អាជ្ញាធរជាតិអប្សរា៖ អ្នកស្រុក៨៥គ្រួសារ ត្រូវបានអនុញ្ញាតឱ្យជួសជុលកែលម្អលំនៅឋាន​របស់ខ្លួន

AKP សៀមរាប​ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ — មន្រ្ដីជាន់ខ្ពស់នៃអាជ្ញាធរជាតិអប្សរាបានលើកឡើងថា អ្នកស្រុកចំនួន៨៥គ្រួសារ​ដែល​កំពុងរស់នៅក្នុង តំបន់​​អង្គរ ដែលជាតំបន់អភិរក្សដែលត្រូវបានហាមឃាត់នូវរាល់ការ​សាង​សង់​​និងការជួសជុល​កែលម្អនានាដោយពុំបានសុំច្បាប់ជាមុននោះ បច្ចុប្ប​ន្ននេះ ត្រូវបានអាជ្ញា​ធរជាតិអប្សរា ផ្តល់​ការអនុញ្ញាតឱ្យជួសជុលកែលម្អលំនៅឋានរបស់ខ្លួនហើយ បន្ទាប់ពីពួកគេ​បានដាក់​ពាក្យស្នើ​សុំ និងឆ្លងកាត់ការត្រួតពិនិត្យជាក់ស្តែងពីសំណាក់អាជ្ញាធរ។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន កម្ពុជា AKP ឱ្យដឹងកាលពីថ្ងៃទី០៣ខែឧសភាឆ្នាំ២០១៩នេះថា នេះជាតួរលេខដែល​អាជ្ញាធរ​ជាតិ​អប្សរាបានផ្តល់ការអនុញ្ញាតជួសជុលកែលម្អលំនៅឋាន ដល់អ្នកស្រុកសម្រាប់ខែ​មេសា​ឆ្នាំ២០១៩នេះ។ លោកបានបន្ដថា សម្រាប់ប្រភេទនៃការជួសជុលកែលម្អនោះរួមមាន ការ​ជួសជុល ឬប្តូរដំបូល ជួសជុលជញ្ជាំង ប្តូរសសរ ប្តូរជណ្តើរ តសំយ៉ាប តឥដ្ឋក្រោមផ្ទះ សាងសង់បង្គន់អនាម័យ ទ្រុងមាន់ ចាក់ដី ក្រោលគោ ទ្រុងជ្រូក ។ល។ និងតម្រូវការផ្សេងៗ ទៀតដែលចាំបាច់ក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ក្នុងចំណោមប្រជាពលរដ្ឋ៨៥គ្រួសារដែលទទួលបានការអនុញ្ញាតនោះ រួមមាននៅក្នុងស្រុកប្រាសាទបាគង ចំនួន៦គ្រួសារ ស្រុកអង្គរធំចំនួន៥គ្រួសារ ស្រុកពួកចំនួន​៧គ្រួសារ ក្រុងសៀមរាបចំនួន ៥២គ្រួសារ និងស្រុកបន្ទាយស្រី ចំនួន១៥គ្រួសារ៕

ដោយ ហង្ស សៀក