អភិបាលខេត្ដព្រះសីហនុ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យការសាងសង់​ទំនប់បង្ហៀរទឹកនៅភូមិអន្លង់ក្រពើ ក្នុងស្រុកព្រៃនប់

AKP ព្រះសីហនុ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ — ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះសួរ​សុខ​ទុក្ខប្រជាពលរដ្ឋ និងពិនិត្យមើលដំណើរការសាងសង់ទំនប់បង្ហៀរទឹក ដែលស្ថិតនៅ​ភូមិអន្លង់ក្រពើ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ការចុះពិនិត្យនេះ ធ្វើឡើង នៅព្រឹក​ថ្ងៃសៅរ៍ ១កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩។ ឯកឧត្តម យន្ត មីន បានមានប្រសាសន៍ថា នេះជាការចុះសាកសួរសុខទុក្ខបងប្អូន​ប្រជា​ពលរដ្ឋនៅភូមិអន្លង់ក្រពើ ឃុំតានៃ ស្រុកព្រៃនប់ ព្រោះតំបន់នេះជាតំបន់ដាច់ស្រយាល និង​ជាភូមិសាស្ត្រតំបន់សង្គ្រាមជាប់ជើងភ្នំកំចាយ។ ឯកឧត្ដមបានបន្ដថា ក្រោយពីបានធ្វើ​សមា​ហរណកម្ម និងអនុវត្តន៍នូវ គោលនយោបាយឈ្នះ​ឈ្នះរបស់សម្ដេចអគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រែក្លាយតំបន់សង្គ្រាម​មួយនេះ ជា​ភូមិឋានរបស់ប្រជាពលរដ្ឋប្រកបដោយសុខសន្តិភាព ក្រោមការដឹកនាំគ្រប់គ្រង​របស់រាជ​រដ្ឋាភិ​បាលកម្ពុជា ដែលធ្វើឱ្យតំបន់មួយនេះមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ភ្លើង​អគ្គិសនីជូនប្រជា​ពលរដ្ឋ​ប្រើប្រាស់។

ឯកឧត្តមបានអភិបាលខេត្ដ​បន្តថា ទំនប់បង្ហៀរទឹកនេះ អាចជួយ សម្រួល ដល់ការខ្វះខាតទឹករបស់បងប្អូនប្រជាពលរដ្ឋនៅរដូវប្រាំង សម្រាប់មនុស្ស និងសត្វ ព្រោះទំ នប់​នេះ បានផ្ដល់ផលប្រយោជន៍ចំនួន ២យ៉ាង គឺទី១ បានទឹកប្រើប្រាស់មិនថារដូវប្រាំង ឬវស្សា និងទី២ បានផ្លូវធ្វើដំណើរឆ្លងកាត់កាន់តែមានភាពងាយស្រួល។ ជាមួយគ្នានេះ អាងបង្ហៀរទឹកភូមិអន្លង់ក្រពើ អាចផ្ទុកទឹកបានរាប់អានសែនម៉ែត្រគូប សាង សង់ចំណាយ​ថវិកា​ប្រមាណជាង១ម៉ឺនដុល្លារអាម៉េរិក។ ឯកឧត្តមក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋនៅ​តំបន់នេះ ចូលរួមថែរក្សាសមិទ្ធផលដែលយើងមាន និងកំពុងកើតមាននៅក្នុងតំបន់ដាច់ស្រ យាលនេះ ជាពិសេសត្រូវសាមគ្គីគ្នាជាធ្លុងមួយជាមួយប្រមុខរាជរដ្ឋាភិបាល ដែលមាន​អាជ្ញាធរ​ភូមិ ឃុំ ស្រុក ខេត្ត ដែលជាតំណាងឱ្យរាជរដ្ឋាភិបាល និងផ្ដល់ផលប្រយោជន៍ជូនដល់​ប្រជា​ពលរដ្ឋ ជាអ្នកប្រើប្រាស់ ដែលស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់ប្រជា​ពលរដ្ឋ ។

ក្នុងឱកាសនោះដែរឯកឧត្តម យន្ត មីន និងលោកជំទាវក៏បាននាំយកបច្ច័យចំនួន ៣.៧៩០ដុល្លារ និងថវិកាមួយចំនួនទៀត ប្រគេនព្រះសង្ឃ ដើម្បី សងថ្លៃឈ្នួលជាង​សាងសង់​រោងទទួលភ្ញៀវ វត្តសុវណ្ណគិរីវ័ន ស្ថិតក្នុងឃុំតានៃ ស្រុកព្រៃនប់ផងដែរ ៕

ដោយ ងូ សុមុនី