អភិបាលខេត្ត ចុះពិនិត្យប្រព័ន្ធលូ និងការដ្ឋានសាងសង់ផ្លូវនៅក្នុងក្រុងព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ -នៅព្រឹកថ្ងៃអាទិត្យ ២កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ អមដំណើរដោយលោក ណុប ហេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានចុះពិនិត្យ មើលការដ្ឋាន សាងសង់ផ្លូវ និងប្រព័ន្ធលូនានា នៅឆ្នេរអូរឈើទាល ផ្លូវ LV ម្លប់តាប៉ាង និងជុំវិញក្រុងព្រះសីហនុ ដើម្បីធ្វើបច្ចុប្បន្នភាពរៀបចំផែនការស្ដារឱ្យកាន់តែប្រសើរឡើងវិញ ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានជំរុញឱ្យមន្ត្រីជំនាញ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវខិតខំធ្វើយ៉ាងណារៀបចំក្រុមការងារចុះស្ដារ កាយប្រព័ន្ធលូនានាក្នុងក្រុង ដើម្បីឱ្យទឹកហូរ បញ្ចៀសការលេចលង់ផ្លូវ ផ្ទះរបស់្រជាពលរដ្ឋនៅក្រុងព្រះសីហនុនៅរដូវវស្សាខាងមុខនេះ។

ឯកឧត្តមយន្ត មីន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ មន្ត្រីរាជការចូលរួមសហការស្ដារប្រព័ន្ធអូរ លូ ឱ្យបានស្អាតគ្រប់កន្លែង ដើម្បីសម្រួលចរន្តទឹកហូរ កាត់បន្ថយការកកស្ទះសំរាម និងកាកសំណល់ផ្សេងៗបង្កឱ្យជនលេចផ្ទះប្រជាពលរដ្ឋនៅរដូវវស្សា ។ ដោយសារតែកំណើនវិនិយោគក្នុងក្រុងព្រះសីហនុរយៈពេល២ឆ្នាំចុងក្រោយនេះ មានការកើនយ៉ាងគំហុក បញ្ហាប្រព័ន្ធលូ បរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្ត រងនូវការខូចខាតយ៉ាងច្រើន ទន្ទឹមនឹងការខូចខាតនេះ រដ្ឋបាលខេត្តបាននិងកំពុងធ្វើការជួសជុល កែលម្អឱ្យមានសោភ័ណភាពកាន់ តែប្រសើរឡើងវិញជាបណ្តើរ ហើយសង្ឃឹមថា បញ្ហាបរិស្ថាន អនាម័យ និងបញ្ហាទឹកកខ្វក់និងត្រូវដោះស្រាយបាននាពេលខាងមុខ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមានការយោគយល់ ដើម្បីចូលរួមអភិវឌ្ឍន៍ខេត្ត កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងធ្វើឱ្យជីវភាពកាន់តែមានល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាក់ជាមិនខាន ព្រោះការអភិវឌ្ឍវារមែងជួបនូវការប៉ះពាល់ជាក់ជាមិនខាន ក៏ប៉ុន្តែយើងរួមគ្នាធ្វើយ៉ាងណាឱ្យការប៉ះពាល់ឱ្យវានៅកម្រិតតិចបំផុត  ៕

ដោយ ងូ សុមុនី