ជប៉ុនប្តេជ្ញានឹងខិតខំជំរុញឱ្យអ្នកទេសចរណ៍មកទស្សនាកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត

AKP ភ្នំពេញ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ — រដ្ឋាភិបាលជប៉ុនបានអះអាងថា កម្ពុជាជាប្រទេសដែលមានឱកាសវិនិយោគដ៏ទាក់ទាញ​ប្រកប​ដោយក្តីសង្ឃឹម ហើយជប៉ុនប្តេជ្ញានឹងជំរុញលំហូរទេសចរ និងអ្នកវិនិយោគមកកាន់​កម្ពុជា​ឱ្យកាន់តែច្រើនបន្ថែមទៀត។ ការប្រកាសជំហររបស់រាជរដ្ឋាភិបាលជប៉ុននេះ ធ្វើ​ឡើងក្នុងមហោស្រពកម្ពុជាឆ្នាំ២០១៩ (Cambodia Festival 2019) នៅទីក្រុងតូក្យូ ប្រទេស​ជប៉ុន ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ នៅសួន Yoyogi នៅទីក្រុងតូក្យូ ក្រោមកិច្ចសហការរៀបចំដោយក្រសួងទេសចរណ៍កម្ពុជា ក្រសួងវប្បធម៌ វិចិត្រសិល្បៈ ក្រសួង​ពាណិជ្ជកម្ម និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន។ ឯកឧត្តម Kenji YAMADA អនុរដ្ឋមន្ត្រីនៃក្រសួងការបរទេសជប៉ុន បានថ្លែងកោត​សរសើរ​ពីការអភិវឌ្ឍរបស់កម្ពុជាក្រោមពន្លឺនៃសុខសន្តិភាព និងលទ្ធិប្រជាធិបតេយ្យ។ ឯកឧត្តមបានអះអាងថា កម្ពុជាជាប្រទេសដែលមានឱកាសវិនិយោគដ៏ទាក់ទាញ និងសម្បូរដោយកម្លាំងពលកម្មវ័យក្មេង ប្រកបដោយសក្តានុពល និងប្រកបដោយក្តីសង្ឃឹម ហើយជាមួយនឹងកិច្ចសហប្រតិបត្តិការល្អដ៏យូរលង់រវាងប្រទេសទាំងពីរ ជប៉ុនប្តេជ្ញាជំរុញ​លំហូរទេសចរ និងអ្នកវិនិយោគមកកាន់កម្ពុជាបន្ថែមទៀតផងដែរ។

សូមបញ្ជាក់ថា កម្មវិធីពិព័រណ៍នេះរៀបចំរយៈពេល២ថ្ងៃ ដោយមានការបង្ហាញ​របាំ​បុរាណ​ខ្មែរ សម្តែងដោយសិល្បករ សិល្បការិនីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងក្បាច់គុណល្បុក្ដតោរបស់ខ្មែរ ជាមួយនឹងការរៀបចំស្តង់បង្ហាញពីម្ហូបអាហារខ្មែរ វប្បធម៌ ទេសចរណ៍ និងស្តង់ពាណិជ្ជកម្ម ចូលរួមសរុបចំនួន២៥០ស្តង់ ដែលមានអ្នកចូលរួម​យ៉ាង​ច្រើន​កុះករចំនួនប្រមាណ១០ម៉ឺននាក់។

បើតាមការបញ្ជាក់ឱ្យពីមន្រ្ដីក្រសួងទេសចរណ៍កម្ពុជាបានឱ្យដឹងថា​កម្មវិធីនេះត្រូវបាន​រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់សិល្បៈ វប្បធម៌ វិស័យទេសចរណ៍ និងមុខមាត់នៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសជប៉ុន ព្រមទាំងសំដៅជំរុញផ្សព្វផ្សាយ​សក្កានុពល​ទេសចរណ៍កម្ពុជា។

សូមបញ្ជាក់ថា សម្រាប់ឆ្នាំ២០១៩នេះជាខួបលើកទី៦៦ នៃទំនាក់ទំនងការទូតរវាង​ប្រទេសទាំងពីរកម្ពុជា-ជប៉ុន ហើយបច្ចុប្បន្នជប៉ុនមិនត្រឹមតែមានស្ថានទូតនៅរាជធានី​ភ្នំពេញប៉ុណ្ណោះទេ តែក៏មានស្ថានកុងសុលនៅខេត្តសៀមរាបផងដែរ។ កាលពីឆ្នាំ២០១៨​កន្លងទៅនេះ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៦.២លាននាក់ ក្នុងកំណើន ១០.៧​ភាគរយ ក្នុងនោះទេសចរជប៉ុនមានចំនួនជាង២១ម៉ឺននាក់ ក្នុងកំណើន ៣.៥ភាគរយ។ គិតក្នុងរយៈពេល២ខែ ដើមឆ្នាំ២០១៩នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ១.២លាន​នាក់ ក្នុងនោះទេសចរជប៉ុន ជិត៤ម៉ឺននាក់ ក្នុងកំណើន ៣.១ភាគរយ។ ជាមួយគ្នានេះ ទេសចរ​ជប៉ុនតែងស្ថិតក្នុងចំណោម ប្រភពទីផ្សារទេសចរណ៍ធំៗទាំង១០ របស់កម្ពុជា។ ក្នុងឆ្នាំ២០១៩ នេះ កម្ពុជារំពឹងថានឹងទទួលបានទេសចរជប៉ុនប្រមាណជាង ២៣ម៉ឺននាក់ផងដែរ។

ក្នុងពិធីបើកនៃមហោស្រពនេះ ក៏មានការចូលរួមពីសំណាក់ឯកឧត្តម Kenji YAMADA អនុរដ្ឋមន្ត្រីនៃក្រសួងការបរទេសជប៉ុន ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា, លោក Masahiro Imamura ប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ឯកឧត្ដម អ៊ុង រចនា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ឯកឧត្តម Fumiaki TAKAHASHI អតីតឯកអគ្គរាជ​ទូត​ជប៉ុនប្រចាំកម្ពុជា ឯកឧត្តម Yuji Kumamaru អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា តំណាង​អង្គទូតនៃបណ្តាប្រទេសសមាជិកអាស៊ាន ប្រជាពលរដ្ឋ សិស្សនិស្សិតខ្មែរ និងភ្ញៀវ​មិត្តជប៉ុនយ៉ាងច្រើនកុះករផងដែរ៕

ដោយ ប៊ុន រិទ្ធ