ឯកឧត្តម ងួន រតនៈ អញ្ជើញបើកការដ្ឋានជួសជុលផ្លូវ១ខ្សែ នៅស្រុកកំរៀង

AKP បាត់ដំបង ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ -នៅថ្ងៃព្រស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធី បើកការដ្ឋានជួសជុលផ្លូវក្រាលល្បាយថ្មភ្នំ ១ខ្សែប្រវែង ១៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីទីប្រឹក្សារាជរដ្ឋាភិបាល អភិបាលរងខេត្ត ប្រធានមន្ទីរ ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុស្ស យ៉ាងច្រើនកុះករ ។

ផ្លូវ១ខ្សែនេះជាគម្រោង របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក្រោមជំនួយរបស់ប្រទេសអាល្លឺម៉ង់ ដែលឆ្លងកាត់ភូមិចំនួន៥ ក្នុងឃុំត្រាង ស្រុកកំរៀងខត្តបាត់ដំបង ។ បន្ទាប់ពីបញ្ចប់ពិធីបើកការដ្ឋានរួចមក ឯកឧត្តម អភិបាលខេត្ត ព្រមទាំងអ្នករួមដំណើរ បានអញ្ជើញប្រគល់ផ្ទះថ្មី១ខ្នង និង ផ្ទះកំពុងសាងសង់ថ្មី១ខ្នងទៀត ជូនដល់ប្រជាពលរដ្ឋ២គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ព្រមទាំងបានចែកអំណោយមួយចំនួនដល់២គ្រួសារនេះផងដែរ ដែលគ្រួសារទី១ ទទួលបានអង្ករ ១ការុង មី២កេស ទឹកបរិសុទ្ធ១កេស និង ថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្តម ចំនួន ៣០០ដុល្លារអាម៉េរិក សម្រាប់ទិញស័ង្កសីប្រក់ដំបូល ។

នៅក្នុងឱ្យកាសនោះដែរក៏មានការចូលរួមផ្ដល់អំណោយបន្ថែមពីក្រុមចលនាយុវជន ១៥៧ ខេត្តបាត់ដំបង រួមមាន អង្ករ ទឹកសៀវអ៊ីវ ទឹកត្រី ត្រីខ និង ថវិកាចំនួន ២០០,០០០រៀល សម្រាប់ផ្តល់ឱ្យគ្រួសារទាំង២នេះផងដែរ ៕

ដោយ ណយ នឿន(ប្រភព រដ្ឋបាលខេត្តបាត់ដំបង)