អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធកំពុងជួយជួសជុលផ្ទះប្រជាពលរដ្ឋដែល​រងគ្រោះដោយសារខ្យល់កន្ត្រាក់នៅខេត្តបន្ទាយមានជ័យ

AKP បន្ទាយមានជ័យ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ -អាជ្ញាធរដែនដីរួមជាមួយក្រុមការងារកងកម្លាំងប្រដាប់អាវុធ បាននិងកំពុងបន្តចុះជួយ ជួសជុលផ្ទះសម្បែងរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅក្នុងមូលដ្ឋាន មួយចំនួនក្នុងស្រុក ក្រុងទាំង៩ របស់ខេត្តបន្ទាយមានជ័យ កាលពីដើមសប្តាហ៍ទី១ ខែ​ឧសភា ឆ្នាំ២០១៩ ដោយបានបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋអស់ជាច្រើនខ្នង។

ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃអាទិត្យ ២កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ បានចុះសួរសុខទុក្ខប្រជា ពលរដ្ឋដែលរងគ្រោះ និងកងកម្លាំងប្រដាប់អាវុធដែលបាននិងកំពុងជួយជួស​ជុលផ្ទះជូនប្រជា ពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅស្រុកម៉ាឡៃ ដែលបានកើតមានឡើងកាល​ពីល្ងាចថ្ងៃទី០៣ ខែឧសភា នេះធ្វើឱ្យខូចខាតផ្ទះដោយរបើកដំបូងជញ្ជាំងសរុប ​២៧២ខ្នង​។ ​ ក្នុងឱកាសនោះ ឯកឧត្តម សួន បវរ បាននាំយកអំណោយថវិកា និងស័ង្កសីចំនួន ៣.០០០ សន្លឹកដែលជាអំណោយរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ និងលោក ជំទាវ យកទៅឧបត្ថម្ភដល់បងប្អូនរងគ្រោះ និង​មានអំណោយមួយចំនួនទៀតឧបត្ថម្ភដល់កង កម្លាំង​​ប្រដាប់អាវុធ ដែលកំពុងជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋរងគ្រោះផងដែរ។

នៅចំពោះមុខប្រជាពលរដ្ឋរងគ្រោះ ឯកឧត្តមបានសម្ដែងនូវការសោកស្ដាយចំពោះ ការខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ ពីគ្រោះធម្មជាតិខ្យល់កន្រ្តាក់ ដែលជាគ្រោះមហន្តរាយ គ្មាននរណាម្នាក់ចង់ជួបប្រទះនោះឡើយ។ ឯកឧត្តមក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋយើង​សូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ខណៈដែលមានភ្លៀង ផ្គររន្ទះ ខ្យល់កន្ត្រាក់ ត្រូវប្រញាប់ ប្រញាល់រកទីកន្លែងជ្រកដែលមានសុវត្ថិភាពដើម្បីចៀសវាងគ្រោះថ្នាក់ដល់អាយុជីវិតនោះ។

ជាមួយគ្នានេះដែរឯកឧត្តមក៏បានជំរុញដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ឱ្យ បង្កើន​សកម្មភាពក្នុងការជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋរងគ្រោះឱ្យបានលឿនដើម្បីឱ្យ ពួកគាត់មានជម្រក​ស្នាក់នៅសមរម្យឡើងវិញ។

របាយការណ៍របស់លេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត​បន្ទាយមានជ័យ ស្តីពីស្ថានភាពគ្រោះមហន្តរាយក្នុងឆ្នាំនេះចាប់ផ្តើមឡើងក្នុងខែមេសា ឆ្នាំ ២០១៩ រួមមាន៖ ​ខ្យល់កន្ត្រាក់កើតឡើងចំនួន១៦លើក ប៉ះពាល់លើ ៩ក្រុង ស្រុក បណ្តាល ឱ្យមនុស្សស្លាប់ ០៣នាក់ ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ១.៣៥៤ខ្នង ​ សាសារៀន ១០ខ្នង វត្ត ៣កន្លែង ។

រីឯក្នុងខែឧសភានេះ ភ្លៀង និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី០៥ខែ ឧសភា ២០១៩នេះ សរុបរួម ប៉ះពាល់ ខូចខាតផ្ទះ ៥៨៣ខ្នង ក្នុងនោះធ្ងន់ធ្ងរ ៩១ខ្នង, សាលារៀន ២ខ្នង, ​ និងរន្ទះបាញ់ស្លាប់មនុស្ស ១នាក់ និងរបួសធ្ងន់១នាក់៕

ដោយឈុន សារ៉ាត