ព្រៃឈើជិត១០០០ហិកតា ក្នុងខេត្តសៀមរាប ត្រូវបានភ្លើងព្រៃឆាបឆេះបំផ្លាញក្នុងដូវប្រាំងឆ្នាំនេះ

AKP សៀមរាប ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ — ព្រៃឈើប្រមាណជាង៧០០ហិកតា នៅក្នុងខេត្តសៀមរាប ត្រូវបានភ្លើងព្រៃឆាបឆេះ នៅក្នុងរដូវប្រាំង ឆ្នាំ២០១៩នេះ។ កត្តាចម្បងដែលនាំឱ្យមានភ្លើងឆេះព្រៃនេះត្រូវបានមន្ត្រី ជំនាញអះអាងថា បណ្តាលមកពីការកាប់ដុតរានព្រៃ ការតាំងទីលំនៅការដុតព្រៃដើម្បី ចាប់សត្វ និងការធ្វេសប្រហែសរបស់មនុស្ស។

នៅក្នុងកិច្ចប្រជុំស្ដីពី វិធានការការពារ និងទប់ស្កាត់បញ្ហាភ្លើងឆេះព្រៃក្នុងភូមិសាស្រ្ត ខេត្តសៀមរាបនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩នេះ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឱ្យដឹងថា រដូវប្រាំងឆ្នាំនេះ ព្រៃឈើប្រមាណ ៧៥០ហិកតា ក្នុងភូមិសាស្ត្រខេត្តសៀមរាប ត្រូវបានភ្លើងព្រៃឆាបឆេះ ហើយកត្តាចម្បងដែល បង្កឱ្យមានភ្លើងឆេះព្រៃញឹកញាប់ មានជាអាទិ៍ៈ ការកាប់ឆ្ការដុតរានព្រៃ ដើម្បីដាំដំណាំ កសិកម្មផ្សេងៗ ការធ្វើកសិកម្មពនេចរ ការតាំងទីលំនៅឋានថ្មី ការដុតព្រៃដើម្បីចាប់សត្វ ការបន្សល់ដើម្បីភ្លើងនៅក្នុងព្រៃតាមរយៈការធ្វេសប្រហែសរបស់មនុស្ស។ល។

លោក ទា គឹមសុទ្ធ បានបន្ថែមថា អាជ្ញាធរ និងកម្លាំងប្រដាប់អាវុធកំពុងមានវិធាន ការណ៍ចាប់ជនខិលខូចមួយចំនួនដែលកាប់ទន្ទ្រាន ដុត និងរុករានដីព្រៃយកធ្វើជាកម្ម សិទ្ធិឯកជន ដោយចេតនាអាចប្រឈមមានទោសជាប់ពន្ធនាគារ ពី០៥ទៅ១០ឆ្នាំ។ លោកបន្ថែមទៀតថា ស្រុកដែលមានភ្លើងឆេះព្រៃច្រើនជាងគេក្នុងឆ្នាំនេះ គឺស្រុកពួក និងស្រុកក្រឡាញ់។ ពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ភ្លើងឆេះ ព្រៃនេះ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកម្លាំងប្រដាប់ អាវុធក្នុងខេត្តសៀមរាប ប្រើប្រាស់វិធានការទប់ស្កាត់បញ្ហាភ្លើងឆេះព្រៃឱ្យបានទាន់ពេលវេលា នឹងមានវិធានការច្បាស់លាស់ ចាប់ជនដែលប្រព្រឹត្តល្មើសយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។

លោកអភិបាលរងខេត្ត ក៏បានជំរុញឱ្យអាជ្ញាធរក្រុង-ស្រុកទាំងអស់ក្នុងខេត្តសៀមរាប សហការណ៍ជាមួយមន្ទីរកសិកម្ម និងមន្ទីរបរិស្ថាន ដាំដើមឈើជំនួសមកវិញ នៅកន្លែងដែល ភ្លើងព្រៃបានឆាបឆេះនាពេលថ្មីៗនេះ ឬពីមុនមក និងបន្តផ្សព្វផ្សាយឱ្យបានច្រើន ពីច្បាប់ព្រៃឈើ ដើម្បីឱ្យប្រជាពលរដ្ឋបានដឹង និងចូលរួមការពារ ទប់ស្កាត់បញ្ហាភ្លើងឆេះព្រៃ។

លោក ង៉ាន់ ភិរុណ បានឱ្យដឹងទៀតថា រដ្ឋបាលខេត្តសៀមរាប និងបង្កើតគណៈកម្មា រួមទាំងក្រុមមេធាវីដោះស្រាយបញ្ហាបណ្តឹង និងជាដើមបណ្តឹងប្តឹងទៅជនប្រព្រឹត្តល្មើស បទល្មើសបំផ្លាញធនធានធម្មជាតិ នាពេលខាងមុខ ហើយក៏មិនអត់ឱន ចំពោះមន្ត្រីខិលខូចផ្សំ គំនិតជាមួយជនល្មើសដែលបំផ្លាញធនធានធម្មជាតិផងដែរ៕

ដោយ ឃុត សៅ