សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលជួបសវនាការនិងទទួលអំណោយជាថវិកាពីសប្បុរសជន ដើម្បីអបអរសាទរទិវា ៨ឧសភា ឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ — កាលពីថ្ងៃព្រហស្បតិ៍​ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០២​ ខែឧសភា ឆ្នាំ២០១៩ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានជួបសវនាការជាមួយសប្បុរសជន និងទទួលអំណោយជាថវិកាសរុបប្រមាណ ៣៥០.០០០ដុល្លារ (សាមសិបប្រាំម៉ឺនដុល្លារ អាម៉េរិក) ដើម្បីអបអរសាទរខួបទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់កាកបាទក្រហមកម្ពុជា»។ប្រភពពីកាកបាទក្រហមកម្ពុជាបានឱ្យដឹងថា ថវិកាដែលទទួលបានពីសប្បុរសជន នានារួមមាន៖ ១.ថវិកាចំនួន ១.០០០.០០០.០០០រៀល (មួយពាន់លានរៀល) ពីក្រុមហ៊ុន កម្ពុជាតេលា​ TELA CA​MBODIA CO.,LTD ដែលដឹកនាំដោយលោកឧកញ៉ា​ ឈុន​ អូន​ ប្រធានប្រតិភូ​ និងជាអគ្គនាយកក្រុមហ៊ុនកម្ពុជាតេលា។ ២. ថវិកាចំនួន ៥០.០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាម៉េរិក)​ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មក្រៅប្រទេសរបស់តែវ៉ាន់​ (TAITRA) ដែលដឹកនាំ ដោយលោក​ លូ​ គឺ ហ្ស៊ីង​ (Lo Kuei Hsing) ប្រធានប្រតិភូ​ និងជា សមាជិកក្រុមប្រឹក្សាភិបាលប្រចាំខេត្ត​ Maoli​។ ៣. ថវិកាចំនួន ៥០.០០០ដុល្លារ (ប្រាំម៉ឺន ដុល្លារអាម៉េរិក) ពីក្រុមហ៊ុន​ស៊ីន​ នីវ​ អ៊ិន​ វេស​ មេន​ (Hsin Niu Investment CO.,LTD) ដែលដឹកនាំដោយ​លោក​ ភីធឺ​ វ៉ាង​ (Peter Wang) ប្រធានប្រតិភូ​ និងជាអគ្គនាយកក្រុមហ៊ុន។
ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះទឹកចិត្តមនុស្សធម៌ ប្រកបដោយសទ្ធាជ្រះថ្លារបស់សប្បុរសជនទាំងអស់ ដែលតែងតែជឿជាក់ និងជួយឧបត្ថម្ភ គាំទ្រដល់កាកបាទក្រហមកម្ពុជា ដើម្បីសមាគមជាតិមួយនេះមានធនធានហិរញ្ញវត្ថុសម្រាប់ ធ្វើប្រតិបត្តិការមនុស្សធម៌ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនឹងនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងអំពាវនាវដល់សប្បុរសជនជាតិ-អន្តរជាតិដទៃទៀត អញ្ជើញចូលរួមឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវា ៨ ឧសភា ខាងមុខនេះ ដែលនឹងប្រារព្ធធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកាកបាទក្រហមកម្ពុជា អាចសម្រេច ជោគជ័យបេសកកម្មមនុស្សធម៌ក្នុងការបន្តជួយដល់ចាស់ជរាគ្មានទីពឹងកុមារ កំព្រា ជនពិការ ស្ត្រីមេម៉ាយ អ្នកជំងឺរ៉ាំរ៉ៃ និងគ្រួសាររងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។

ជាមួយគ្នានេះ សប្បុរជនទាំងអស់ បានសម្តែងនូវការអរគុណចំពោះសម្តេច កិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូចូលជួបសម្តែងការគួរសម និងនាំយកអំណោយមកចូលរួមចំណែកសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋដែលត្រូវការឱ្យជួយជាចាំបាច់បំផុត។

គួររម្លឹកថា កាលពីថ្ងៃពុធ ១២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ ទី០១ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា បានជួបសវនាការផងដែរជាមួយសប្បុរសជន និងទទួលអំណោយជាថវិកា សរុបចំនួន ២.៦៦០.០០០ដុល្លារ (ពីរលានហុកសិបប្រាំមួយម៉ឺនដុល្លារអាម៉េរិក) ថវិកាដែល បានទទួលរួមមាន៖ ១. ថវិកាចំនួន ២.៤១០.០០០ដុល្លារ (ពីរលានសែសិបមួយម៉ឺនដុល្លារ អាម៉េរិក) ពីសប្បុរសជន/ក្រុមហ៊ុននានា ដែលដឹកនាំដោយ អ្នកឧកញ៉ា ហ៊ុន តូ អគ្គនាយក ក្រុមហ៊ុន អិល អិល អាស៊ាន អ៊ិនវេសមេន។ ២. ថវិកាចំនួន ១០០.០០០ដុល្លារ (ដប់ម៉ឺនដុល្លារ អាម៉េរិក) ពីក្រុមហ៊ុន ដុងអេ អេសធី (ភេសជ្ជៈបាកាស់) DONG-A ST (BACCHUS) ដែលដឹក នាំដោយ លោក លី ដុងហ៊ូន Lee Dong Hoon អគ្គនាយករងក្រុមហ៊ុន ដុងអេអេសធី និង៣. ថវិកាចំនួន ១៥០.០០០ដុល្លារ (ដប់ប្រាំម៉ឺនដុល្លារអាម៉េរិក) ពីក្រុមហ៊ុន អកស៍ឡី វើលដ៍ប្រ៊ីជ ខេមបូឌា OXLEY WORLDBRIDGE (CAMBODIA) CO,.LTD ដែលដឹកនាំដោយ ឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល៕

ដោយ សាយ សុន (រូបថត៖ កាកបាទក្រហមកម្ពុជា)