សម្តេចប្រធានរដ្ឋសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អតីតប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

AKP ភ្នំពេញ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ — គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩នេះ បានអញ្ជើ​ញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឡេ ឌឹកអាញ់ អតីតប្រធានរដ្ឋនៃសាធារណរដ្ឋសង្គ​ម​និយមវៀតណាម នៅស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។ ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់សម្តេចអគ្គមហា ពញាចក្រី ហេង សំរិន សូមសម្តែងនូវសមានទុក្ខដ៏សែនក្រៀមក្រំបំផុត ជាមួយបក្សរដ្ឋ និងប្រជាជនវៀតណាម ព្រមទាំងក្រុមគ្រួសារចំពោះមរណភាពឯកឧត្តម ឡេ ឌឹកអាញ់ អតីតប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ដែលជាការបាត់បង់ថ្នាក់ដឹកនាំដ៏ឆ្នើមរបស់ប្រជាជនវៀតណាម។

ឯកឧត្តម ឡេ ឌឹកអាញ់ គឺជាមិត្តដ៏ចិត្តស្និទ្ធរបស់កម្ពុជា ដែលបានរួមចំណែកដ៏ធំធេងជួយរំដោះ ប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ជួយស្តារនិងកសាងអភិវឌ្ឍន៍ ប្រទេសកម្ពុជាឡើងវិញ។ សម្តេចសូមឧទ្ទិសជូនវិញ្ញាណក្ខន្ធឯកឧត្តម ឡេ ឌឹកអាញ់ បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ប៉ាល់ សុង