រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៖ ទោះបីកើតមកជាកូនអ្នកក្រ ឬកូនអ្នកមាន មិនសំខាន់នោះទេ អ្វីដែលសំខាន់គឺការប្រឹងប្រែងសិក្សា រៀនសូត្រ ឱ្យបានពូកែ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ — ដើម្បីជាការចូលរួមចំណែកជំរុញដល់កុមារក្រីក្រ កុមារកំព្រាបានទៅសិក្សារៀនសូត្រ ខ្ពង់​ខ្ពស់ និងមានអនាគតល្អនោះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាននាំយកកង់ ជាអំណោយរបស់​អង្គការ K J O របស់ប្រទេសជប៉ុន ទៅចែកជូនដល់កុមារកំព្រាក្រីក្រ និងជាអ្នក រើសសំរាម រស់ នៅក្នុង​មណ្ឌលអង្គការ លើកស្ទួយប្រជាពលរដ្ឋស្ទឹងមានជ័យ។ ជាមួយគ្នានេះ រដ្ឋមន្រ្ដី​ក្រសួងព័ត៌មាន ក៏បានប្រាប់ទៅដល់កុមារក្រីក្រ និងកុមាររើសសំរាមនៅស្ទឹង​មានជ័យថា បើទោះបី​កើតមក​ជាកូនអ្នកក្រ ឬកូនអ្នកមាន មិនសំខាន់នោះទេ អ្វីដែលសំខាន់គឺការប្រឹងប្រែង​សិក្សា រៀន​សូត្រ ឱ្យបានពូកែ ដើម្បីអាចរកការងារល្អៗធ្វើបាន និងមានអនាគត រុងរឿង។ក្នុងពិធីសំណេះសំណាល និងចែកកង់ជូនសិស្សក្រីក្រ កាលពីព្រឹកថ្ងៃទី០៤ ខែ ឧសភា ឆ្នាំ ២០១៩  នៅអង្គការ លើកស្ទួយប្រជាពលរដ្ឋ ស្ទឹងមានជ័យ​ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដី​ក្រសួង​ព័ត៌មានបានមានប្រសាសន៍ថា បច្ចុប្បន្ន ប្រទេសដែល​មានប្រជាជនច្រើន ឬតិច មិន សំខាន់ទេ គឺធ្វើយ៉ាងណាឱ្យប្រជាជនគេ មានចំណេះដឹងខ្ពង់ខ្ពស់ ដើម្បីចូលរួមធ្វើការអភិវឌ្ឍ ប្រទេសឱ្យបានលឿនទៅមុខ។ ឯកឧត្តមរដ្ឋមន្រ្ដីបានជំរុញលើកទឹកចិត្តដល់ក្មួយៗទាំងអស់​ត្រូវប្រឹងប្រែងសិក្សារៀនសូត្រ ឱ្យបានពូកែ ព្រោះថាមានតែការសិក្សាដែលអាចឱ្យយើង​​រួច ផុតពីភាពក្រីក្រ ហើយការដែលមានជំនាញច្បាស់លាស់ មិនខ្វះការងារធ្វើនោះទេ ។

ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានសម្ដែងការអរគុណចំពោះ អង្គការ K J O នៃប្រទេសជប៉ុន ពីសេសលោក Masahiro Sano ដែលជារៀងរាល់ឆ្នាំ តែងបានប្រមូលយកកង់ ទោះបី មិនមែន​កង់ថ្មីពីប្រទេសជប៉ុន យកមកចែកជូនដល់សិស្សានុសិស្សក្រីក្រ ក្នុងរាជ​ធានីភ្នំពេញ និងតាម បណ្តាខេត្ត នានាទូទាំងប្រទេសកម្ពុជា សរុបប្រមាណជិត ៥ ម៉ឺន កង់ ។

