេនីយ៍​សន្តិ​បណ្ឌិត​ នេត សា​វឿន អគ្គ​ស្នងការ​នគរបាល​ជាតិ​ ជូន​ដល់​កងកម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ​ សម្រាប់​បម្រើ​ឱ្យ​កិច្ច​ប្រតិបត្តិ​ការ​ការពារ​ថែរក្សា​សន្តិសុខ​ សណ្តាប់​ធ្នាប់​សាធារណៈ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ។

លោកឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ​ បានបញ្ជាក់​ថា ម៉ូតូ​ចំនួន​ ២០គ្រឿងនេះ ត្រូវ​បាន​បែងចែកជូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកចំនួន ១២គ្រឿង អធិការ​ដ្ឋាន​នគរ បាលក្រុង និងប៉ុស្តិ៍នគរបារដ្ឋបាលក្រុងចំនួន ៥គ្រឿង អធិការស្រុកព្រៃនប់ ០១គ្រឿង អធិការស្រុកស្ទឹង​ហាវ​ ០១គ្រឿង និង​អធិការស្រុកកំពង់សិលា ០១គ្រឿង ដើម្បី​ជា​មធ្យោបាយក្នុងការបម្រើឱ្យកិច្ចការពារសន្តិសុខ រក្សា​សណ្តាប់​ធ្នាប់​សាធារណៈ​ ពិសេស​សម្រាប់ចេញ​ល្បាត​ ធ្វើ​អន្តរាគមន៍ទប់ស្កាត់បទល្មើសក្នុងមូលដ្ឋានបានទាន់ពេលវេលា ។

លោកឧត្តមសេនីយទោ ជួន ណារិន្ទ ក៏បានផ្តាំផ្ញើដល់មន្ត្រីនគរបាល ត្រូវចេះថែរក្សា សម្ភារ និងធ្វើការជួសជុលម៉ូតូជាប់ជាប្រចាំបម្រើឱ្យការងារល្បាត និងចេញបំពេញបេសកកម្ម ការពារសន្តិសុខ សុវត្ថិភាពសង្គម ជូនដល់ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ព្រមទាំងផ្តាំផ្ញើដល់មន្ត្រីនគរបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពិសេសលប់បំបាត់គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋាន ដើម្បីភូមិឃុំមានសុវត្ថិភាព ៕

ដោយ ងូ សុមុនី