ដែនជម្រកសត្វព្រៃស្រែពក បង្ហាញពីបច្ចេកវិទ្យាថ្មីអាចស្រូបយកទឹកសន្សើម ពីបរិយាកាសទុកសម្រាប់ប្រើប្រាស់

AKP ភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ -ដែនជម្រកសត្វព្រៃស្រែពក ដែលសម្បូរទៅដោយធនធានធម្មជាតិ និង ជីវៈចម្រុះព្រមទាំងផូស៊ីល ផងនោះ កាលពីពេលថ្មីៗនេះក៏បានបង្ហាញអំពីបច្ចេកវិទ្យាថ្មីសន្លាង មួយទៀត គឺឧបករណ៍សម្រាប់ស្រូបយកសំណើមជាតិទឹកពីបរិយាកាស ឬទឹកសន្សើមដើម្បីស្ដុកទឹកសម្រាប់ប្រើប្រាស់ នៅគ្រាដែលរដូវក្ដៅបានឈានចូលមកដល់។

យោងលើអត្ថបទព័ត៌មាន ដែលផ្សព្វផ្សាយតាមបណ្តាញសង្គមរបស់ក្រសួងបរិស្ថាន បានបង្ហាញថា លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានមានប្រសាសន៍ឱ្យដឹងថានេះជាឧបករណ៍ថ្មីសន្លាងមួយទៀតដែលជាបច្ចេកវិទ្យាថ្មីដើម្បីស្រូបយកសំណើម

ជាតិទឹកពីបរិយាកាស ទុកសម្រាប់ឱ្យមន្រ្តីឧទ្យានុរក្សប្រើប្រាស់។ លោកថ្លែងថា« ឧបករណ៍នេះអាចស្រូបយកសំណើមជាតិទឹកពីបរិយាកាសបានប្រមាណជា២០លីត្រក្នុង១ថ្ងៃ »។

លោក កែវ សុភគ៌ បានបញ្ជាក់ថា ឧបករណ៍នេះ គឺជាជំនួយឧបត្ថម្ភគាំទ្រពីសំណាក់អង្គការ WWFដែលជាអង្គការដៃគូ ហើយការស្រូបយកជាតិទឹកពីបរិយាកាសឬទឹកសន្សើម នេះ គឺអ្នកជំនាញដែលរៀបចំដំឡើងបាន និងកំពុងយកទឹកដែលស្រូបយកបានទៅធ្វើការវិភាគសិន ដោយមិនទាន់អនុញ្ញាតឱ្យប្រើប្រាស់ឡើយ។

ទន្ទឹមគ្នានេះ លោកប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដែលបានសហការជាមួយអង្គការដៃគូ WWF ត្រៀមដឹកទឹកដោយប្រើស៊ីទែន យកទៅបង្ហូរចូលទៅក្នុង ថ្លុក ត្រពាំង   ទឹកមួយចំនួននៅក្នុងព្រៃនៃដែនជម្រកសត្វព្រៃស្រែពក ជាកន្លែងដែលសត្វព្រៃចូលចិត្តមកផឹកទឹកជាប្រចាំ ផងដែរ៕

ដោយ ពេជ្រ ណារិទ្ធ