លោក Masahiro Sano ប្រធានអង្គការ K J O នៃប្រទេសជប៉ុន បានឱ្យដឹងថា ការដែល​អង្គការរបស់លោកនាំយកកង់ទាំងអស់នេះមកចែកជូនដល់ក្មួយៗជាកុមារក្រីក្រី គឺចង់ជួយ​ជំរុញ​ដល់ដំណើរការសិក្សា បានកាន់តែល្អប្រសើរឡើង តាមរយៈ​មានជាមធ្យោបាយ សម្រាប់ ជិះទៅសាលារៀនបានទាន់ពេលវេលា។ លោកប្រធានអង្ដការបានលើកឡើងថា ក្តីសង្ឍឹម និងក្តីសុបិន នឹងកើតមានឡើង ដោយត្រូវជម្នះការលំបាក និងឧបសគ្គជាច្រើន ទើបយើង​បាន ទទួល។ លោក Masahiro Sano បានបន្ដទៀតថា អ្វីដែលលោកចង់បានគឺ ឃើញក្មួយៗ​ទាំងអស់ ប្រឹងប្រែងសិក្សារៀនសូត្របានពូកែ ដើម្បីអនាគតល្អ។

លោកស្រី នួន ភីមាន នាយិការប្រតិបត្តិ អង្គការ លើកស្ទួយប្រជាពលរដ្ឋ ស្ទឹងមានជ័យ បានថ្លែងការអរគុណដល់សប្បុរសជនទាំងអស់ ជាពិសេស ឯកឧត្តម ខៀវ កាញារីទ្ធ និង​លោកជំទាវដែលតែងតែគាំទ្រ និងជួយឧបត្តម្ភជាអង្ករ ១ តោន ជារៀងរាល់ខែ ដល់អង្គការ សម្រាប់ដាំបាយឱ្យក្មេងៗទាំងអស់កំពុងរស់នៅទីនេះ។ លោកស្រីបន្ដថា ចាប់តាំងពីការបង្កើត​អង្គការ​ដំបូង រហូតមកដល់ពេល​នេះ មានកុមារចូលមកសិក្សានៅអង្គការប្រមាណជិត ៧.០០០ នាក់ ហើយបច្ចុប្បន្ននេះ គឺមានកុមារចំនួន ១.២៧៥ នាក់ ស្រី សរុប ៦០៦ នាក់   កំពុងតែសិក្សាផងដែរ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ បាននាំយកនូវ​ថវិកា ចែកជូនដល់សិស្សានុសិស្សចំនួន៣៥០ នាក់ ក្នុងម្នាក់ ទទួលបានថវិកា១ ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ ចំនួន៣៨នាក់ ក្នុងម្នាក់ៗ ទទួលបាន៥ម៉ឺនរៀល ។ ដោយឡែកសម្រាប់អង្គការ លើក​ស្ទួយ​ប្រជាពលរដ្ឋ ស្ទឹងមានជ័យ ទទួលបានថវិកា ១.៥០០.០០០រៀល និង៩០០ ដុល្លារបន្ថែម​ទៀត។

គួរបញ្ជាក់ដែរថា​ អំណោយរបស់អង្គការ KJO របស់ប្រទេសជប៉ុន ជាកង់ យកមកចែក ជូនដល់កុមារក្រីក្រនាពេលនេះ សរុប ៤០០គ្រឿង សម្រាប់សិស្សក្នុងអង្គការលើកស្ទួយ ប្រជាពលរដ្ឋ ស្ទឹងមានជ័យ ចំនួន ៣៥០ គ្រឿង និង ៥០ គ្រឿងទៀត ជូនទៅ ដល់សិស្សក្រីក្រ នៅសហគមន៍ កំពង់ប្រាសាទ ស្រុកពញាឮ ខេត្តកណ្តាល ។ ជាមួយគ្នានេះដែរ សម្រាប់​អំណោយជាកង់ របស់អង្គការ KJO បានផ្តល់ដល់ក្រសួងព័ត៌មាន ចាប់តាំងពីមុន មកដល់​ពេលនេះសរុបចំនួន៤.២៥០គ្រឿង គិតជាថវិកាប្រមាណ១៩ម៉ឺនដុល្លារ សម្រាប់ធ្វើការចែកជូន សិស្សានុសិស្ស ក្រីក្រនៅរាជាធានីភ្នំពេញ និងតាមបណ្តាខេត្ត មួយចំនួន ដូចជា ខេត្តកណ្តាល ក្រចេះ កំពត តាកែវ ព្រៃវែង  កំពង់ស្ពឺ និងខេត្តកំពង់ចាម ៕

ដោយ អ៊ុន រិទ្ធី រូបថត៖ ខឹម ​សុវណ្ណារ៉ា